ព័ត៌មានជាតិ
អភិបាលរងខេត្តសៀមរាប ៖ ស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជន ក៏កំពុងក្លាយជាក្រុមងាយទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយ
លោក សុខ ថុល អភិបាលរងខេត្តសៀមរាប លើកឡើងថា ស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជន ក៏កំពុងក្លាយជាក្រុមដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយផងដែរ។

ការលើកឡើងនេះ ក្នុងឱកាស លោក សុខ ថុល ថ្លែងបើកយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្រុងសៀមរាប កាលពីព្រឹកថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ ម្សិលមិញ។

នាឱកាសនោះ លោក សុខ ថុល បានលើកឡើងថា «ព័ត៌មានក្លែងក្លាយ បានក្លាយជាបញ្ហាប្រឈមមួយនៅលើបណ្ដាញសង្គម ដោយជនខិលខូចធ្វើសកម្មភាពញុះញង់ លាបពណ៌លើរាជរដ្ឋាភិបាល មានចេតនាទាញយកផលប្រយោជន៍នយោបាយ សកម្មភាពទុច្ចរិត និងអាជីវកម្មជាដើម ខណៈស្របពេលប្រព័ន្ធផ្សព្វផ្សាយឌីជីថលកាន់តែរីកចម្រើន យុវជនក៏កំពុងក្លាយជាក្រុមដែលងាយនឹងទទួលឥទ្ធិពលពីព័ត៌មានក្លែងក្លាយនេះ»។

លោកបន្តថា បច្ចុប្បន្ន ពិភពលោក កំពុងប្រឈមបញ្ហាភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ទន្ទឹមនឹងត្រូវប្រឈមមុខចំពោះការបញ្ចេញព័ត៌មានក្លែងក្លាយ ដែលនាំឲ្យប៉ះពាល់ដល់កិច្ចប្រឹងប្រែងការពារសន្តិភាព និងស្ថិរភាពពិភពលោក។ ស្របពេលជាមួយគ្នានេះ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមប្រព័ន្ធឌីជីថលថ្មី បានបង្កឲ្យមានអំពើហិង្សា ការស្អប់ខ្ពើម ការរើសអើង និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់នយោបាយ និងសង្គម។ ពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) ត្រូវបានគេយកទៅប្រើប្រាស់ ដើម្បីបង្កើតព័ត៌មានដែលមានចរិតបំភាន់ និងបំពុលសង្គម ព្រមទាំងងាយបោកប្រាស់ប្រជាពលរដ្ឋ។

លោក យឿន ចាន់ អនុប្រធានទទួលបន្ទុករួមមន្ទីរព័ត៌មានខេត្តសៀមរាប លើកឡើងដែរថា ការចាប់ផ្ដើមបើកយុទ្ធនាការទ្រង់ទ្រាយធំ នាពេលនេះ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងកាត់បន្ថយ និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ពីលំហព័ត៌មានក្នុងសង្គមកម្ពុជា សំដៅធានាសន្តិសុខព័ត៌មានជូនសាធារណជន។ យុទ្ធនាការនៅខេត្ត”សៀមរាបនេះ គឺជាគោលដៅទី ៦ នៃការអនុវត្តយុទ្ធនាការទូទាំងប្រទេស ក្រោមទិសស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយក្រសួងព័ត៌មាន។

លោក យឿន ចាន់ បន្តថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងព័ត៌មាន បានដាក់ចុះនូវយន្តការ និងវិធានការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដោយប្រើប្រាស់យុទ្ធសាស្ត្រ “៣ ប” គឺ “បញ្ជ្រាប បន្សាប និងបង្ក្រាប”។ ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិត គឺជានិន្នាការសកលដែលតម្រូវឲ្យមានការបង្កើតយន្តការដោះស្រាយ និងការចូលរួមពីគ្រប់ភាគី រួមទាំងបច្ចេកទេស បច្ចេកវិទ្យា និងការចូលរួមពីប្រជាពលរដ្ឋ ដើម្បីទប់ស្កាត់ឲ្យមានប្រសិទ្ធភាព។

លោកបន្តទៀតថា នៅក្នុងឆ្នាំ ២០២៤ កន្លងទៅ ក្រុមការងារ នៃគណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយរបស់ក្រសួងព័ត៌មាន បានកត់ត្រា និងទប់ស្កាត់ព័ត៌មានក្លែងក្លាយសរុបចំនួន ៣ ៦៥១ ករណី ដែលជាចំនួនកើនឡើងប្រមាណ ១៤ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣ មានចំនួន ៣ ២០៨ ករណី។ សម្រាប់គោលដៅចុងក្រោយ នៃយុទ្ធនាការនេះ គឺកាត់បន្ថយព័ត៌មានក្លែងក្លាយឲ្យមកនៅកម្រិតអប្បបរមា សំដៅធានាឲ្យប្រជាពលរដ្ឋទទួលបានព័ត៌មានប្រកបដោយគុណភាព និងសុវត្ថិភាព៕
អត្ថបទ ៖ គឿន វេត


-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


