កីឡា
កីឡាការិនីជប៉ុន Miki រីករាយនៅកម្ពុជារហូតចាត់ទុកប្រទេសដ៏ល្អ
កីឡាការិនីសញ្ជាតិជប៉ុន Miki Ichikawa ខ្សែបម្រើកណ្តាលដ៏ឆ្នើមរបស់ក្រុមបាល់ទាត់នារីភ្នំពេញក្រោន បានកំពុងរីករាយនឹងអាជីពបាល់ទាត់របស់ខ្លួននៅកម្ពុជាដែលនាងបានចាត់ទុកជាប្រទេសដ៏ល្អ។

សារព័ត៌មានកម្ពុជាថ្មីបានសម្ភាស Miki ដោយមានខ្លឹមសារដូចខាងក្រោម៖
- សំណួរ៖ តើ Miki មានអារម្មណ៍យ៉ាងណាដែរសម្រាប់ការលេងបាល់ទាត់នៅកម្ពុជាមួយរដូវកាលនេះ?
Miki៖ ការប្រកួតបាល់ទាត់នៅកម្ពុជានៅមានកម្រិតទាបជាងនៅជប៉ុន ប៉ុន្តែស្មារតីក្រុមក្នុងការលេងខ្ពស់ ពេលខ្លះប្រហែលជាខ្លាំងជាងនៅជប៉ុនផង។ ខ្ញុំមកលេងនៅកម្ពុជា ចង់ឲ្យបាល់ទាត់នារីនៅកម្ពុជារីកចម្រើន។ ម្យ៉ាងទៀត ខ្ញុំមានទំនាក់ទំនងល្អជាមួយក្រុមនៅកម្ពុជាទើបបានជាខ្ញុំមកលេងនៅកម្ពុជាដើម្បីឲ្យបាល់ទាត់នារីនៅកម្ពុជាកាន់តែល្អប្រសើរ។

- សំណួរ៖ តើការស្នាក់នៅលេងបាល់ទាត់នៅកម្ពុជាជួបការលំបាកខ្លះទេ?
Miki៖ ពេលខ្ញុំមកកម្ពុជាលើកដំបូង គឺខ្ញុំជួបការលំបាកដែរ តែបន្ទាប់មក ខ្ញុំក៏មានអារម្មណ៍រីករាយនឹងស្ថានភាពរស់នៅក្នុងប្រទេសកម្ពុជា។ ពេលស្គាល់មិត្តរួមក្រុម ស្គាល់ក្រុមការងារ ខ្ញុំក៏រីករាយកាន់តែខ្លាំង។ ខ្ញុំពិតជារីករាយក្នុងការស្នាក់នៅប្រទេសកម្ពុជា។ ប្រជាជននៅទីនេះពិតជារួសរាយណាស់។ ជាពិសេសមិត្តរួមក្រុមភ្នំពេញក្រោន ប្រៀបដូចជាក្រុមគ្រួសាររបស់ខ្ញុំ។ ដូច្នេះបានជាខ្ញុំរីករាយនៅទីនេះ។

- សំណួរ៖ តើ Miki មានគំនិតអ្វីដែលចង់ឲ្យបាល់ទាត់នារីកម្ពុជារីកចម្រើន?
Miki៖ ដើម្បីឲ្យបាល់ទាត់នារីកម្ពុជាខ្លាំង គឺខ្ញុំចង់ឃើញមានកម្មវិធីប្រកួតច្រើនសម្រាប់កីឡាការិនីបង្ហាញសមត្ថភាព។ មិនត្រឹមតែមានការប្រកួតប្រជែងកាន់តែខ្លាំងនៅក្នុងលីគប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានកម្មវិធីផ្សេងៗទៀត។ ខ្ញុំចង់ឃើញអ្នកគាំទ្រកម្ពុជាកាន់តែច្រើនចូលរួមគាំទ្រ និងលើកទឹកចិត្តដល់ការប្រកួតបាល់ទាត់នារី។
- សំណួរ៖ តើ Miki ចង់ឃើញកីឡាការិនីជប៉ុនផ្សេងទៀតមកលេងនៅកម្ពុជាទេ?
Miki ៖ ខ្ញុំចង់ឃើញកីឡាការិនីជប៉ុនមកលេងនៅកម្ពុជាច្រើននាក់ទៀត។ ខ្លួនខ្ញុំផ្ទាល់នឹងព្យាយាមជួយដល់ក្រុម និងបាល់ទាត់នារីកម្ពុជាឲ្យទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។

- សំណួរ៖ តើ Miki ចូលចិត្តញាំម្ហូបខ្មែរទេ?
Miki ៖ ខ្ញុំបានព្យាយាមញាំម្ហូបខ្មែរច្រើនដែរ តែខ្ញុំនៅតែមិនអាចញាំបានច្រើន ពីព្រោះទម្លាប់ញាំអាហារជប៉ុនទៅហើយ។ ជាទូទៅខ្ញុំធ្វើម្ហូបខ្លួនឯង តែខ្ញុំមិនពូកែធ្វើម្ហូបទេ ហើយពេលខ្លះចេញទៅញាំនៅខាងក្រៅដែរ។
- សំណួរ៖ នៅពេលជួបក្រុមគ្រួសារ មិត្តភក្តិ ឬប្រជាជនជប៉ុន តើ Miki និយាយអ្វីពីកម្ពុជាឲ្យពួកគាត់បានដឹង?
Miki ៖ ទី១ កម្ពុជាជាកន្លែងមានសុវត្ថិភាព។ មុនពេលខ្ញុំមកទីនេះ ខ្ញុំឮគេនិយាយពីរឿងមិនសូវល្អនៅកម្ពុជា ទីកន្លែងមួយចំនួនគ្មានសុវត្ថិភាព ប៉ុន្តែការពិតមិនដូចគេនិយាយទេ។ កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍ ហើយប្រជាជនកម្ពុជាពិតខិតខំប្រឹងប្រែងខ្លាំងណាស់ដើម្បីអភិវឌ្ឍប្រទេសជាតិ។ ខ្ញុំពិតជាចូលចិត្តប្រជាជនកម្ពុជាដែលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ ទាំងនេះហើយជាអ្វីដែលខ្ញុំចង់ប្រាប់ក្រុមគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំឲ្យមកលេងកម្ពុជា។ ប្រជាជនចិត្តល្អ រួសរាយរាក់ទាក់ ខិតខំប្រឹងប្រែងធ្វើការ និយាយឲ្យចំគឺជាប្រទេសដ៏ល្អ។

ជាចុងក្រោយ ខ្ញុំចង់ប្រាប់ថា ខ្ញុំពិតជាសប្បាយរីករាយដែលបានជួយក្រុមនារីភ្នំពេញក្រោនឈ្នះជើងឯកលីគនារីកម្ពុជា។ ខ្ញុំចូលចិត្តក្លិបភ្នំពេញក្រោន ហើយអរគុណអ្នកគាំទ្រដែលបានគាំទ្រលើកទឹកចិត្តកន្លងមក។ យើងនឹងខិតខំប្រឹងប្រែងបន្ថែមទៀតនៅពេលខាងមុខ សូមបន្តគាំទ្រក្រុមយើងទៀត។
កីឡាការិនី Miki Ichikawa បានចូលរួមជាមួយក្រុមនារីភ្នំពេញក្រោន កាលពីខែសីហា ឆ្នាំ២០២៤ និងបានជួយក្រុមឈ្នះជើងឯកលីគបាល់ទាត់នារីកម្ពុជារដូវកាល២០២៤-២៥៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


