សន្តិសុខសង្គម
ឃាត់ខ្លួនមន្ត្រីយោធាស័ក្តិ៤កន្លះម្នាក់ ពាក់ព័ន្ធករណីឆបោកប្រាក់ជិត៣ម៉ឺនដុល្លាររត់ការចូលកងទ័ព
មន្ត្រីយោធាពាក់ស័ក្តិ៤កន្លះម្នាក់ត្រូវបានកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ និងបញ្ជូនទៅតុលាការ ជាប់ពាក់ព័ន្ធលើពាក្យបណ្តឹងពីបទ.ឆបោក ករណីស៊ីដាច់ប្រាក់ជិត៣ម៉ឺនដុល្លារអាមេរិក រឿងយកទៅរត់ការចូលក្របខណ្ឌកងទ័ព។

មន្ត្រីយោធាដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ សេក សេងហុង ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅផ្ទះលេខ២៤ សេ ភូមិត្រពាំងពោធិ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ការចាប់ឃាត់ខ្លួនមន្ត្រីយោធាខាងលើ សមត្តកិច្ចនគរបាលព្រហ្មទណ្ឌ បានអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ.ឆបោក ប្រព្រឹត្តនៅផ្ទះលេខ១១៩ ផ្លូវ១១១កា ភូមិក្បាលដំដី សង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ កាលពីអំឡុងខែកក្កដា ឆ្នាំ២០២១ ដែលបទល្មើសមានចែងឲ្យផ្តន្ទាទោសតាមបញ្ញតិមាត្រា ៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ដោយយល់ឃើញថា តាមដីកាបង្គាប់ឲ្យជនសង្ស័យចូលខ្លួនចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ តែជនត្រូវចោទមិនព្រមចូលខ្លួនតាមដីកាកោះហៅរបស់តុលាការទេ ដូច្នោះដើម្បីធានាដល់ការស៊ើបសួរឲ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ សេក សេងហុង មកចំពោះមុខចៅក្រមស៊ើបសួរដើម្បីបំភ្លឺការពិត។

សូមបញ្ជាក់ថា មន្ត្រីយោធាពាក់ស័ក្តិ៤កន្លះម្នាក់នេះ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលធ្វើការឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ខណៈជនសង្ស័យកំពុងធ្វើដំណើរទៅកន្លែងធ្វើការ ។
យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានឲ្យដឹងថា ឈ្មោះ សេក សេងហុង បានប្រើល្បិចកល់ទុច្ចរិតបញ្ចុះបញ្ចូល លួងលោមឲ្យក្រុមគ្រួសារជនរងគ្រោះរត់ការចូលក្របខណ្ឌកងទ័ព ដោយអួតអាងថា រូបគេមានសមត្ថភាពគ្រប់គ្រាន់ស្គាល់អ្នកមានអំណាច អាចរត់ការចូលក្របខណ្ឌកងទ័ពបាន ហើយជនសង្ស័យតម្រូវក្នុងមួយនាក់ ត្រូវចំណាយទឹកប្រាក់១៣ ០០០ ដុល្លារអាមេរិក និងអាចទទួលបានស័ក្តិ២ ហើយបើសិនជាត្រូវចំណាយអស់ទឹកប្រាក់ ១៤ ០០០ ដុល្លារ នឹងអាចទទួលបានស័ក្តិ៣ ពាក់លើស្មា ដោយជនសង្ស័យបានបញ្ចុះបញ្ចូលឲ្យក្រុមគ្រួសារជនរងគ្រោះបំពេញបែបបទ ដើម្បីសុំចូលក្រមខណ្ឌកងទ័ពផងដែរ។ ដោយចាញ់បោកការលួងលោម ជនរងគ្រោះបានជឿជាក់លើឈ្មោះ សេក សេងហុង ហើយបានប្រគល់ទឹកប្រាក់សរុបចំនួន ២៧ ០០០ ដុល្លារអាមេរិក ឲ្យទៅជនសង្ស័យ ដោយជនសង្ស័យបានធានាថា នឹងយកទៅរត់ការចូលក្រមខណ្ឌកងទ័ព លើឈ្មោះ២នាក់ ម្នាក់ពាក់ស័ក្តិ២ និងម្នាក់ពាក់ស័ក្តិ៣ ។

ពាក្យបណ្តឹងរបស់ជនរងគ្រោះបញ្ជាក់ទៀតថា បើគិតមកដល់ពេលនេះគឺមានរយៈពេល៣ឆ្នាំមកហើយ ជនសង្ស័យមិនមានការឆ្លើយតបនូវអ្វីដូចដែលគេបានសន្យានោះទេ ផ្ទុយទៅវិញជនសង្ស័យតែងតែយកការដោះសារមិនឈប់នោះឡើយ ទើបជនរងគ្រោះសម្រេចដាក់ពាក្យបណ្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
អត្ថបទ៖ សុខា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


