Connect with us

ព័ត៌មានជាតិ

ស្ថាប័នរដ្ឋនិងក្រុមហ៊ុនឯកជន ពិភាក្សាបង្កើតគ្លីនិកចល័ត និងផ្តល់ជំនួយអាហារូបត្ថម្ភដល់សិស្ស

បានផុស

នៅ

ស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន កំពុងពិភាក្សាពីលទ្ធភាពលើគម្រោងរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic)និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្សនៅតាមបណ្តាខេត្តនានា ជាពិសេសផ្តោតលើតំបន់ដាច់ស្រយាល និងក្រីក្រ ដើម្បីបង្កើននូវសុខុមាលភាពរបស់សិស្ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គំនិតផ្តួចផ្តើមនេះត្រូវបានពិភាក្សាក្នុងកិច្ចប្រជុំការងារដែលធ្វើឡើងនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ រវាងលោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងគណៈប្រតិភូមកពីក្រុមហ៊ុន Sino Group និង YHS (Cambodia) Food & Beverage Pte Ltd (Yeo’s) ដឹកនាំដោយលោក Na Wu Beng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Yeo’s ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយមានការសម្របសម្រួលពីលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមានចូលរួមពីសំណាក់លោក ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងគោលបំណង ដើម្បីពិភាក្សាសិក្សាលទ្ធភាព លើគម្រោងរៀបចំបង្កើតគ្លីនិកចល័ត (Mobile Clinic) និងការផ្តល់ជំនួយអាហារូបត្ថម្ភដល់កុមារជាសិស្សានុសិស្សនៅតាមបណ្តាខេត្តនានា ដើម្បីចូលរួមក្នុងសកម្មភាពទំនួលខុសត្រូវសង្គម លើវិស័យសុខាភិបាល ក៏ដូចជាវិស័យអប់រំនៅកម្ពុជា។ កិច្ចពិភាក្សានេះឆ្លើយតបទៅនឹងសំណើរបស់ លោក ស៊ុន ចាន់ថុល ដែលបានលើកឡើងក្នុងជំនួបជាមួយ លោក Robert Ng ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Sino Group កាលពីថ្ងៃទី១១ ខែកញ្ញា កន្លងទៅ នៅទីក្រុងហុងកុង។

មានប្រសាសន៍នាឱកាសនេះ លោក ហង់ជួន ណារ៉ុន បានបង្ហាញការស្វាគមន៍ដោយក្តីរីករាយបំផុតចំពោះគម្រោងជួយគាំទ្រដល់វិស័យសុខាភិបាល និងវិស័យអប់រំនៅកម្ពុជា ព្រមទាំងបានចែករំលែកពីគម្រោងមួយចំនួន ដែលក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងអនុវត្តដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពនិងលទ្ធផលសិក្សារបស់សិស្ស ដូចជា កម្មវិធីផ្តល់អាហារូបករណ៍ដល់សិស្សដែលមកពីគ្រួសារខ្វះខាតលទ្ធភាព និងកម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ក្នុងគោលដៅលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងងាយរងគ្រោះខ្ពស់។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា លោកបានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមចំណែកគាំទ្រដល់វិស័យអប់រំនៅកម្ពុជានាពេលកន្លងមក និងការបង្ហាញចំណាប់អារម្មណ៍ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដោយគូសបញ្ជាក់នូវការចូលរួមសហការផ្តល់កិច្ចសម្របសម្រួល ជំរុញគម្រោងនេះឱ្យប្រព្រឹត្តទៅដោយរលូន ដើម្បីជាប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្សដែលមានតម្រូវការជាចាំបាច់ ព្រមទាំងឯកភាពលើសំណើជួយគាំទ្រផ្នែកអាហាររូបត្ថម្ភដល់សិស្សខ្វះខាត ក៏ដូចជាគំនិតផ្តួចផ្តើមនានាដែលមានគោលដៅលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា។

សូមបញ្ជាក់ដែរថា កាលពីខែមិថុនាកន្លងទៅនេះ ក្រុមហ៊ុន Yeo’s បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ជាមួយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា លើការអនុវត្តគម្រោង “យុទ្ធនាការលើកកម្ពស់សុវត្ថិភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សា” ក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ការយល់ដឹង ស្តីពីការទទួលទានភេសជ្ជៈដែលមានកម្រិតជាតិស្ករតិចដល់សិស្សានុសិស្ស ដែលរៀននៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ ជាពិសេសបណ្តុះទម្លាប់ក្នុងការទទួលទានភេសជ្ជៈដែលមានកម្រិតជាតិស្ករតិច៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម