កីឡា
ផល រតនៈ ថា អត់ពី សួន ចាន់ណារ៉ូ ក្រុមកម្ពុជានឹងពិបាកនៅឆ្នាំក្រោយ
អ្នកប៉ះសេឆ្នើម សួន ចាន់ណារ៉ូ បានចូលនិវត្តន៍ពីក្រុមបាល់ទះជម្រើសជាតិកម្ពុជាកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ ដោយសារសុខភាពរាងកាយមិនអំណោយផលល្អ។ ប្រការនេះបានជំរុញឲ្យថ្នាក់ដឹកនាំសហព័ន្ធកីឡាបាល់ទះកម្ពុជា និងមិត្តរួមអាជីពមានការសោកស្តាយយ៉ាងខ្លាំង។

កីឡាករ ផល រតនៈ តួនាទីជាអ្នកការពារកណ្តាល បានបង្ហាញពីអារម្មណ៍ថា រូបគេពិតជាមានការសោកស្តាយយ៉ាងខ្លាំងដែលមិត្តរួមជម្រើសជាតិ សួន ចាន់ណារ៉ូ បានចូលនិវត្តន៍ពីអាជីពបាល់ទះ។ ការចូលនិវត្តន៍នេះគឺជាការបាត់បង់ធន់ធានមនុស្សដ៏សំខាន់នៅក្នុងក្រុមបាល់ទះជម្រើសជាតិកម្ពុជា។

ផល រតនៈ បានបន្តថា ៖«យើងមានកីឡាករប៉ះសេ ដែលអាចបន្តវេនរៀមច្បង សួន ចាន់ណារ៉ូ តែយើងត្រូវការពេលវេលាយូរបន្តិច។ មិនមែនមានន័យថា អត់មានអ្នកជំនួសទេ តែគ្រាន់តែថា យើងត្រូវការពេលវេលាយូរបន្តិចទើបអាចយល់ចិត្តគ្នា»។
«ជាមួយបង សួន ចាន់ណារ៉ូ គឺយើងយល់ចិត្តគ្នាច្រើនឆ្នាំហើយ។ ការលើកបាល់មិនចាំបាច់ប្រាប់ឲ្យលើកទាប ឬខ្ពស់ ឆ្វេង ស្តាំ ឬកណ្តាលទេ គឺយើងដឹងចិត្តគ្នាតែម្តង។ ដូច្នេះអត់ពីគាត់ទៅក្នុងរយៈពេលឆ្នាំថ្មីខាងមុខ ក្រុមជម្រើសជាតិយើងនឹងពិបាក។ យើងមានអ្នកថ្មី តែយើងត្រូវការប្រើពេលវេលាយូរបន្តិចទើបអាចយល់ចិត្តគ្នា»។ ផល រតនៈ បានរៀបរាប់។

ទាំងលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា និងកីឡាករ សួន ចាន់ណារ៉ូ បានសម្លឹងឃើញកីឡាករវ័យក្មេង កែវ ស្រេងលីហ៊ួរ ដែលអាចលេងតួនាទីអ្នកប៉ះសេបាន។ ទោះបីជាយ៉ាងណា រូបគេនៅវ័យក្មេង បទពិសោធលើឆាកអន្តរជាតិតិច ហើយស្មារតីក៏មិនទាន់ចាស់ទុំ។
នៅឆ្នាំ២០២៥ខាងមុខនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាមានកម្មវិធីអន្តរជាតិសំខាន់២គឺការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ និងការប្រកួតពានរង្វាន់ SEA V. League ដែលមានក្រុមឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និងកម្ពុជា។

សួន ចាន់ណារ៉ូ ធ្លាប់បានប្រកាសចូលនិវត្តន៍ម្តងហើយ បន្ទាប់ពីបានជួយកម្ពុជាឈ្នះមេដាយសំរិទ្ធកីឡាស៊ីហ្គេម ឆ្នាំ២០២១ ប៉ុន្តែដោយសារកម្ពុជាខ្វះកីឡាករតួនាទីនេះ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ទើបសហព័ន្ធកីឡាបាល់ទះកម្ពុជាបញ្ចុះបញ្ចូលឲ្យរូបគេវិលត្រឡប់មកជួយក្រុមកម្ពុជាជាថ្មី។ លេងបានរយៈពេល២ឆ្នាំគឺឆ្នាំ២០២៣-២៤ រូបគេក៏សម្រេចចូលនិវត្តន៍ជាលើកទី២។ សហព័ន្ធកីឡាបាល់ទះកម្ពុជាបានរៀបចំពិធីចូលនិវត្តន៍យ៉ាងឱឡារិកដោយមានវត្តមានលោក អាំង សិរីពិសិដ្ឋ អ្នកឧកញ៉ា លាង ម៉េង ជាអ្នកឧបត្ថម្ភ កីឡាករជាមិត្តរួមក្រុម និងអ្នកគាំទ្រយ៉ាងច្រើន។ នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្របាល់ទះកម្ពុជាដែលរៀបចំពិធីចូលនិវត្តន៍បែបនេះ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


