សន្តិសុខសង្គម
ជាប់ពន្ធនាគារ ២ ដង មិនរាង គាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ ២ ផ្ទះជាប់គ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ផ្ទះប្រជាពលរដ្ឋចូលលួចទ្រព្យសម្បត្តិចំនួន ២ ផ្ទះ ជាប់គ្នា ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនយកមកសួរនាំ។

ប្រតិបត្តិការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ១ និង ០០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្លូវ ២១ ភូមិតាខ្មៅ ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ដោយអនុវត្តតាមបទបញ្ជា លោកវរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានទទួលដំណឹងពីជនរងគ្រោះកាលពីវេលាម៉ោង ៣ និង ០០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ ថាមានជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានឡើងតាមដើមឈើមុខផ្ទះរបស់ជនរងគ្រោះ ដើរលួចតាមដំបូលផ្ទះខាងមុខ រួចហើយគាស់ដំបូលផ្ទះរបស់ជនរងគ្រោះចូលលួចយកសម្ភារៈមួយចំនួន រួចគេចខ្លួនបាត់ទៅ។ បន្ទាប់មក ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីឲ្យលោកជួយស្រាវជ្រាវចាប់ជនសង្ស័យ។

រហូតមកដល់ថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ ទើបកម្លាំងនគរបាលក្រុងតាខ្មៅ បានចុះស្រាវជ្រាវរហូតឃាត់ខ្លួនឈ្មោះ រិន សម្បត្តិ ភេទប្រុស អាយុ ២៦ ឆ្នាំ ដែលជាជនសង្ស័យម្នាក់ បានចូលទៅធ្វើសកម្មភាពលួចគាស់ផ្ទះជនរងគ្រោះខាងលើ ព្រមទាំងដកហូតបានសម្ភារៈមួយចំនួនរបស់ជនរងគ្រោះបញ្ជូនមកអធិការដ្ឋាន ដើម្បីសាកសួរចាត់ការតាមនីតិវិធីតែម្ដង។

បើតាមការបញ្ជាក់ពី លោកវរសេនីយ៍ឯក យី វណ្ណដា បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ រិន សម្បត្តិ ភេទប្រុស អាយុ ២៦ ឆ្នាំ ស្នាក់នៅក្រោមស្ពានវត្តព្រែកសំរោង ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ កន្លងមកធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន ២ ដង (ករណីលួច និង គ្រឿងញៀន)។ ក្នុងនោះសមត្ថកិច្ចរកឃើញវត្ថុតាងមួយចំនួនរួមមាន ៖ នាឡិកាម៉ាក seiko ១ គ្រឿង ខ្សែស្បែកពណ៌ខ្មៅ(របស់ជនរងគ្រោះ) , នាឡិកាម៉ាកseiko ១ គ្រឿង ខ្សែដែកអ៊ីណុក(របស់ជនរងគ្រោះ) , ចិញ្ចៀនដាំត្បូងពណ៌លឿង ១ វង់(របស់ជនរងគ្រោះ)។ ដោយឡែកសម្ភារៈជនរងគ្រោះទាំង ២ ផ្ទះ ដែលបាត់បង់មានសម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួន , កាបូបស្ពាយ ៣ , ប្រាក់ចំនួន ៦០០ ដុល្លារ , ចិញ្ចៀនពេជ្រចំនួន ១ វង់ , នាឡិកាចំនួន ៤ គ្រឿង , ម៉ាស៊ីនថតចំនួន ១ គ្រឿង , កង្ហារចំនួន ១ គ្រឿង , ម៉ូទ័រស្វានចំនួន ១ គ្រឿង , អត្តសញ្ញាណប័ណ្ណ និងឯកសារមួយចំនួន។

បើតាមចម្លើយរបស់ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ជនរងគ្រោះ ២ នាក់ ខាងលើ យកទ្រព្យសម្បត្តិប្រាកដមែន។ ចំណែកឯកសារផ្សេងៗ គាត់បានយកទៅបោះចោលក្នុងទឹកទន្លេបាត់អស់ហើយ។ រីឯសម្ភារៈមួយចំនួនទៀតបានចែកឲ្យទៅមិត្តភ័ក្ដិរស់នៅក្រោមស្ពានយកទៅលក់យកលុយចាយអស់ហើយ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ ម៉េង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ