Connect with us

សន្តិសុខសង្គម

អគ្គស្នងការនគរបាលជាតិ ពង្រឹងការងារក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន

បានផុស

នៅ

ក្នុងពិធីបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី៥៨ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន លើកឡើងថា អគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន ដែលជាសេនាធិការផ្ទាល់ លើការងារគ្រប់គ្រងសន្ដិសុខឯកជន បានរៀបចំក្រុមការងារដើម្បីចុះ ធ្វើបច្ចុប្បន្នភាព និងត្រួតពិនិត្យប្រព័ន្ធសន្ដិសុខ សុវត្ថិភាព តាមបណ្ដាក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន ដែលប្រើប្រាស់សន្ដិសុខឯកជននៅទូទាំងប្រទេស។ នេះបើតាមការផ្ដល់ព័ត៌មានពី អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងន័យនេះ ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានស្នើដល់បណ្តាក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន មេត្តាផ្តល់កិច្ចសហការល្អ ជាមួយក្រុមការងារជំនាញ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ ដើម្បីជួយពង្រឹងការងារសន្តិសុខឯកជន និងការរៀបចំប្រព័ន្ធសន្តិសុខ សុវត្ថិភាពនៅតាមបណ្តាទីតាំង និងគោលដៅរបស់ក្រុមហ៊ុន និងសហគ្រាសគ្រឹះស្ថានឱ្យមានសន្តិសុខ សុវត្ថិភាពពេញលេញ។

ប្រធាននាយកដ្ឋាន បានគូសបញ្ជាក់ថា វិស័យសន្តិសុខឯកជននេះ បានចូលរួមចំណែកក្នុងការថែរក្សា សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ដើម្បីឱ្យវិស័យសន្តិសុខឯកជន មានភាពរីកចម្រើន និងប្រកបដោយគុណភាព អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តែងតែមានការយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រជានិច្ចក្នុងគោលបំណងជំរុញឱ្យវិស័យសន្តិសុខឯកជន មានការរីកចម្រើន ដើម្បីចូលរួមថែរក្សា សន្តិសុខ សុវត្ថិភាព សណ្ឋាប់ធ្នាប់សាធារណៈ និងសង្គមឱ្យបានល្អប្រសើរ។

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី មានប្រសាសន៍បន្តថា ភ្នាក់ងារសន្តិសុខឯកជន ក៏បានដើរតួនាទីយ៉ាងសំខាន់ ជាកម្លាំងជំនួយដល់កងកម្លាំងមានសមត្ថកិច្ច ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសនានា និងចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ប្រកបដោយប្រសិទ្ធភាព។ ការចូលរួមអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» គឺត្រូវផ្តើមចេញពីយើងទាំងអស់គ្នា ពិសេសគឺភ្នាក់ងារសន្តិសុខឯកជន ដែលជាកម្លាំងជំនួយដល់កងកម្លាំងមានសមត្ថកិច្ច ដែលនៅឈរជើងជាប់ជាប្រចាំតាមបណ្តាគោលដៅនានា ២៤/២៤ម៉ោង។

ប្រធាននាយកដ្ឋាន ក៏បានស្នើដល់កម្លាំងភ្នាក់ងារសន្តិសុខឯកជនទាំងអស់ ត្រូវអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» នេះឱ្យមានប្រសិទ្ធភាពខ្ពស់ ពិសេសបង្ការទប់សង្កាត់បទល្មើស និងរាយការណ៍ដល់សមត្ថកិច្ចមូលដ្ឋាន ឬសមត្ថកិច្ចជំនាញ ដើម្បីបង្ការទប់ស្កាត់បង្ក្រាបបទល្មើសឱ្យទាន់ពេលវេលា ជាពិសេសបទល្មើសគ្រឿងញៀន និងបទល្មើសព្រហ្មទណ្ឌនានា ដោយតម្រូវឱ្យមានកិច្ចសហការល្អ ជាមួយសមត្ថកិច្ចមូលដ្ឋាន ត្រូវរាយការណ៍អំពីបទល្មើស និងសម្រួលដល់សមត្ថកិច្ច ក្នុងការបង្ការទប់ស្កាត់ បង្ក្រាបបទល្មើសតាមគោលដៅនីមួយៗ។

ឧត្តមសេនីយ៍ឯក លឹម សុខារស្មី បានគូសបញ្ជាក់ថា ដើម្បីមានសមត្ថភាពក្នុងការចូលរួមបង្ការបង្ក្រាប បទល្មើសតាមគោលដៅ យើងទាំងអស់គ្នាត្រូវពង្រឹងសមត្ថភាព គឺផ្តើមចេញពីការបណ្តុះបណ្តាល ឱ្យមានការយល់ដឹងជ្រៅជ្រះ ក្នុងការអនុវត្តភារកិច្ចនេះ។ នេះជាលើកទី៥៨ ដែលនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន រៀបចំបើកវគ្គបំប៉នជំនាញភ្នាក់ងារសន្តិសុខឯកជន ដល់ភ្នាក់ងារសន្តិសុខឯកជនបម្រើសេវាកម្ម និងមិនបម្រើសេវាកម្ម។

នៅក្នុងវគ្គបំប៉នជំនាញនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងលើប្រធានបទសំខាន់ៗដែលកំពុងតែជួបប្រទះ និងប្រឈមជាប្រចាំថ្ងៃក្នុងការអនុវត្តការងារដូចជា៖ តួនាទី និងការទទួលខុសត្រូវរបស់ភ្នាក់ងារសន្តិសុខឯកជន វិធីសាស្រ្តការពារគោលដៅ ច្បាប់ចរាចរណ៍ផ្លូវគោក របៀបផ្តល់ជំនួយ និងសហការជាមួយសមត្ថកិច្ច ការឈ្វេងយល់អំពីក្រមព្រហ្មទណ្ឌ និងក្រមនីតិវិធីព្រហ្មទណ្ឌ វិធានការបង្ការពន្លត់អគ្គីភ័យ និងការជម្លៀសខ្លួនចេញពីអគ្គីភ័យ និងកិច្ចសហការការពារកន្លែងកើតហេតុ ជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម