ព័ត៌មានជាតិ
កម្ពុជា គាំទ្រគ្រប់មធ្យោបាយរបស់ចិន ដើម្បីប្រឆាំងឯករាជ្យតៃវ៉ាន់
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេសបានបញ្ជាក់ជាថ្មីពីការប្រកាន់ខ្ជាប់នូវ«គោលនយោបាយចិនមួយ» និងថាតៃវ៉ាន់មិនអាចផ្ដាច់ខ្លួនចេញពីរដ្ឋចិនបានឡើយ។កម្ពុជា ចាត់ទុកបញ្ហាតៃវ៉ាន់ ជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយគាំទ្រគ្រប់មធ្យោបាយរបស់ចិន ដើម្បីប្រឆាំងនឹងការប្រកាសឯករាជ្យរបស់តៃវ៉ាន់។

ក្រសួងការបរទេសកម្ពុជា បញ្ជាក់តាមរយៈសេចក្ដីថ្លែងការណ៍ក្នុងថ្ងៃទី២៦ ខែវិច្ឆិកា ដូច្នេះ៖«កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនមួយ និងទទួលស្គាល់ថារដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់តំណាងឱ្យប្រទេសចិន ទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ កម្ពុជា ចាត់ទុកបញ្ហាដែលទាក់ទងនឹងតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់ចិនដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិ និងប្រឆាំង នឹង «ឯករាជ្យតៃវ៉ាន់» គ្រប់ទម្រង់។»។

ការបញ្ជាក់សាជាថ្មីរបស់កម្ពុជាអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ គឺបន្ទាប់ពីភាពតានតឹងរវាងជប៉ុន និងចិន ជុំវិញបញ្ហាតៃវ៉ាន់ បានឡើងកម្ដៅខ្លាំងឡើង ហើយប្រពន្ធផ្សព្វផ្សាយក៏បានសួរពីទស្សនៈរបស់រាជរដ្ឋាភិបាលកម្ពុជាវិញការវិវត្តនេះ។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ក្នុងសេចក្ដីថ្លែងការណ៍៍ដែរថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែង នានាក្នុងការរក្សាសន្តិភាព ស្ថិរភាព និងភាពសុខដុមរមនាក្នុងតំបន់ ដោយផ្អែកលើគោលការណ៍ នៃការគោរពគ្នាទៅវិញទៅមក និងការដោះស្រាយទំនាស់ ក៏ដូចជាជម្លោះ ដោយសន្តិវិធី។

នាយករដ្ឋមន្រ្តីជប៉ុន Sanae Takaichi (រូបភាព៖ Reuters)
ជម្លោះការទូតដ៏តានតឹងបំផុតរវាងចិន និងជប៉ុន ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ កើតមានឡើងដោយការអត្ថាធិប្បាយថ្មីៗរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអ៊ី តាកាអ៊ីជី (Sanae Takaichi) ដែលថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចជំរុញឲ្យមានការឆ្លើយតបផ្នែកយោធាពីសំណាក់ជប៉ុន។ ចិនបានសងសឹកវិញ តាមរយៈការអត្ថាធិប្បាយវាយប្រហារតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ការហាមឃាត់គ្រឿងសមុទ្រជប៉ុន ការផ្អាកការចាក់បញ្ចាំងភាពយន្តជប៉ុន និងការព្រមានពីការធ្វើដំណើរសម្រាប់ពលរដ្ឋរបស់ខ្លួន។

ស្របពេលដែលជម្លោះការទូតបន្តតានតឹង ជប៉ុនប្រកាសថា នឹងបន្តផែនការដាក់ពង្រាយមីស៊ីលបាញ់ពីដីទៅអាកាសនៅលើកោះយ៉ូណាហ្គូនី (Yonaguni) ដែលជាកោះមួយស្ថិតនៅចម្ងាយប្រហែល១១០គីឡូម៉ែត្រភាគខាងកើតកោះតៃវ៉ាន់។ ក្រសួងការបរទេសចិន កាលពីថ្ងៃទី២៤ខែវិច្ឆិកា ចាត់ទុកសកម្មភាពជប៉ុនបែបនេះ ថាមានបំណង«បង្កភាពតានតឹងក្នុងតំបន់ និងញុះញង់ឲ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា» និងព្រមានថា «កម្លាំងស្តាំនិយមនៅជប៉ុន កំពុងដឹកនាំជប៉ុន និងតំបន់ទៅរកគ្រោះមហន្តរាយ»។ ក្រសួងការបរទេសចិន ក៏ប្រកាសថា ទីក្រុងប៉េកាំងមាន«ការតាំងចិត្ត និងសមត្ថភាពក្នុងការការពារអធិបតេយ្យភាពទឹកដីរបស់ខ្លួន»។

ទីក្រុងប៉េកាំង ដែលទាមទារថាកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានបង្កើនសារផ្នែកយោធានៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ក្រសួងការពារជាតិចិនបានព្រមានកាលពីពាក់កណ្តាលខែវិច្ឆិកាថា ជប៉ុននឹងប្រឈមមុខនឹងបរាជ័យ «យ៉ាងធ្ងន់ធ្ងរ» ប្រសិនបើខ្លួនលូកដៃក្នុងជម្លោះកោះតៃវ៉ាន់។ ចាប់តាំងពីពេលនោះមក ទីបញ្ជាការកងទ័ពរំដោះប្រជាជនចិន (PLA) ជាច្រើនបានបញ្ចេញវីដេអូចម្រៀងជាតិនិយមដែលបង្ហាញពីមីស៊ីល នាវាចម្បាំង និងកងទ័ពត្រៀមប្រយុទ្ធ រួមទាំងវីដេអូមួយរបស់កងកម្លាំងគ្រាប់រ៉ុក្កែតដែលបង្ហាញពីមីស៊ីលផ្លោងអន្តរទ្វីប និងដាក់ចំណងជើងថា «បើថ្ងៃនេះសង្គ្រាមផ្ទុះឡើង នេះជាការឆ្លើយតបរបស់ខ្ញុំ»។

បច្ចុប្បន្នភាពចុងក្រោយ គឺប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជំរុញឲ្យនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi កុំបង្កជម្លោះជាមួយទីក្រុងប៉េកាំងលើបញ្ហាតៃវ៉ាន់។ នេះបើតាមកាសែត The Wall Street Journal (WSJ) រាយការណ៍កាលពីថ្ងៃពុធទី២៦ខែវិច្ឆិកា៕
ដោយ៖ ង៉ិល ណារ៉ាត់

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


