Connect with us

កីឡា

កីឡាករ កីឡាការិនី គ្រូបង្វឹក​កីឡា​គុន ល្បុក្កតោ​ប្រមាណ ២០០​នាក់​ចូលរួម​ការប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២១

បានផុស

នៅ

យ៉ាងហោចណាស់​មាន​កីឡាករ កីឡាការិនី​និង​គ្រូបង្វឹក​ប្រមាណ​២០០​នាក់ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២១ ដែល​បាន​បើក​ជា​ផ្លូវការ​នា​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២​នៅ​សាល​ដំបូលទូក នៃ​សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡា​គុន​ល្បុក្កតោ​ប្រចាំឆ្នាំ​២០២១ បាន​ប្រព្រឹត្តិ​ឡើង​តាំងពី​ថ្ងៃទី ២២​កុម្ភៈ ហើយ​ទើប​បើក​ជា​ផ្លូវការ​នៅ​ថ្ងៃ​២៥​កុម្ភៈ នេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​អធិបតី​ពី សំណាក់​លោក កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ប្រធាន​គណៈកម្មការ​សិទ្ធិមនុស្ស​កម្ពុជា និង​អនុប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​តំ​ណា ង​លោក​បណ្ឌិត​សភាចា​រ្យ ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​។

លោក កែវ រ៉េមី បាន​មានប្រសាសន៍ថា ការ ប្រកួត​នេះ​ត្រៀមលក្ខណៈ​សម្បត្តិ​ឆ្ពោះទៅ​ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ក្នុង​ការរៀបចំ​ការប្រកួត​កីឡា SEA GAMES លើក​ទី​៣២ ។ ដោយ​រាជរដ្ឋាភិបាល សម្រេច​ធ្វើ​ម្ចាស់ផ្ទះ​ក្នុង​ការរៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបដោយ​គតិ បណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​។

លោក​កែវ រ៉េមី បញ្ជាក់ថា សហព័ន្ធ​កីឡា​គុន ល្បុក្កតោ​កម្ពុជា គឺមាន​កិច្ចការងារ​ជាច្រើន​ដែល​ត្រូវបំពេញ​ក្នុងឋានៈ​ជា​ម្ចាស់​នៃ​ក្បាច់គុន ក្នុង​ទាំង​ការបណ្តុះបណ្តាល​ធនធាន​កីឡាករ កីឡាការិនី គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម​ក្នុងស្រុក និង​ធនធានមនុស្ស​នៅ​ប្រទេស​ដែលជា​សមាជិក​ផង ដើម្បី​ត្រៀមលក្ខណៈ​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ការប្រកួត​នៃ​ព្រឹត្តិការណ៍ SEA GAMES ២០២៣ ហើយ​ជាពិសេស​យើង​នឹងមាន​ការបង្ហាញ​ទស្សនីយភាព​ដ៏​ធំ​របស់​គុន​ល្បុក្កតោ​មាន​អ្នក​សម្តែង​គុន​ល្បុក្កតោ​ប្រមាណ ១០០០​នាក់​នៃ​ព្រឹត្តិការណ៍​បើក​ជា​ផ្លូវការ​នៃ​ព្រឹត្តិការណ៍ SEA GAMES ២០២៣​ផងដែរ​។

លោក​បាន​បន្តថា ដើម្បី​សម្រេច​កិច្ចការងារ​ដ៏​ធំ ធេង​មួយ​នេះ ដើម្បី​មុខមាត់​ជាតិ និង​ជា​ដឹងគុណ​ដ៏​បុព្វបុរស និង​រាជរដ្ឋាភិបាល គឺ​យើង​មិនអាច​ខ្វះ​បាន​ពី​ការចូលរួម ការតាំង​ចិត្ត​បំពេញ​កិច្ចការងារ​ដោយ​ស្ម័គ្រចិត្ត​របស់​សមាជិក​យើង​ម្នាក់ៗ ដើម្បី​សម្រេច​គោលដៅ​រួមគ្នា ក្នុងការ​ជំរុញ​ឲ្យ​គុន​ល្បុ​ក្ក តោ​កាន់​ភាពល្បីល្បាញ ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ឲ្យ​ស័ក្តិ​សមជា​អ្នក​បន្តវេន​ដ៏​វៃឆ្លាត​របស់​បុព្វ បុរស​ខ្មែរ​យើង ។ ប្រតិភូ គ្រូបង្វឹក កីឡាករ កីឡា ការិនី គណៈ​កម្ម​បច្ចេកទេស និង​ក្រុមយុវជន​ស្ម័គ្រចិត្ត​ទាំងអស់ ដែល​បានមក​ចូលរួម​បំពេញ​តួនាទី​ដោយ​ស្ម័គ្រចិត្ត និង​មាន​ស្មារតី​ទទួលខុស ត្រូវ​ខ្ពស់​តាម​តួនាទី និង​ជំនាញ​របស់ខ្លួន ក្នុងការ ប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២១​នេះ និង​សូម​ឲ្យ​ទទួលបាន​នូវ​ការ​ឲ្យ​ពរ​ពី​ព្រលឹង​បុព្វបុរស ដូនតា​ខ្មែរ ។

បើ​តាម​លោក អ៊ូ តារា អគ្គលេខាធិការរង​នៃ​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​បាន​ឲ្យ​ដឹងថា ដោយមាន​ការពន្យារពេល​ការប្រកួត​កាលពី​ឆ្នាំ ២០២១ ដោយ​វិបត្តិ​COVID-19 នៅ​ឆ្នាំ​២០២២ នេះ​ទើប​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា រៀបចំ​ការ​ប្រ​កួ ត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២១ ។

ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២១ នេះ មានការ​ចូលរួម​ពី​២៧​សាលា​គុន ដែល​មាន​កីឡាករ កីឡាការិនី គ្រូបង្វឹក សរុប​ប្រមាណ ២០០​នាក់​គណៈកម្មការ​រៀប​ចំការ​ប្រកួត ៤៤ នាក់ និង​ក្រុមការងារ​ស្ម័គ្រ ចិត្ត ២០​នាក់ អ្នក​ប្រកួត​លើ​២១​ប្រភេទ​វិញ្ញ​សា ក្នុង​នោះ​មាន​វិញ្ញាសា​សម្តែង​ទម្រង់​មេគុន ១២ ប្រភេទ​វិញ្ញ​សា បុរស នារី និង​វិញ្ញាសា​ប្រយុទ្ធ​មាន ៩​ប្រភេទ​ទម្ងន់​បុរស នារី​។

លោក​អគ្គលេខាធិការ​រង​បន្ត​ថា ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ ២០២១​នេះ អាច​ដំណើរការ​ទៅបាន​ដោយសារ​ការឧបត្ថម្ភ​គាំទ្រ​ជាគោលការណ៍​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ជំរុញ​ការអភិវឌ្ឍន៍​កីឡា​គុន​ល្បុក្កតោ ក្នុងនោះ​ក៏មាន​ការចូលរួម​ពី​ក្រុម ហ៊ុន​ជា​ដៃគូ​អភិវឌ្ឍន៍​កីឡា​ប្រពៃណី​នេះ​ផងដែរ គឺ​ក្រុមហ៊ុន​សម្រស់​ធម្មជាតិ ដែល​ក្រុមហ៊ុន​បាន​បំពេញតម្រូវការ​មួយចំនួន​ទាំង​ផ្នែក​ទីលាន ផ្នែក​ផ្គត់ផ្គង់ និង​អាវយឺត​ដ៏​ស្រស់ស្អាត​របស់​កម្មវិធី ដែល​សរុប​ជា​ទឹកប្រាក់​ចំនួន ១៥,០០០ ដុល្លារ​សហរដ្ឋអាមេរិក។

សូម​បញ្ជាក់ថា តាម​ការគ្រោងទុក កម្មវិធី​ប្រកួត​ជើងឯក​ប្រចាំឆ្នាំ​គុន​ល្បុក្កតោ​នេះ នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ​២០២២ ខាងមុខនេះ​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម