Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនចំនួន ២១ ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៥

បានផុស

នៅ

ក្រុមហ៊ុនចំនួន ២១ ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២៥ ត្រូវបាន​ជ្រើសរើស​សម្រាប់​ពានរង្វាន់​ឧស្សាហកម្ម​បៃតង​កម្ពុជា​ឆ្នាំ២០២៥ ចំពោះ​សមិទ្ធផល​របស់​ខ្លួន​ក្នុង​ផលិតកម្មស្អាត និរន្តរភាព និង​នវានុវត្តន៍​ឧស្សាហកម្ម​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្មវិធីនេះ ​ជ្រើសរើស​ក្រុមហ៊ុនដែលបានបង្កើតវឌ្ឍនភាពជាក់ស្តែង ក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថាន បង្កើនប្រសិទ្ធភាព និងភាពប្រកួតប្រជែងរបស់អាជីវកម្ម ​ដែល​សហការ​អនុវត្តដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ដោយមានការគាំទ្រពីសហភាពអឺរ៉ុប តាមរយៈកម្មវិធី UN PAGE។

ថ្លែងនៅក្នុងពិធីប្រគល់ពានរង្វាន់ លោក​រដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា ផលិតកម្មបៃតង​មិនមែន​ត្រឹមតែ​ជា​ការ​ចំណាយ​ទេ តែជា​ការវិនិយោគ​ដែល​នាំ​មក​នូវ​ការសន្សំសំចៃ នវានុវត្តន៍ និងភាព​ប្រកួតប្រជែង​នៃ​អាជីវកម្ម​សម្រាប់​រយៈពេលវែង។

លោក​រដ្ឋមន្ត្រី បាន​សង្កត់​ធ្ងន់​ថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យក្រុមហ៊ុន រោងចក្រ-សហគ្រាសទាំងអស់ បន្ត​នវានុវត្តន៍​ថ្មីៗ ដោយ​មិនត្រូវ​ស្កប់ស្គល់​នឹង​ការអនុវត្តបច្ចុប្បន្នរបស់ខ្លួនឡើយ ពោលគឺត្រូវខិតខំកែលម្អប្រព័ន្ធផលិតកម្ម ការពារ​បរិស្ថាន ប្រើប្រាស់​ធនធាន​ឱ្យកាន់តែមានប្រសិទ្ធភាព និង​ធ្វើឱ្យខ្សែច្រវាក់ផលិតកម្មកាន់តែស្អាត ដោយ​រៀនសូត្រពី​ឧត្តមានុវត្តន៍ទាំងនៅក្នុងប្រទេស និងអន្តរជាតិ»។

ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជាឆ្នាំ២០២៥ បានជ្រើសរើសម្ចាស់ជ័យលាភី ដែលមានពានមាសចំនួន ៣ ពានប្រាក់ចំនួន ១១ និងពានសំរឹទ្ធចំនួន ៧។ ម្ចាស់ជ័យលាភីទាំង ២១ ក្រុមហ៊ុននេះ ត្រូវបាន​ជ្រើសរើស​តាមរយៈ​ការវាយ​តម្លៃ​លើ​ទិដ្ឋភាព ៤ គឺ ទិដ្ឋភាព​បរិស្ថាន ទិដ្ឋភាព​នវានុវត្តន៍និងចីរភាព ទិដ្ឋភាពសេដ្ឋកិច្ច និងទិដ្ឋភាពសង្គមនិងសមភាពយេនឌ័រ។

លោក​ Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរ​ចំពោះការប្តេជ្ញាចិត្ត​របស់កម្ពុជា​ក្នុង​ការ​អភវិឌ្ឍ​ឧស្សាហកម្មបៃតង ដោយ​កត់សម្គាល់ថា គោលការណ៍និរន្តរភាព បច្ចុប្បន្ន កាន់តែមាន​សារៈសំខាន់​សម្រាប់​ភាព​ប្រកួតប្រជែង​ជា​សកល ជា​ពិសេសសម្រាប់ទីផ្សារធំៗ ដូចជាសហភាពអឺរ៉ុប។

លោក​បានបន្ថែមថា ឧស្សាហកម្មជា​កម្លាំង​ជំរុញ​ស្នូល​សម្រាប់កំណើនសេដ្ឋកិច្ច ប៉ុន្តែវាក៏បង្កើតសំណល់ផងដែរ ដែលត្រូវតែគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ។ បរិវត្តកម្មបៃតង គឺជា​គន្លឹះ​សម្រាប់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជាពិសេស​ខណៈ​ដែល​ទីផ្សារ​សកលលោក រួមទាំងសហភាពអឺរ៉ុប បាននិង​កំពុង​បង្កើន​ស្តង់ដារ​ខ្ពស់លើនិរន្តរភាព។

លោក​ Igor Driesmans បានបន្តថា យុទ្ធសាស្ត្រ Global Gateway របស់​សហភាព​អឺរ៉ុប​បាន​កៀរគរ​ថវិកា​ជាង ៣៦០ ពាន់លានអឺរ៉ូ ចន្លោះពីឆ្នាំ ២០២១ ដល់ ២០២៤ ដើម្បី​គាំទ្រការ​វិនិយោគ​ប្រកប​ដោយ​និរន្តរភាព​នៅ​ទូទាំង​ពិភព​លោក ក្នុងនោះក៏មានការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ទឹកស្អាត និង​ថាមពល​ស្អាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។

ពានរង្វាន់ឧស្សាហកម្មបៃតងកម្ពុជា ជាផ្លែផ្កា​នៃ​គម្រោង “ការ​អភិវឌ្ឍ​ដែល​បញ្ចេញ​កាបូនតិច ដើម្បីបង្កើនផលិត​ភាព និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការផ្ទេរបច្ចេកវិទ្យាអំណោយផលល្អដល់បរិស្ថាន (TEST)  ដែលបានបង្កើតជាមូលដ្ឋានគ្រឹះសម្រាប់បរិវត្តកម្មឧស្សាហកម្មបៃតងរយៈពេលវែងរបស់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម