កីឡា
៤ក្រុមនេះល្អពេញសាច់ ជាក្រុមអាចឈ្នះជើងឯកពានសម្តេច ស ខេង លើកទី៤
ក្នុងចំណោមក្រុម ៣២ កំពុងប្រកួតកីឡាបាល់ទះពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ ឆ្នាំ ២០២៦ មានក្រុម ៤ ដែលសំបូរកីឡាករល្អៗទំនងជាអាចឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមជើងឯក។

ក្រុមខ្លាំងទាំង ៤ នោះ គឺ ក្រុមបាល់ទះ វិសាខា ស្នងការរាជធានីភ្នំពេញ ក្រសួងមហាផ្ទៃ និង ក្រុម ស្នងការខេត្តស្វាយរៀង ដែលជាម្ចាស់ជើងឯកឆ្នាំចាស់។
ក្រុមបាល់ទះវិសាខា

ក្លិបបាល់ទះ វិសាខា អាចត្រូវបានចាត់ទុកជាក្រុមដែលមានកម្រិតគុណភាពល្អជាងគេនៅក្នុងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៤ ដោយសារពួកគេមានកីឡាករល្អស្ទើរស្មើគ្នា។

កីឡាករ គួន ម៉ុម និង ពិន សារ៉ុន ជាស្មាត់ស្លាបស្តាំ-ឆ្វេងរបស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជា។ ក្រុមនេះអ្នកប៉ះថ្មីជាកីឡាករហ្វីលីពីនគឺ Retama មានសមត្ថភាព និងបទពិសោធច្រើន។ មិនមែនតែកីឡាករទាំង ៣ នាក់នេះប៉ុណ្ណោះទេដែលសំខាន់ ប៉ុន្តែ វិសាខា មានកីឡាករល្អៗជាច្រើននាក់ទៀតមានដូចជា សឿន ហេង, ផុល រតនៈ, មួន និមល, សេង គីមហាប់, ខេង ថុនា និង លឹម ចិត្រា។

មើលដៃកីឡាករទាំងកម្រិត A និងមិនមែនកម្រិត A វិសាខា មានសុទ្ធតែកីឡាករល្អៗដែលពួកគេរួមដៃគ្នាទៅស្ទើរតែល្អជាងក្រុមផ្សេងៗ។ ទោះបីជាយ៉ាងណា ពួកគេអាចដាក់កីឡាករជម្រើសជាតិកម្រិត A បានតែ ២ នាក់ប៉ុណ្ណោះ បូកនឹងកីឡាករបរទេស១នាក់ទៀតនៅលើទីលាន។
ក្រុមបាល់ទះក្រសួងមហាផ្ទៃ

បន្ទាប់មក ក្រុមបាល់ទះក្រសួងមហាផ្ទៃ ក៏គួរឲ្យចាប់អារម្មណ៍ខ្លាំងដែរ ពីព្រោះពួកគេមានកីឡាករល្អៗជាច្រើនដែលមានបទពិសោធលេងជាមួយគ្នាជាច្រើនឆ្នាំ។ អ្នកប៉ះសេវ័យក្មេង កែវ ស្រេងលីហួរ ជាអ្នករ៉ាប់រងលើកបាល់ឲ្យកីឡាករសំខាន់ប្រចាំក្រុមផ្តាច់គឺ មឿង ម៉េងឡាយ ជាស្មាត់ស្តាំ និង ធី ម៉េងហួង ជាស្មាត់ឆ្វេង។

បន្ថែមលើនេះ ក្រុមក្រសួងមហាផ្ទៃ មានកីឡាករល្អៗជាច្រើនទៀតដូចជា ខុម ហុងទ្រី, ឆោម ទីណា និង ឈួន ប្រសិទ្ធ។ ទោះជាយ៉ាងណា ពួកគេគ្មានកីឡាករបរទេសទេ។
ក្រុមស្នងការរាជធានីភ្នំពេញ

ក្រុមដែលមិនអាចមើលរំលងបានសម្រាប់រដូវកាលទីនេះ គឺ ក្រុមស្នងការដ្ឋានរាជធានីភ្នំពេញ។ ពួកគេមានអ្នកប៉ះសេ យ៉ុន ខេមរៈ ជាអ្នកលើកបាល់ឲ្យកីឡាករសញ្ជាតិគុយបា Raciel Herrera ជាអ្នកផ្តាច់នៅស្លាបខាងស្តាំ។ កីឡាករគុយបារូបនេះបានជួយឲ្យ ក្រុមស្នងការខេត្តស្វាយរៀង បានឈ្នះជើងឯកពានសម្តេចក្រឡាហោម ស ខេង លើកទី៣ កាលពីឆ្នាំ ២០២៤ ប៉ុន្តែពេលនេះ រូបគេចូលរួមជាមួយ ក្រុមស្នងការរាជធានី។

បន្ថែមលើនេះ ពួកគេកីឡាករផ្តាច់នៅស្លាបស្តាំង និងឆ្វេងល្អៗជាច្រើនទៀតនាក់មានដូចជា រុន សុខជា និង ចាន់ វាសនា ព្រមទាំងអ្នកប៉ះសេជាប់ជម្រើសជាតិកម្ពុជា យុន ខេមរៈ ព្រមទាំងមាន ផល ផានិត, ឡាង រាសីកែវ និង សាន ចនវិរៈ ជាដើម។ កីឡាករទាំងនេះសុទ្ធតែមានបទពិសោធលេងក្នុងតេជោលីគ និងពានសម្តេចក្រឡាហោម ស ខេង រដូវកាលមុន។
ក្រុមស្នងការខេត្តស្វាយរៀង

ក្រុមការពារតំណែងជើងឯកឆ្នាំ គឺ បាល់ទះស្នងការខេត្ត ស្វាយរៀង ក៏មិនធម្មតាដែរឆ្នាំនេះ។ នៅពេល កីឡាករ Raciel Herrera បានចាកចេញ ពួកគេបាននាំចូលកីឡាករវៀតណាម ង្វៀន វ៉ាន់ងុកដុយ លេងតួនាទីជាស្មាត់ឆ្វេង និងកីឡាករឥណ្ឌា Prafu លេងតួនាទីជាស្មាត់ស្តាំ។ ស្មាត់ទាំងពីរនាក់នេះដែលសហការរកពិន្ទុជាមួយ អ្នកប៉ះសេជម្រើសជាតិកម្ពុជា សួន ចាន់ណារ៉ូ។

ក្រៅពីកីឡាករសំខាន់ទាំង៣ ខាងលើ ក្រុមស្នងការខេត្តស្វាយរៀង មានកីឡាករសំខាន់គួរឲ្យចាប់អារម្មណ៍ដែរមានដូចជា ខឹម សុវណ្ណារ៉ា ជាអតីតលីប៊ើរ៉ូ ជម្រើសជាតិកម្ពុជា កីឡាករ មី រស្មី និង ជុក សោភា។

ក្រុមផ្សេងៗទៀតក៏មានកីឡាករល្អខ្លះដែរ ដូចជាក្រុមស្នងការខេត្តព្រៃវែងមានកីឡាករឥណ្ឌូណេស៊ី ២ នាក់សុទ្ធតែល្អ ប៉ុន្តែកីឡាករក្នុងស្រុកមិនសូវមានបទពិសោធ។ ចំណែកក្រុមបញ្ជាការដ្ឋានអង្គរបានបែកចែកជាពីរក្រុម ហើយមានតែកីឡាករក្នុងស្រុកសុទ្ធ ដែលខុសពីមុនពួកគេមានកីឡាករឥណ្ឌូណេស៊ីទើបធ្វើឲ្យពួកគេខ្លាំង៕

សូមបញ្ជាក់សាជាថ្មីថា ក្រុមនីមួយៗ អាចដាក់កីឡាករជម្រើសជាតិកម្ពុជា កម្រិត A បានតែ ២ នាក់ប៉ុណ្ណោះ បូកនឹងកីឡាករបរទេស១នាក់ទៀតនៅលើទីលាន៕
អត្ថបទ៖ វិរបុត្រ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


