Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីទទូចឱ្យអ្នកសារព័ត៌មានបន្តទប់ស្កាត់ព័ត៌មានក្លែងក្លាយ ក្នុងពេលកម្ពុជានិងថៃកំពុងប្រយុទ្ធគ្នា

បានផុស

នៅ

យកឱកាសនៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាឆ្នាំនេះ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវយ៉ាងទទូចដល់អ្នកសារព័ត៌មានទាំងអស់ឱ្យចូលរួមជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយ ក្នុងពេលកម្ពុជាកំពុងប្រឈមមុខនឹងការប៉ះទង្គិចដោយប្រដាប់អាវុធជាមួយប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងសារលិខិតនៅថ្ងៃទី១៨ ខែធ្នូ ថា ជម្លោះតាមព្រំដែនកម្ពុជា និងថៃ ក្នុងពេលនេះ មិនត្រឹមតែមានការប៉ះទង្គិចផ្នែកកម្លាំងប្រដាប់អាវុធប៉ុណ្ណោះទេ ក៏ប៉ុន្តែមានសមរភូមិជាច្រើន ក្នុងនោះសមរភូមិព័ត៌មាន និងសតិអារម្មណ៍ ក៏បានកើតមានផងដែរ តាមគ្រប់រូបភាពបង្កើតឡើងដោយភាគីជម្លោះ និងជនឱកាសនិយម ដើម្បីដណ្តើមយកប្រៀបខ្លាំងលើសមរភូមិយោធា នយោបាយ ការទូត និងសមរភូមិព័ត៌មាន។

ក្នុងកាលៈទេសៈបែបនេះ សម្ដេចធិបតី បានអំពាវនាវដល់អ្នកសារព័ត៌មានជាតិ-អន្តរជាតិ និងអ្នកពាក់ព័ន្ធផ្សេងទៀត ឱ្យរក្សានូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន ដោយមិនត្រូវប្រឌិតព័ត៌មានដើម្បីញុះញង់នាំឱ្យកើតមានអរិភាពបន្ថែម ឬបង្កការយល់ច្រឡំផ្សេងៗ ដែលអាចបង្កឱ្យស្ថានភាពជម្លោះកាន់តែមានភាពតានតឹង ក៏ដូចជាប៉ះពាល់សន្តិសុខជាតិ។

ស្របតាមប្រធានបទរបស់វេទិកានិពន្ធនាយកសារព័ត៌មានឆ្នាំ២០២៥ ស្តីពី តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែននោះ សម្ដេចធិបតី បានសង្កត់ធ្ងន់ដល់ការបន្តចូលរួមអនុវត្តនូវលក្ខខណ្ឌគុណវុឌ្ឍនិងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន លើកកម្ពស់វិជ្ជាជីវៈ និងពង្រឹងគុណភាពព័ត៌មាន សុវត្ថិភាពព័ត៌មានឱ្យកាន់តែប្រសើរឡើង ព្រមទាំងបន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យខានតែបាន ជាពិសេសក្នុងអំឡុងពេលដែលប្រទេសជាតិកំពុងស្ថិតក្នុងបញ្ហាជម្លោះព្រំដែន។

រាល់ការផ្សព្វផ្សាយព័ត៌មានទាក់ទងទៅនឹងបញ្ហាជម្លោះព្រំដែនពេលនេះ សម្ដេចនាយករដ្ឋមន្ត្រី ថា ត្រូវមានការត្រួតពិនិត្យផ្ទៀងផ្ទាត់ជាមួយប្រភពព័ត៌មានផ្លូវការរបស់ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នមានសមត្ថកិច្ចឱ្យត្រឹមត្រូវ ដោយត្រូវធានាថា រាល់ការផ្សាយនិងចែករំលែកព័ត៌មាន នឹងមិនធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ព ឬបង្កការរំខានដល់ការបំពេញបេសកកម្មរបស់កងទ័ពជួរមុខឡើយ។

សម្ដេចបានសង្កត់ធ្ងន់ពីការហាមដាច់ខាតចំពោះការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីទីតាំងឈរជើង ការចល័តទ័ព លេណដ្ឋានកងទ័ព ការប្រើប្រាស់គ្រឿងសព្វាវុធ ព្រមទាំងការសម្ងាត់របស់កងទ័ព ដែលនាំឱ្យអន្តរាយដល់សន្តិសុខជាតិ និងបង្កគ្រោះថ្នាក់ដល់អ្នកបំពេញបេសកកម្មជូនជាតិ។ ខណៈព័ត៌មានដែលបញ្ចេញដោយអ្នកលេងបណ្ដាញសង្គមមួយចំនួនដោយគ្មានប្រភពច្បាស់លាស់ គឺត្រូវមានការប្រុងប្រុយ័ត្ន៕

ដោយ៖​ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម