សន្តិសុខសង្គម
នគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួនក្រុមចងការប្រាក់៣នាក់ដែលតម្រូវឲ្យពលរដ្ឋយកឯកសារច្បាប់ដើមដាក់បញ្ចាំ
កម្លាំងនគរបាលស្រុកកណ្ដាលស្ទឹង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យសរុបចំនួន៣នាក់ ពាក់ព័ន្ធការចងការប្រាក់ និងតម្រូវឲ្យប្រជាពលរដ្ឋយកឯកសារច្បាប់ដើម ដូចជាសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណដាកជាទ្រព្យបញ្ជាំ ដែលផ្ទុយពីច្បាប់របស់ក្រសួងមហាផ្ទៃ។

ការឃាត់ខ្លួនក្រុមជនសង្ស័យនេះ ធ្វើឡើងក្រោយពីកម្លាំងជំនាញទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានក្រុមជនសង្ស័យ៣នាក់ បានដើរតាមភូមិធ្វើសកម្មភាពដើរចងការប្រាក់ (លុយរាប់) ដោយតម្រូវឲ្យពលរដ្ឋយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណច្បាប់ដើមមកដាក់ជាការបញ្ចាំំ នៅចំណុចភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់មានឈ្មោះ រ៉ន ឆរី ភេទស្រី អាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរមេផ្ទះ, ឈ្មោះ ង៉ យ៉ាំងធីង ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអ្នកបកប្រែ សញ្ជាតិវៀតណាម និងឈ្មោះ DO THE HIEN ភេទប្រុស អាយុ២៦ឆ្នាំ សញ្ជាតិវៀតណាម។
តាមការបំភ្លឺពីប្រជាពលរដ្ឋដែលបានខ្ចីប្រាក់បានបញ្ជាក់ថា ក្រុមជនសង្ស័យតម្រូវឲ្យពួកគាត់បង់កម្រៃជើងសារចំនួន ១០០.០០០រៀលឡើងទៅ និងបង់ត្រលប់សងតាមរយៈ QR Code របស់គណនី ABA CB ដែលមានឈ្មោះ DO THE NIEN។ ក្រុមជនសង្ស័យនេះបានធ្វើសកម្មភាពចងការប្រាក់ឲ្យប្រជាពលរដ្ឋចំនួន ១០នាក់ នៅក្នុងស្រុកកណ្ដាលស្ទឹងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានយកលុយមកចងការប្រាក់ដោយតម្រូវឲ្យប្រជាពលរដ្ឋយកឯកសារច្បាប់ដើមដូចជាសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណជាការបញ្ចាំ ទើបអាចខ្ចីបាន។ ពួកគេបានកំណត់ថា សម្រាប់ការខ្ចីប្រាក់ ១លានរៀល គឺត្រូវបង់ក្នុងរយៈពេល ៤២ថ្ងៃ ក្នុងមួយថ្ងៃត្រូវបង់ទាំងការទាំងដើមចំនួន ៣០.០០០រៀល និងបង់កម្រៃជើងសារ ១១០.០០០រៀល។
ក្នុងប្រតិបត្តិការឃាត់ខ្លួន កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមាន សៀវភៅស្នាក់នៅ ៤ច្បាប់, សៀវភៅគ្រួសារ ១ច្បាប់, អត្តសញ្ញាណប័ណ្ណ ១សន្លឹក, ឯកសារកិច្ចសន្យា ៩ច្បាប់ដែលបានសរសេររួច, ប្រដាប់កៀប ១, ប្រាក់ខ្មែរចំនួន ៤.០០០.០០០រៀល, ប្រាក់ដុល្លារចំនួន ១.៥០០ដុល្លារ, លិខិតឆ្លងដែន និងឯកសារផ្សេងៗមួយចំនួនទៀត រួមទាំងម៉ូតូ ២គ្រឿង និងទូរសព្ទ ៤គ្រឿង។
ជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕
អត្ថបទ៖ ម៉េង





-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


