Connect with us

សន្តិសុខសង្គម

ក្រោយចុះពិនិត្យផ្ទាល់ កូរ៉េ យល់ច្បាស់ថា មិនមានការបង្ខាំង ជនជាតិកូរ៉េនៅកម្ពុជាទេ គឺពួកគេធ្វើសកម្មភាពល្មើសខ្លួនឯង

បានផុស

នៅ

គណៈប្រតិភូពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ លោក KIM SEOK-KI តំណាងរាស្ត្រខាងបក្សប្រឆាំង រួមនឹងតំណាងរាស្ត្រគណបក្សដឹកនាំ រដ្ឋាភិបាល នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានរួមដំណើរជាមួយ កម្លាំងសមត្ថកិច្ចកម្ពុជា ដើម្បីចុះត្រួតពិនិត្យទីតាំងសង្ស័យមានលបលួច ប្រព្រឹត្តបទល្មើស Online Scam ស្ថិតនៅអគារសេះស ផ្លូវបេតុង ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រោយចុះពិនិត្យដល់ទីតាំងផ្ទាល់ ក្រុមតំណាងរាស្ត្រកូរ៉េបានយល់ច្បាស់ថា មិនមានការបង្ខាំង ឬបង្ខិតបង្ខំជនជាតិកូរ៉េនៅកម្ពុជាទេ ពោល គឺពួកគេបាន ធ្វើសកម្មភាពល្មើសខ្លួនឯងផ្ទាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះត្រួតពិនិត្យនេះ បានប្រព្រឹត្តទៅបន្ទាប់ពីប្រតិបត្តិការបង្រ្កាបដោយសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនបរទេសចំនួន៨៦នាក់ ក្នុងនោះស្ត្រីចំនួន ៥នាក់ រាប់បញ្ចូលជនជាតិកូរ៉េ ចំនួន ៥៧នាក់ (ស្រី្ត០២នាក់) និងជនជាតិ ចិន ចំនួន ២៩នាក់ (ស្រី្ត ០៣នាក់)។ ក្នុងប្រតិបត្តិការនោះ សម្ភារៈវត្ថុតាងដែលកំលាំងសមត្ថកិច្ចបានដកហូតរួមមាន កុំព្យូទ័រចំនួន ១២៦ គ្រឿង និងទូរសព្ទដៃ ចំនួន ៣០ គ្រឿង។ ក្នុងការចុះពិនិត្យរួមគ្នានោះដែរ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបង្ហាញ ជូនគណៈប្រតិភូនូវរាល់ភស្តុតាងនានាពាក់ព័ន្ធនឹងការឆបោកអនឡាញ, ការអនុវត្តប្រតិបត្តិការចុះបង្រ្កាបរបស់កំលាំងសមត្ថកិច្ចចម្រុះកម្ពុជា, លទ្ធផលនៃការធ្វើកោសល្យវិច័យលើឧបករណ៍បច្ចេកទេស និងទីតាំងនៃប្រព្រឹត្តបទល្មើសជាក់ស្តែង។ ក្រោយបានទទួលព័ត៌មាន និងពិនិត្យឃើញដោយផ្ទាល់ដូច្នេះ គណៈប្រតិភូតំណាងរាស្ត្រកូរ៉េ បានយល់ច្បាស់ថា ជនជាតិកូរ៉េទាំងនេះមិនត្រូវបានអ្នកណាបង្ខាំង បង្ខិតបង្ខំទេ គឺពួកគេបានធ្វើសកម្មភាពល្មើសខ្លួនឯង។

ជាមួយគ្នានេះ តំណាងគណៈប្រតិភូប្រទេសកូរ៉េ ក៏បានស្នើសុំដល់ភាគីកម្ពុជា ឱ្យបន្តប្រតិបត្តិការបង្ក្រាបឧក្រិដ្ឋជន និងផ្តល់កិច្ចអន្តរាគមន៍ជួយសង្គ្រោះ ជនជាតិកូរ៉េ ដែលជាអ្នករងគ្រោះដោយការចាញ់បោកមេខ្លោង នៃឧក្រិដ្ឋកម្មឆបោកអនឡាញនេះផងដែរ។ លោកKIM, SEOK-KI តំណាងរាស្ត្រ នៃសាធារណរដ្ឋកូរ៉េ ក៏បានបញ្ជាក់ថាផងដែរថា នៅពេលដែលត្រឡប់ទៅប្រទេសវិញ លោក នឹងយកលទ្ធផលខាងលើនេះ ទៅផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ ដើម្បីកុំឱ្យមានការយល់ច្រឡំមកលើ កម្ពុជាជុំវិញបញ្ហា Online scam នេះ ហើយ ក៏បានសន្យាបន្តកិច្ចសហប្រតិបត្តិការល្អជាមួយភាគីកម្ពុជាផងដែរក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម