Connect with us

សេដ្ឋកិច្ច

គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល បន្សល់ទុកកេរតំណែលសម្រាប់ វិស័យជលផលនៅកម្ពុជា

បានផុស

នៅ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ជាមួយប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EUD) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) នៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២៥​ ប្រារព្ធពិធី បិទបញ្ចប់​គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល ដែលគាំទ្រថវិកា​ដោយសហភាពអឺរ៉ុប (EU) ​ក្រោមប្រធានបទ «បរិវត្តកម្មជលផល ដើម្បីកំណើនប្រកប​ដោយ​ចីរភាព និងបរិយាប័ន្ន»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយសមិទ្ធផលដែលគម្រោងសម្រេចបាន ការបិទបញ្ចប់របស់គម្រោងគឺជាមូលដ្ឋានគ្រឹះ​នៃដំណើរឆ្ពោះទៅកាន់ការធ្វើទំនើបកម្ម និងការអភិវឌ្ឍអនុវិស័យជលផល​នៅកម្ពុជាប្រកប​ដោយចីរភាព បង្កើនភាពប្រកួតប្រជែង និងសហគមន៍ជាម្ចាស់ ជាមួយនឹងសក្តានុពលនៃការ​ពង្រីក​ការអភិវឌ្ឍបែបនេះក្នុងខ្សែច្រវាក់តម្លៃកសិអាហារផ្សេងៗទៀត។

ចាប់តាំងពីការចាប់ផ្តើមអនុវត្ត រហូតមកដល់ពេលនេះ គម្រោងអភិវឌ្ឍន៍​ជលផលក្រោយ​ប្រមូល​ផល បានបង្កើនផលិតភាពផលជលផលក្នុងស្រុកដោយគិតគូរជាចម្បងលើគុណភាព សុវត្ថិភាព​ និងនវានុវត្តន៍ និងបង្កើនភាពប្រកួតប្រជែង​លើទីផ្សារបានកាន់តែទូលំ​ទូលាយ។

គិតមកត្រឹមពេលនេះ សហគ្រាសចំនួន ២២ ទទួលបានវិញ្ញាបនប័ត្រនិមិត្តសញ្ញា​បញ្ជាក់​គុណភាព​កម្ពុជា (CQS) និងសហគ្រាសចំនួន ៤ ទទួលបានវិញ្ញាបនប័ត្រ HACCP ហើយ​សហគ្រាសចំនួន ៤២ បានអនុវត្តអនុលោមភាពសុវត្ថិភាពម្ហូបអាហារ ហើយពួកគេ​ទាំងអស់​បានបង្កើនប្រតិបត្តិអាជីវកម្ម ដោយសារពួកគេមានលទ្ធភាពប្រកួតប្រជែង​លើទីផ្សារ​បានល្អ​ប្រសើរ​​​ជាងមុន ហើយអាចផលិត និងផ្គត់ផ្គង់ផលិតផលទៅកាន់ទីផ្សារ​បានច្រើនមុខ​ជាង​មុន។

សមិទិ្ធផលនេះមានន័យថា អតិថិជន និងអ្នកបរិភោគទទួលបានផលិតផលជលផលដែលមានគុណភាពសុវត្ថិភាព និងជីវជាតិ បានច្រើនជាងមុន ដែលអាចរកបានតាមទីផ្សារនានា។ លើសពីនេះ សហគ្រាសទាំងនោះក៏បានចូលរួមក្នុងការបង្កើនការងារ ប្រាក់ចំណូល ក្នុងសហគមន៍មូលដ្ឋាន។

គម្រោងក៏បានការពង្រីកឱកាសការងារយ៉ាងច្រើន ជាពិសេសសម្រាប់ស្រ្តីនៅក្នុងផ្នែកជលផល​ក្រោយ​​ប្រមូលផល។ ​សហគ្រាសជលផលខ្នាតតូច និងនៅតាមទីជនបទដែលទទួល​បានការគាំទ្រ​មានលទ្ធភាពអាច ប្រើប្រាស់បច្ចេកវិទ្យាទំនើប ការបណ្តុះបណ្តាលការការស្រាវជ្រាវ​និងអភិវឌ្ឍន៍​ផលិតផល និងឱកាសចូលរួមការតាំងបង្ហាញផលិតផលបានច្រើនជាងមុន ទាំងនេះបានជួយ​ឱ្យពួក​គេអាចប្រកួតប្រជែងលើទីផ្សារ និងរួមចំណែកយ៉ាងសំខាន់ដល់​កំណើនសេដ្ឋកិច្ច​ថា្នក់​មូលដ្ឋាន​ និងថ្នាក់ជាតិប្រកបដោយចីរភាព។

លោក Dejene TEZERA ប្រធានផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិពាណិជ្ជកម្ម អគ្គនាយកដ្ឋានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការ​ UNIDO ស្នាក់ការកណ្តាល បានមានប្រសាសន៍ថា៖ «គម្រោង​អភិវឌ្ឍន៍​ជលផលក្រោយប្រមូលផល បានចូលរួមបង្កើតនូវផលជះជាវិជ្ជមានដល់សេដ្ឋកិច្ចសង្គមតាម រយៈការចូលរួមពង្រីកចំណែកទីផ្សារ លើកកម្ពស់សុវត្ថិភាពម្ហូបអាហារ កែលម្អជីវភាពរស់នៅ និងការបង្កើនឱកាសការងារ​ក្នុងតំបន់ ដោយមានការចូលរួមបានទូលំទូលាយជាងមុន​»។

លទ្ធផលប្រកបដោយចីរភាព​ និងបរិយាប័ន្ននេះ បានគូសបញ្ជាក់យ៉ាងច្បាស់​អំពីតួនាទី ជំនាញបច្ចេកទេស និងបេសកម្មរបស់អង្គការ UNIDO ក្នុងការអភិវឌ្ឍឧស្សាហកម្ម ប្រកបដោយចីរភាព និងបរិយាប័ន្ន។

និរន្តរភាព និងបរិយាប័ន្ន ជាមូលដ្ឋានគ្រឹះសម្រាប់បេសកកម្មរបស់គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល។ គម្រោងបានចូលរួមលើកកម្ពស់ការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានដល់បរិស្ថានតាមរយ:ការជំរុញឱ្យប្រើប្រាស់​រោង​ហាលសម្ងួតដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ និងការលើកទឹកចិត្តឱ្យសហគ្រាស និងក្រុមអ្នកកែច្នៃជលផលឱ្យគោរពតាមគោលការណ៍ជាមូលដ្ឋាន នៃកិច្ចគាំពារបរិស្ថាន។

សហគ្រាសចំនួន ៤៦ ក្នុងចំណោម ៦៤ ដឹកនាំដោយស្ត្រី និងមានសហគ្រាសចំនួន ៣ គ្រប់គ្រងដោយជនមានពិការភាព។ ​ទាំងនេះឆ្លុះបញ្ចាំងអំពីការគិតគូរគ្រប់ជ្រុងជ្រោយ ​ដើម្បីធានាឱ្យបានការគាំទ្រប្រកបដោយបរិយាប័ន្ន និងធានាក្រមសីលធម៌ការងារសម្រាប់អនុវិស័យជលផលនេះទាំងមូល។

តាមរយៈការពង្រឹងផលិតកម្មក្នុងស្រុក និងការលើកកម្ពស់ការប្រើប្រាស់ផលិតផលផលិតក្នុងស្រុក គម្រោងអភិវឌ្ឍន៍ជល​ផលក្រោយប្រមូលផល បានរួមចំណែកកាត់បន្ថយការពឹងផ្អែក លើការប្រើប្រាស់ផលិតផលនាំចូល ទន្ទឹមនឹងបង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារក្នុង និងក្រៅស្រុកបានល្អជាងមុន។ 

កិច្ចខិតខំប្រឹងប្រែងទាំងនេះបានគាំទ្រ​ និងជំរុញការអនុវត្តអនុលោមភាពសុវត្ថិភាពម្ហូបអាហារថ្នាក់ជាតិដោយផ្ទាល់ និងរួមចំណែកដល់សន្តិសុខស្បៀងថ្នាក់តំបន់បានកាន់តែទូលំទូលាយ​។

លោក អ៊ីហ្គ័រ ឌ្រីសម៉ាន់​ ឯកអគ្គរដ្ឋទូតប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាបានលើកឡើងថា៖ «លើសពីលទ្ធផលរំពឹងទុក និងផលជះជាវិជ្ជមានសំខាន់ៗ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល នៃកម្មវិធី​ CAPFISH-Capture ដែលគាំទ្រថវិកាដោយសហភាពអឺរ៉ុប បានកសាងនូវទំនុកចិត្តពីសំណាក់អ្នកពាក់ព័ន្ធក្នុង​ខ្សែច្រវាក់តម្លៃជលផល។​ ការជឿទុកចិត្តនេះបានជំរុញឱ្យមានកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងស្ថាប័នរដ្ឋ សង្គមស៊ីវិល និងវិស័យឯកជន»។

លោក អ៊ីហ្គ័រ ឌ្រីសម៉ាន់​ បន្ថែមថា លទ្ធផលទាំងនេះបានគូសបញ្ជាក់យ៉ាងច្បាស់ថា រាល់គម្រោងដែលគាំទ្រថវិកាដោយម្ចាស់ជំនួយ គឺមិនអាចខ្វះបាននូវភាពជាម្ចាស់របស់ប្រទេសសាម៉ី និងស្ថាប័ន ទទួលបន្ទុក និងសហគ្រិនភាពដើម្បីធ្វើឲ្យគម្រោងមានផលជះជាវិជ្ជមាន។

លោក អ៊ីហ្គ័រ ឌ្រីសម៉ាន់​ ជឿជាក់ថា សហគ្រាសក្នុងស្រុកនឹងនៅតែបន្តស្មារតី និងកិច្ចខិតខំប្រឹងប្រែងនារយៈពេលប៉ុន្មានឆ្នាំតទៅមុខទៀតក្នុងភាពជាម្ចាស់ ជាភ្នាក់ងារជំរុញវឌ្ឍនភាពឆ្ពោះទៅអនាគតដ៏ត្រចះត្រចង់។

គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផលនៃកម្មវិធី CAPFISH-Capture គឺជាឧទាហរណ៍ដ៏មានប្រសិទ្ធភាព ស្តីពីកិច្ចសហការជាយុទ្ធសាស្ត្រ នវានុវត្តន៍ និងឆន្ទៈខ្ពស់ ដើម្បីសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន។ ទោះបីជាគម្រោងបញ្ចប់ លទ្ធផល និងផលជះនៅតែបន្ត​ ដើម្បីតម្រង់ទិសអនុវិស័យជលផលកម្ពុជា នាពេលអនាគត ក៏ដូច​ជាលើកទឹកចិត្តឱ្យមានការអនុវត្តស្រដៀងគ្នាក្នុងវិស័យដទៃទៀតផងដែរ។

លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា៖ «ភាពជោគជ័យនៃគម្រោង CAPFISH-Capture ឆ្លុះបញ្ចាំងឱ្យឃើញអំពីការវិវឌ្ឍនៃការកែច្នៃផលិតផលជលផលក្រោយប្រមូលផល ដោយផ្ដោត​លើគុណភាព និរន្ដរភាព និងបរិយាប័ន្ន»។

លោករដ្ឋមន្ត្រីបន្ថែមថា សមិទ្ធផលដែលក្រសួងកសិកម្ម និងអង្គការដៃគូរបស់យើងសម្រេចបានរួមគ្នាកន្លងមក មិនត្រឹម​តែជួយ​ឱ្យវិស័យជលផលលូតលឿនទៅមុខតែម្យ៉ាងទេ តែវាបានរួមចំណែកលើកកម្ពស់ជីវភាពប្រជាជន និងសេដ្ឋកិច្ចជាតិឱ្យប្រសើរឡើងបានមួយកម្រិត។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្តការប្ដេជ្ញាចិត្តរបស់ខ្លួនដើម្បីធ្វើការជាមួយប្រជានេសាទ អ្នកកែច្នៃ និងសហគ្រាសនានា ដើម្បីឱ្យពួកគាត់អាចទទួលផលពីការធ្វើទំនើបកម្ម ប្រកបដោយការប្រកួតប្រជែង និងការទទួលខុសត្រូវចំពោះបរិស្ថាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម