Connect with us

ព័ត៌មានជាតិ

តួកគីបន្តគាំទ្រលើការអប់រំបណ្តុះបណ្តាលកម្លាំងនគរបាលជាតិកម្ពុជា

បានផុស

នៅ

តួកគីសន្យាបន្តគាំទ្រដល់ការអប់រំបណ្ដុះបណ្ដាលកងកម្លាំងនគរបាលជាតិកម្ពុជា តាមរយៈការទទួលយកមន្ត្រីនគរបាលកម្ពុជាទៅសិក្សា និងបណ្ដុះបណ្ដាលនៅប្រទេសតួកគី។ ការសន្យានេះបានធ្វើឡើងដោយឯកអគ្គរដ្ឋទូតតួកគី លោកស្រី អ៊ុលគុល កូចាអែហ្វែ នៅក្នុងជំនួបពិភាក្សាជាមួយប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លោកនាយឧត្តមសេនីយ៍ ឯក មនោសែន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួបដែលបានធ្វើឡើងនថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ រវាងលោកស្រី អ៊ុលគុល កូចាអែហ្វែ (Ulku Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា ជាមួយលោកនាយឧត្តមសេនីយ៍ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា គឺបានផ្ដោតលើពិភាក្សាការងារអំពីកិច្ចសហការ និងការគាំទ្រលើការអប់រំបណ្តុះបណ្តាលកងកម្លាំងនគរបាលជាតិកម្ពុជា។

កន្លងមក បណ្ឌិត្យសភានគរបាលជាតិតួកគីបានផ្តល់អាហារូបករណ៍ដល់មន្ត្រីនគរបាលជាតិកម្ពុជាចំនួន២ជំនាន់រួចមកហើយ។ ក្នុងនោះ បើតាមលោកនាយឧត្តមសេនីយ៍ ឯក មនោសែន គឺជំនាន់ទី១ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ តួកគីបានផ្តល់អាហារូបករណ៍ដល់បណ្ឌិត្យសភានគរបាលកម្ពុជាចំនួន៨នាក់ ដែលមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៤នាក់ និងថ្នាក់បរិញ្ញាបត្រចំនួន៤នាក់។

សម្រាប់ជំនាន់ទី២ ឆ្នាំសិក្សា២០២៥-២០២៦ តួកគីបានផ្តល់អាហារូបករណ៍បន្ថែមទៀតចំនួន១០នាក់។ ជំនាន់ទី២នេះ មានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់៥នាក់ និងថ្នាក់បរិញ្ញាបត្រ៥នាក់​ ដែលសរុបទាំង២ជំនាន់នេះ គឺមន្ត្រីនគរបាលជាតិកម្ពុជាចំនួន១៨នាក់ ក្នុងនោះមានប្រុស១២រូប និងស្រីចំនួន៦រូប ទទួលបានឱកាសទៅសិក្សានៅប្រទេសតួកគី។

បន្ថែមពីនេះ តួកគី ក៏បានផ្តល់វគ្គបណ្តុះបណ្តាលខ្លីដល់គ្រូនគរបាលជាតិកម្ពុជាទៅសិក្សានៅតួកគី តាមរយៈសមាគមបណ្ឌិត្យសភានគរបាលអន្តរជាតិ (INTERPA) គឺវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះសម្រាប់អ្នកប្រើប្រាស់យានអាកាសគ្មានមនុស្សបើកខ្នាតតូចបំផុត និងប្រភេទយានអាកាសគ្មានមនុស្សបើកខ្នាតតូច (ដ្រូន)។

ផ្អែកលើកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ នាយឧត្តមសេនីយ៍ ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានស្នើសុំលោកស្រីឯកអគ្គរដ្ឋទូត បន្តជួយគាំទ្រលើការអប់រំបណ្ដុះបណ្ដាលនេះបន្ថែមទៀត ដែលជាការឆ្លើយតប លោកស្រីឯកអគ្គរដ្ឋទូត បានបញ្ជាក់ថា តួកគីនឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្ឌិត្យសភាជាបន្តទៀតផងដែរ។

លោក ឯក មនោសែន បានបង្ហាញនូវការជឿជាក់ថា កិច្ចសហប្រតិបត្តិការលើការអប់រំបណ្ដុះបណ្ដាលរវាងបណ្ឌិត្យសភានគរបាលកម្ពុជា និងស្ថានទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា ក្រោមការដឹកនាំរបស់លោកស្រីឯកអគ្គរដ្ឋទូតនឹងកាន់តែស៊ីជម្រៅនិងផ្តល់នូវអត្ថប្រយោជន៍ជូនគ្នាទៅវិញទៅមក ប្រកបដោយការយោគយល់គ្នា កាន់តែស្និទ្ធិស្នាល សាមគ្គីភាព និងភាតរភាព៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម