Connect with us

កីឡា

ជំនួប​ El Clasico យប់មិញក្តៅខ្លាំង កីឡាករប៉ះទង្គិចគ្នា ទាំងក្នុង រហូតដល់ក្រៅទីលាន

បានផុស

នៅ

ការប្រកួតបាល់ទាត់ដ៏ធំប្រចាំលីគកំពូល អេស្ប៉ាញ (La Liga) រវាង Real Madrid និង Barcelona ត្រូវបានគេប្រសិទ្ធនាម (El Clasico) បានបញ្ចប់ការប្រកួតទៅហើយ ប៉ុន្តែស្ថានភាពនៅតែបន្តក្តៅរហូតមកដល់ពេលនេះ។

ទិដ្ឋភាពប៉ះទង្គិចគ្នារវាង Lamine Yamal និង Carvajal
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃ អាទិត្យ ទី ២៦ ខែ តុលា ឆ្នាំ ២០២៥ ក្រុមអធិរាជស Real Madrid ទទួលបាន ៣ ពិន្ទុយ៉ាងសំខាន់ សម្រាប់ការប្រកួតសប្តាហ៍ទី ១០ ក្របខណ្ឌ La Liga បន្ទាប់ពីយកឈ្នះលើក្រុម Barcelona ក្នុងលទ្ធផល ២-១។ ក្នុងនោះ ២ គ្រាប់របស់ Real Madrid គឺរកបានដោយ Kylian Mbappe នៅនាទីទី ២២ និង Jude Bellingham នៅនាទីទី ៤៣។ ចំណែក ១ គ្រាប់របស់ Barcelona រកបានដោយកីឡាករ Fermin Lopez នៅនាទីទី ៣៨។

ទិដ្ឋភាពប៉ះទង្គិចគ្នារវាង Lamine Yamal និង Vinicius

ការប្រកួតពិតជាក្តៅគគុកមែនទែន ដោយកីឡាករបានប៉ះទង្គិចគ្នាជាបន្តបន្ទាប់ តាំងពីអំឡុងពេលប្រកួត រហូតដល់ចប់ការប្រកួត។ ទិដ្ឋភាព ដែលត្រូវបានគេចាប់អារម្មណ៍ជាងគេ គឺ ការប៉ះទង្គិចពាក្យសម្តីគ្នារវាង Lamine Yamal ជាមួយនឹងកីឡាករ Real Madrid មួយចំនួនរួមមាន Dani Carvajal និង Vinicius Jr. ជាដើម។ រីឯ Vinicius វិញ បានប៉ះទង្គិចពាក្យសម្តីគ្នាជាមួយមិត្តរួមសញ្ជាតិ Raphinha ថែមទៀត ដោយសារពេលនោះ Raphinha បាននិយាយការពារ Yamal។

ទិដ្ឋភាពប៉ះទង្គិចគ្នារវាង Vinicius និង Raphinha

យ៉ាងណាមិញ ភាពក្តៅគគុកក្នុងជំនួប Clasico គឺមិនទាន់បញ្ចប់នោះទេ ដោយកីឡាករ Real Madrid បាននាំគ្នាបង្ហោះសារឌឺដងទៅកាន់ Lamine Yamal ជាបន្តបន្ទាប់។ ក្នុងនោះ Jude Bellingham បានបង្ហោះសារលើ IG ថា៖ «និយាយ គឺថោក។ Hala MADRID SIEMPRE»

ចំណែកខ្សែការពារ Raul Asencio វិញ បានបង្ហោះរូបខ្លួនរបស់គេនៅលើ IG អមជាមួយរូប Emoji និយាយច្រើន ដែលចង់សំដៅដល់កីឡាករ Barcelona មួយចំនួន ជាពិសេស Lamine Yamal ដែលនិយាយច្រើនមុនការប្រកួត។ រីឯខ្សែការពារ Éder Militao វិញ បានបង្ហោះរូបនៅលើ IG អំពី Vinicius Jr. អបអរជ័យជម្នះនៅពីមុខ Lamine Yamal។

រម្លឹកបន្តិច កត្តា ដែលកីឡាករ Real Madrid ភាគច្រើនផ្តោតលើ Yamal ជាងគេ ដោយសារមុនការប្រកួត កីឡាករ Barcelona រូបនេះបាននិយាយ ថា៖ «ខ្ញុំបានរកគ្រាប់បាល់ទល់នឹង Real Madrid បីបួនដងហើយ។ ពេលចុងក្រោយ ដែលខ្ញុំបានទៅទីនោះ គឺវាបានបញ្ចប់ដោយ ៤-០»

ជុំវិញរឿងនេះ គឺនៅមានពាក្យសម្តីជាច្រើនទៀត ដែល Lamine Yamal និយាយមុនការប្រកួត ទើបជាហេតុបណ្តាលឱ្យកីឡាករ Real Madrid ផ្តោតលើគេខ្លាំងបែបនេះ នៅក្រោយការប្រកួត៕

សាររបស់ Jude Bellingham
ការបង្ហោះរបស់ Raul Asencio

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម