ព័ត៌មានអន្ដរជាតិ
មិនដឹងខ្លួនខុស! ស្ថាប័នព័ត៌មានដ៏ធំរបស់ថៃ បង្ហោះវីដេអូចាស់រិះគន់ឥណ្ឌាវិញរឿងកម្ទេចរូបសំណាកព្រះ
ស្ថាប័នព័ត៌មានដ៏ល្បីល្បាញរបស់ថៃ MGR Online កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីបានបង្ហោះវីដេអូនៃការរុះរើរូបសំណាកព្រះយេស៊ូនៅក្នុងប្រទេសឥណ្ឌា ដែលទង្វើនេះត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាជាយុទ្ធសាស្ត្រ «បង្វែរដាន» ដើម្បីកាត់បន្ថយការខឹងសម្បាពីអន្តរជាតិជុំវិញការវាយកម្ទេចរូបសំណាកព្រះវិស្ណុរបស់ហិណ្ឌូនៅតាមព្រំដែនកម្ពុជា កាលពីពេលថ្មីៗនេះ។

នៅលើ TikTok និងបណ្តាញសង្គមផ្លូវការរបស់ខ្លួន MGR Online បានចែករំលែកវីដេអូនៃអាជ្ញាធរឥណ្ឌាកំពុងដកចេញនូវរូបសំណាកព្រះយេស៊ូកម្ពស់២០ហ្វីត (ប្រហែល៦ម៉ែត្រ)។ ចំណងជើងនៃវីដេអូនោះបានលើកឡើងដោយផ្ទាល់នូវជម្លោះការទូតដែលកំពុងកើតឡើងថា៖
«ពាក់ព័ន្ធនឹងករណីដែលឥណ្ឌាតវ៉ាចំពោះអាជ្ញាធរថៃ ដែលបានបំផ្លាញរូបសំណាកព្រះហិណ្ឌូដែលសាងសង់ដោយកម្ពុជា… ប្រសិនបើយើងក្រឡេកទៅមើលកាលពីឆ្នាំ២០២២ វិញ អាជ្ញាធរឥណ្ឌាខ្លួនឯងក៏បានបំផ្លាញរូបសំណាកព្រះយេស៊ូកម្ពស់២០ហ្វីត នៅក្នុងភូមិ Gokunte រដ្ឋ Karnataka ដែលបានតាំងនៅទីនោះអស់រយៈពេលជាង១៨ឆ្នាំមកហើយដែរ»។
ការបង្ហោះនោះបានបន្តអះអាងថា ប្រទេសឥណ្ឌា «បំផ្លាញជាបន្តបន្ទាប់» នូវព្រះវិហារគ្រិស្តសាសនា និងវិហារឥស្លាម ក្រោមលេសនៃការទន្ទ្រានដីសាធារណៈ ដោយចង់បញ្ជាក់ថា ការរិះគន់របស់ឥណ្ឌាមកលើថៃ គឺជាទង្វើ «លាក់ពុត»។
ការបង្ហោះនេះបានរីករាលដាលយ៉ាងឆាប់រហ័ស ប៉ុន្តែទទួលបានប្រតិកម្មអវិជ្ជមានច្រើនលើសលប់ ដែលបង្កឲ្យមានវិវាទថ្មីមួយទៀតសម្រាប់ស្ថាប័នព័ត៌មានថៃមួយនេះ។ អ្នកលេងបណ្តាញសង្គមថៃជាច្រើនបានរិះគន់ស្ថាប័ននេះថា បាន«ចាក់សាំងលើភ្លើង» ក្នុងអំឡុងពេលវិបត្តិយោធា និងការទូតដ៏រសើប។ មតិដែលទទួលបានការគាំទ្រច្រើនមួយបានលើកឡើងថា «ជំនួសឲ្យការបកស្រាយពីជំហររបស់យើង បែរជាយើងទៅវាយប្រហារសាសនារបស់គេទៅវិញ? រឿងនេះធ្វើឲ្យប្រទេសថៃមើលទៅកាន់តែអាក្រក់»។
អ្នករិះគន់ផ្សេងទៀតយល់ថា ការយកការអនុវត្តច្បាប់ក្នុងតំបន់កាលពីច្រើនឆ្នាំមុន មកប្រៀបធៀបនឹងការប្រើកម្លាំងយោធាវាយកម្ទេចរូបសំណាកអាទិទេពក្នុងតំបន់សង្គ្រាមឆ្នាំ២០២៥ គឺជារឿងដែលមិនអាចទទួលយកបានទេ។ ការផ្សព្វផ្សាយបែបនេះអាចធ្វើឲ្យទំនាក់ទំនងជាមួយឥណ្ឌាកាន់តែអាក្រក់ទៅៗ ខណៈដែលថៃកំពុងរងសម្ពាធការទូតពីកម្ពុជា និងឥណ្ឌារួចទៅហើយ។
រហូតមកដល់ពេលនេះ MGR Online នៅមិនទាន់លុបការបង្ហោះនោះចេញនៅឡើយទេ បើទោះបីជាមានការរិះគន់រាប់ពាន់ពីសំណាក់អ្នកកាន់សាសនាគ្រិស្ត ហិណ្ឌូ និងជនជាតិថៃខ្លួនឯង ដែលអំពាវនាវឲ្យមានក្រមសីលធម៌សារព័ត៌មានវិជ្ជាជីវៈបន្ថែមទៀតចំពោះវិបត្តិនេះក៏ដោយ។
សូមជម្រាបជាថ្មី ទង្វើរបស់ថៃដែលបំផ្លាញរូបសំណាកព្រះវិស្ណុ ក្នុងទឹកដីកម្ពុជា បានបណ្តាលឲ្យផ្ទុះប្រតិកម្មនិងរិះគន់ ពេញពិភពលោក។ ទាំងសារព័ត៌មានឥណ្ឌានិងសារព័ត៌មានអន្តរជាតិជាច្រើន បានចុះផ្សាយជាមួយនឹងចំណងជើងធំៗ ដែលដាក់ការស្តីបន្ទោសថៃចំៗ ថា បានប្រព្រឹត្តទង្វើគ្មានការគោរពនិងឲ្យតម្លៃដល់សាសនា៕

អត្ថបទ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


