Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌូណេស៊ីគ្រោងបន្តបិទការនាំចូលអង្ករនៅឆ្នាំ ២០២៦ ដោយអាងលើផលិតកម្មក្នុងស្រុក

បានផុស

នៅ

ក្រសួងសម្របសម្រួលសន្តិសុខស្បៀងឥណ្ឌូណេស៊ីបានប្រកាសថា ឥណ្ឌូណេស៊ីនឹងមិននាំចូលអង្ករសម្រាប់ការប្រើប្រាស់ ឬសម្រាប់ឧស្សាហកម្មនៅឆ្នាំក្រោយ​នោះទេ ដោយនិយាយថា ​ផលិតកម្មក្នុងស្រុកអាចបំពេញតម្រូវការគ្រប់គ្រាន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ Tempo កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការសម្រេចចិត្តនេះ ត្រូវបានប្រកាស​ក្រោយ​កិច្ចប្រជុំ​មួយនៅទីក្រុងហ្សាកាតា ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់មកពីក្រសួងសម្របសម្រួលសន្តិសុខស្បៀងអាហារ ក្រសួងពាណិជ្ជកម្ម និងទីភ្នាក់ងារស្ថិតិកណ្តាល។

លោក Tatang Yuliono អនុប្រធានសម្របសម្រួលពាណិជ្ជកម្ម និងចែកចាយនៅក្រសួងសម្របសម្រួលសន្តិសុខស្បៀងអាហារ បានមានប្រសាសន៍ថា តម្រូវការក្នុងស្រុកទាំងអស់ រួមទាំងអង្ករសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ និងកែច្នៃឧស្សាហកម្ម នឹង​មាន​ការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ផលិតកម្មក្នុងស្រុក។

រដ្ឋាភិបាលក៏បានបដិសេធសំណើរបស់ក្រសួងឧស្សាហកម្មក្នុងការនាំចូលអង្ករជិត ៣៨១​ ០០០ តោន សម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មនៅឆ្នាំ ២០២៦ ដោយជឿជាក់ថា ការផ្គត់ផ្គង់ក្នុងស្រុកនឹងគ្រប់គ្រាន់។ គោលនយោបាយមិននាំចូលនឹងត្រូវអនុវត្តទូទាំងប្រទេស រួមទាំងតំបន់ពាណិជ្ជកម្មសេរីដូចជា Sabang ក្នុងខេត្ត Aceh ជាដើម។

ទំនុកចិត្តរបស់​ឥណ្ឌូណេស៊ី បានកើតចេញភាពរឹងមាំនៃកសិកម្មក្នុងឆ្នាំ ២០២៥ នៅពេលដែលប្រទេសនេះបានបញ្ឈប់ការនាំចូលអង្ករ និងពោត ​ដោយបង្ហាញពីការផ្គត់ផ្គង់ដោយខ្លួនឯងសម្រាប់សន្តិសុខស្បៀងជាតិ។ នៅពាក់កណ្តាលឆ្នាំ ២០២៥ ទុនបម្រុងអង្កររបស់រដ្ឋបានឈានដល់កម្រិតខ្ពស់បំផុតប្រហែល ៤ លានតោន ដែលជួយធ្វើឱ្យទីផ្សារមានស្ថេរភាព និងគាំទ្រដល់តំបន់ដែលរងគ្រោះដោយគ្រោះមហន្តរាយ។

យោងតាមទិន្នន័យផ្លូវការ ការផលិតអង្ករនៅឆ្នាំ ២០២៥ រំពឹងនឹងកើនដល់ ៣៤,៧៧ លានតោន ដោយកើនឡើង ១៣,៥៤% ធៀបនឹង​រយៈពេលដូចគ្នាឆ្នាំមុន ដោយសារតែ​អាកាសធាតុអំណោយផល និងគោលនយោបាយគាំទ្រកសិកររបស់រដ្ឋាភិបាល​។

យ៉ាងណាមិញ​ ការបិទការនាំចូលអង្កររបស់ឥណ្ឌូណេស៊ី នឹង​បន្តដាក់សម្ពាធលើតម្លៃអង្ករអន្តរជាតិ ដែលធ្លាក់ចុះខ្លាំងរួចហើយនៅឆ្នាំ ២០២៥ នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម