Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យធាក់ប្លន់ម៉ូតូ ០៥នាក់ បញ្ជូនទៅតុលាការ

បានផុស

នៅ

កម្លាំងនរគបាលខណ្ឌសែនសុខ សហការជាមួយនគរបាលស្រុកអង្គស្នួល បើកការស្រាវជ្រាវរហូត ឈានដល់ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ក្នុងចំណោមបក្សពួកប្រមាណ ១០ នាក់ ដែលធើ្វសកម្មភាពធាក់ប្លន់យកម៉ូតូនិងទូរស័ព្ទ ពីជនរងគ្រោះបានសម្រេច បញ្ជូនទៅតុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយអនុវត្តតាមបទបញ្ជាផ្ទាល់របស់ លោកឧត្តមសេនីយ៍ ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជារពី លោកស្នងការរង ប៊ុន សត្យា ទទួលផែនការងារព្រហ្មទណ្ឌរាជធានីភ្នំពេញ ដឹកនាំដោយលោកវរៈសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ សហការជាមួយនគរបាលស្រុកអង្គស្នួល ស្រាវជ្រាវឃាត់ខ្លួន០៥នាក់ ក្នុងចំណោមបក្សពួកប្រមាណ ១០ នាក់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចក្នុងផ្ទះគ្មានលេខ ផ្លូវលំ ភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយដកហូតបានម៉ូតូរបស់ជនរងគ្រោះត្រឡប់មកវិញ។

គួររំលឹកផងដែលថា កាលពីវេលាម៉ោងប្រហែល ០២ និង៣០នាទីយប់រំលងអាធ្រាត្រ  ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចមហាវិថីឈ្នះឈ្នៈ ក្នុងភូមិត្រពាំងរាំងចាស់ សង្កាត់ឈ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីលួចមានស្ថានទម្ងន់ទោស វាយ និងគំរាមប្លន់យកទូរស័ព្ទដៃ២គ្រឿង  និងធាក់ប្លន់យកម៉ូតូ ០១គ្រឿង ម៉ាកនិចបានសម្រេច។ នៅក្នុងហេតុការណ៍នោះបណ្ដាលឲ្យជនរងគ្រោះ ដួលម៉ូតូបោកទៅលើផ្លូវ របួសដាច់រលាត់ដៃជើង ហើយក្រុមជនសង្ស័យគេចខ្លួនបាត់អស់ ។ បន្ទាប់ពីកើតហេតុរួច ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈ្មួញ ឲ្យសមត្ថកិច្ច ស្រាវជ្រាវ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវតាម ប្រព័ន្ធជីភីអេស(GPS)ដែល ភ្ជាប់លើម៉ូតូម៉ាកនិច ដែលត្រូវក្រុមជនសង្ស័យ ធាក់ប្លនទៅ ហើយឈានទៅសហការជាមួយនគរបាលស្រុកអង្គស្នួល និងដោយបានការអនុញាតិពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏ឈានទៅឆែកឆេលំនៅឋាននិងឃាត់ខ្លួនបានជនសង្ស័យចំនួន ៥នាក់ ព្រមទាំងដូររហូតបានម៉ូតូ ០៣គ្រឿង ក្នុងនោះ ម៉ាកនិច ពណ៌ខៀវ ស៊េរី២០២៥ ស្លាកលេខ ភ្នំពេញ1LB-4211 ជារបស់ជនជនរងគ្រោះ, និងម៉ាកស្តុបពី ពណ៌ខ្មៅ ស៊េរី២០២៥ ស្លាកលេខកណ្តាល 1AV-9409 និងម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី២០២០ ស្លាកលេខភ្នំពេញ 1IK-7778 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព។

ជនសង្ស័យទាំង៥នាក់ បានសារភាពថា ពួកគេបានធ្វើសកម្មភាព គំរាមប្លន់យកទូរស័ព្ទចំនួន ២គ្រឿងនិង ម៉ូតូមួយគ្រឿង ពិតប្រាកដមែន ចំណែកបក្សពួកនៅសេសសល់សមត្ថកិច្ចកំពុងបើកការ ស្រាវជ្រាវបន្តយកអនុវត្តតាមនីតិវិធី។ បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅការតុលាការ បន្តចាត់ការតាមនីតិវិធី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម