Connect with us

ព័ត៌មានជាតិ

អភិបាលខណ្ឌឫស្សីកែវ បន្តដឹកនាំកម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់ ធ្វើអនាម័យបរិស្ថាន តាមបណ្ដោយផ្លូវ ៩៣

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃ​ទី ០២ ខែ​កុម្ភៈ ឆ្នាំ ២០២៦ អភិបាល​ខណ្ឌ​ឫស្សីកែវ បាន​បន្ត​ដឹកនាំ​កម្លាំង អនុវត្ត​សកម្មភាព​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ របៀបរៀបរយ និង​ធ្វើ​អនាម័យ​បរិស្ថាន តាម​បណ្ដោយ​ផ្លូវ​លេខ ៩៣ (​អតីត​ផ្លូវ​រថភ្លើង​ចាស់​) ស្ថិតនៅក្នុង​មូលដ្ឋាន​សង្កាត់​ ចំនួន ០៣ រួមមាន សង្កាត់​គីឡូម៉ែត្រ​លេខ ០៦ សង្កាត់​ឫស្សីកែវ និង​សង្កាត់​ទួល​សង្កែ​ទី ០១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សកម្មភាព​នេះ មានការ​ចូលរួម​ពី​មន្ត្រីរាជការ​ខណ្ឌ សិស្សានុសិស្ស កម្លាំង​សណ្ដាប់ធ្នាប់ អាជ្ញាធរ​សង្កាត់ និង​ពាក់ព័ន្ធ​ជាច្រើន ដោយ​បាន​ប្រើប្រាស់​រថយន្ត​បាញ់​ទឹក ដើម្បី​លាង​សម្អាត​ផ្លូវថ្នល់ កាត់​បន្ថយ​ធូលី​ដី និង​រក្សា​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ស្អាត មាន​សោភ័ណភាព និង​សុវត្ថិភាព​សម្រាប់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

លោក ជិន ប៊ុនធឿន អភិបាល​ខណ្ឌ​ឫស្សីកែវ លើក​ឡើង​ថា ការរៀបចំ​សណ្ដាប់ធ្នាប់ និង​ការ​រក្សា​អនាម័យ​បរិស្ថាន គឺជា​ការងារ​សំខាន់ និង​ត្រូវ​អនុវត្ត​ជា​បន្តបន្ទាប់ ដើម្បី​ធានា​បាន​នូវ​បរិយាកាស​រស់នៅ​ល្អ ស្អាត និង​មាន​របៀបរៀបរយ ស្របតាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​អភិវឌ្ឍ​ទីក្រុង​ឲ្យ​មាន​សោភ័ណភាព និង​ចីរភាព។

ជាមួយគ្នានេះ លោក ជិន ប៊ុនធឿន ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​សហការ​យ៉ាង​ល្អ ក្នុងការ​រៀបចំ​សណ្តាប់ធ្នាប់​របៀបរៀបរយតាម​ដងផ្លូវ​សាធារណៈ ដោយ​មិន​យក​ផ្លូវ​ធ្វើជា​កន្លែង​លក់ដូរ ឬ​ដាក់​ឧបករណ៍​រាំងស្ទះ​ចរាចរណ៍ ដែលជា​កត្តា​សំខាន់​ក្នុងការ​លើកកម្ពស់​សោភ័ណភាព​មូលដ្ឋាន​ខណ្ឌ ក៏ដូចជា​រាជធានី​ភ្នំពេញ​ទាំងមូល។

លោក​អភិបាល​ខណ្ឌ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ចូលរួម​ថែរក្សា​អនាម័យ បរិស្ថាន និង​គោរព​ច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ ឲ្យ​បាន​ជាប់​លាប់ ដើម្បី​រួមចំណែក​បង្កើត​ខណ្ឌ​ឫស្សីកែវ ឲ្យ​ក្លាយជា​តំបន់​ស្អាត មាន​របៀបរៀបរយ សុវត្ថិភាព និង​គួរ​ឲ្យ​រស់នៅ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម