ព័ត៌មានជាតិ
កម្ពុជា-កូរ៉េចុះហត្ថលេខាបង្កើតក្រុមការងារប្រឆាំងឧក្រិដ្ឋកម្មនានាពាក់ព័ន្ធនឹងពលរដ្ឋកូរ៉េនៅកម្ពុជា
កម្ពុជានិងកូរ៉េខាងត្បូងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតក្រុមការងាររួមកម្ពុជា-កូរ៉េ ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនានាពាក់ព័ន្ធពលរដ្ឋកូរ៉េនៅកម្ពុជា។ ការចុះហត្ថលេខាបង្កើតក្រុមការងារនេះគឺបន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានាធិបតីកូរ៉េខាងត្បូងបានពិភាក្សាគ្នាកាលពីថ្ងៃទី២៧ ខែតុលា កន្លងទៅនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបជាមួយអ្នកស្នងការនគរបាលស្ដីទីនៃសាធារណរដ្ឋកូរ៉េនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) លោក ឆៃ ស៊ីណារិទ្ធ បានស្វាគមន៍ចំពោះគម្រោងចុះហត្ថលេខាលើអនុស្សរណៈនេះ និងបានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការបន្តពង្រីកការស្រាវជ្រាវក្រោយប្រតិបត្តិការបង្ក្រាប ដើម្បីវែកមុខរកមេក្លោង និងអង្គការចាត់តាំង ក៏ដូចជាប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន ដែលកិច្ចការនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការល្អ ជិតស្និទ្ធនិងប្រកបដោយភាពជឿជាក់ជាមួយបណ្តាភាគី និងដៃគូពាក់ព័ន្ធ។

អគ្គស្នងការនគរបាលស្ដីទីនៃសាធារណរដ្ឋកូរ៉េលោក Yoo Jae-Seong ជឿជាក់ថាក្រុមការងារចម្រុះនេះ នឹងក្លាយជានិម្មិតរូបនៃសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ហើយវាក៏ជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះក្រុមឧក្រិដ្ឋជន។
ក្នុងជំនួបនោះផងដែរភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងផែនការជំហានបន្ទាប់ ពាក់ព័ន្ធកិច្ចសហការ និងបានឯកភាពគ្នាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយបញ្ហាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យកាន់តែជិតស្និទ្ធថែមទៀត។

ការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មនានាពាក់ព័ន្ធនឹងពលរដ្ឋកូរ៉េនៅកម្ពុជានេះក៏ស្របពេលដែលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក Cho Hyun មកបំពេញការងារនៅកម្ពុជាផងដែរ។ ក្នុងជំនួបជាមួយលោក Cho Hyun នៅវិមានសន្ដិភាពព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សុខសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាជនកូរ៉េ ដែលកំពុងរស់នៅ និងធ្វើការនៅកម្ពុជា ក៏ជាអាទិភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា »។
ការបង្កើតកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងកូរ៉េនៅពេលនេះគឺបន្ទាប់ពីរឿងរ៉ាវនៃការស្លាប់របស់និស្សិតកូរ៉េខាងត្បូងដោយអំពើទារុណកម្មពីជនជាតិចិននៅភ្នំបូកគោ ខេត្តកំពត កាលពីខែសីហា បង្កឱ្យមានប្រតិកម្មពីសាធារណរដ្ឋកូរ៉េមកកម្ពុជាជាបន្តបន្ទាប់ព្រមទាំងបានដាក់តំបន់ខ្លះនៃកម្ពុជាជាតំបន់ហាមប្រាមកម្រិតខ្ពស់សម្រាប់ជនជាតិកូរ៉េ និងទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបញ្ជូនជនជាតិកូរ៉េដែលត្រូវបានឃាត់ខ្លួនក្នុងអំពើឆបោកត្រលប់ទៅកាន់ប្រទេសកូរ៉េវិញ ខណៈមន្ត្រីជាន់ខ្ពស់នៃប្រទេសនេះជាបន្តបន្ទាប់បានមកកម្ពុជាដើម្បីពិនិត្យ និងពិភាក្សាជាមួយអាជ្ញាធរកម្ពុជាដើម្បីសហការប្រឆាំងបទល្មើសអនឡាញនេះ។

កាលពីពាក់កណ្ដាលអាធ្រាតថ្ងៃទី១៧ ខែតុលា កម្ពុជាបានសម្រេចបញ្ជូនជនជាតិកូរ៉េចំនួន៦៤នាក់ដែលពាក់ព័ន្ធនឹងបទល្មើសឧក្រិដ្ឋកម្មអនឡាញទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


