Connect with us

ព័ត៌មានអន្ដរជាតិ

UN ព្រមានអំពីអំពើប្រល័យពូជសាសន៍ ដែលមិនអាចនឹកស្មានដល់នៅ ស៊ូដង់

បានផុស

នៅ

ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានចេញការព្រមានអំពីអំពើប្រល័យពូជសាសន៍ដែលមិនអាចនឹកស្មានដល់នៅទីក្រុង El-Fasher នៃប្រទេសស៊ូដង់ បន្ទាប់ពីកងកម្លាំង RSF វាយដណ្តើមយកការគ្រប់គ្រងទីក្រុងនេះកាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Reuters)

តាមរយៈវីដេអូបង្ហោះលើបណ្ដាញសង្គម X កាលពីថ្ងៃសៅរ៍ទី៨ខែវិច្ឆិកាឆ្នាំ២០២៥ និងយកមកផ្សាយដោយ Al Jazeera, លោកស្រី Li Fung តំណាង UN ទទួលបន្ទុកសិទ្ធិមនុស្សនៅប្រទេសស៊ូដង់ បានថ្លែងថា៖ «១០ថ្ងៃមកនេះ El-Fasher បានក្លាយជាទីក្រុងនៃភាពទុក្ខសោក វាពោរពេញដោយការវាយប្រហារយ៉ាងឃោរឃៅបំផុត។ ជនស៊ីវិលដែលរួចរស់ជីវិតពីការឡោមព័ទ្ធ និងអរិភាពអស់រយៈពេល ១៨ ខែ ឥឡូវកំពុងស៊ូទ្រាំនឹងអំពើឃោរឃៅដែលមិនអាចនឹកស្មានដល់។ មនុស្សរាប់រយនាក់ត្រូវបានសម្លាប់រួមទាំងស្ត្រីនិងកុមារ គ្រួសារទាំងមូលត្រូវបានកម្ទេច នៅពេលពួកគេរត់គេចខ្លួន។ អ្នកខ្លះទៀតបាន បាត់ខ្លួន»។

ការព្រមានរបស់លោកស្រីកើតឡើងចំពេលមានរបាយការណ៍អំពីការសម្លាប់រង្គាល, ការប្រហារជីវិតលើអ្នកគ្មានកំហុស, អំពើហិង្សាផ្លូវភេទពាសវាលពាសកាល រួមទាំងការចាប់រំលោភជាក្រុម​, ការចាប់ជំរិត, ការប្លន់ និងការវាយប្រហារលើមន្ទីរពេទ្យនិងបុគ្គលិកមនុស្សធម៌។

(រូបថត៖ Reuters)

ក្រៅពីត្រូវបានសម្លាប់និងធ្វើទារុណកម្មហើយនោះ ជនស៊ីវិលរាប់​ម៉ឺននាក់ដែលភៀសខ្លួន ក៏នៅតែជាប់គាំងនិងប្រឈមភាពអត់ឃ្លានផងដែរ។

សង្គ្រាមស៊ីវិលនៅប្រទេសស៊ូដង់ គឺជាការប្រយុទ្ធគ្នារវាងកងកម្លាំងគាំទ្ររហ័ស (RSF) ជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) ឈានដល់កើតមានអំពើប្រល័យពូជសាសន៍ដោយស្នាដៃ RSF ដែលកំពុងតាមប្រមាញ់ក្រុមជនជាតិភាគតិចដូចជា Fur, Masalit និង Zaghawa។

(រូបថត៖ Reuters)

បុរសឈ្មោះ Adam Yahya ដែលរត់គេចពីសេចក្តីស្លាប់ជាមួយកូន៤នាក់ ចេញពីទីក្រុង el-Fasher បានរៀបរាប់ថា «សាកសពដេករដូករណែលនៅពេញផ្លូវហើយយោធាបានប្រើកាំភ្លើងយន្ត បាញ់រះសម្លាប់មិនរើសមុខមិនថាស្រ្តីឬកុមារ»។ 

តួលេខពីអង្គការសហប្រជាជាតិ ប៉ាន់ស្មានថា សង្គ្រាមស៊ីវិលរវាងកងកម្លាំងគាំទ្ររហ័ស (RSF) ជាមួយកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានសម្លាប់មនុស្សជាង ១៥០ ០០០នាក់និង ១៤លាននាក់ផ្លាស់ទីលំនៅ។ ក្រៅពីការសម្លាប់ ក៏មានសេចក្តីរាយការណ៍ថា RSF បានចាប់រំលោភស្រ្តី ធ្វើទារុណកម្មគ្រប់ទម្រង់និងប្រព្រឹត្តអំពើឃោរឃៅជាច្រើនទៀតផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក អាន់វ៉ា អំពាវនាវឲ្យបញ្ឈប់អំពើហិង្សានិងការពារជនស៊ីវិលនៅ ស៊ូដង់ ជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម