Connect with us

ព័ត៌មានអន្ដរជាតិ

អានុទីន ទទួល​ស្គាល់កំហុស​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ទឹកជំនន់​មិន​បាន​ល្អ

បានផុស

នៅ

នាយករដ្ឋមន្ត្រី លោក អានុទីន ឆានវីរៈគុល នៅ​ថ្ងៃ​សុក្រ​ទី​២៨ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​នេះ បាន​ប្រកាស​ទទួលស្គាល់កំហុសសម្រាប់​ការដោះស្រាយរបស់រដ្ឋាភិបាលចំពោះទឹកជំនន់នៅភាគខាងត្បូង​មិន​បាន​ល្អ ហើយបានសុំទោសដល់សហគមន៍ដែលរងផលប៉ះពាល់ ដោយនិយាយថា អាជ្ញាធរត្រូវតែ«ស្តាប់ រៀន និងកែតម្រូវនូវអ្វីដែលបានខុស» ខណៈដែលចំនួនអ្នកស្លាប់នៅតែបន្តកើនឡើង។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់ Khaosod។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកអានុទីន (រូបថត៖ The Nation)

ថ្លែងនៅក្នុងទីជម្រកបណ្តោះអាសន្នមួយនៅសាកលវិទ្យាល័យ Prince of Songkla ក្នុងក្រុងហាដយ៉ៃ លោក​អានុទីន បាន​លើក​ឡើង​ថា រដ្ឋាភិបាលកំពុងពន្លឿនការកំណត់អត្តសញ្ញាណសាកសពជនរងគ្រោះជាជនជាតិម៉ូស្លីម និងបញ្ជូនពួកគេទៅកាន់ក្រុមគ្រួសារវិញ។ លោកបានបន្ថែម​ថា លោកត្រូវបានគេប្រាប់ថា ចំនួនសាកសពគឺ«មានជាង១០០នាក់» ហើយក្រុមជំនាញកោសល្យវិច្ច័យបន្ថែមទៀតកំពុងត្រូវបានដាក់ពង្រាយ។

នៅពេលត្រូវបានសួរអំពីការត្អូញត្អែរដោយកំហឹងពីអ្នករស់នៅអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក លោកអានុទីន បាន​ប្រាប់​ថា អារម្មណ៍ខកចិត្តនេះអាចយល់បាន។ លោករៀបរាប់​ថា «អ្នកណាក៏ខឹងដែរ។ នេះគឺជាភាពតានតឹង។ ខ្ញុំបានសុំ​ទោសរួចហើយ។ ការនាំ​ពលរដ្ឋ​ចូលក្នុងទីជម្រកនេះគឺជាកំហុសមួយដែលបានកើតឡើង​ទៅ​ហើយ។ យើងត្រូវតែធានាថាមិនមានអ្វីអាក្រក់ជាងនេះកើតឡើងនោះឡើយ»។

លោកអានុទីន បាន​បញ្ជាក់​ទៀត​ថា លោកក៏មានការសោកសៅចំពោះអ្នកដែលបានបាត់បង់ផ្ទះសម្បែង និងសាច់ញាតិផងដែរ ដោយ​និយាយ​ថា «ខ្ញុំមានអារម្មណ៍តានតឹងនៅពេលឃើញប្រជាជនរងទុក្ខបែបនេះ។ ខ្ញុំរងទុក្ខមិនតិចជាងពួកគេទេ»។ លោក​បន្ត​ថា មូលនិធិសំណងសម្រាប់ជនរងគ្រោះដោយទឹកជំនន់ត្រូវតែ​ចែកចាយនៅសប្តាហ៍ក្រោយ។

សូម​ជម្រាប​ថា ក្រសួងសុខាភិបាលសាធារណៈរបស់ប្រទេសថៃ បានបញ្ជូនថង់​រុំ​សាកសព​​រាប់ពាន់ថង់ និងទូ​​សម្រាប់ដាក់សពបន្ថែមទៀត​ទៅកាន់ក្រុងហាដយ៉ៃ ខណៈដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូងបានកើនឡើងដល់១៤៥នាក់ គិត​ត្រឹម​ល្ងាច​ថ្ងៃសុក្រនេះ។ ក្រុមសង្គ្រោះបន្តប្រតិបត្តិការនៅទូទាំងតំបន់ ដោយសារតែកម្រិតទឹកជំនន់នៅតែខ្ពស់ បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ។ អាជ្ញាធរបានព្រមានថា ចំនួនជនរងគ្រោះអាចកើនឡើងបន្ថែមទៀត នៅពេលដែលការស្វែងរកត្រូវបានពង្រីកចូលទៅក្នុងតំបន់ដាច់ស្រយាល៕

ទឹក​ជំនន់​នៅ​ថៃ (រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម