Connect with us

ព័ត៌មានជាតិ

មេបញ្ជាការកងការពារកោះកុងក្រៅលេខ២ បដិសេធការចោទប្រកាន់លើបណ្តាញសង្គម និងព្រមានចាត់វិធានការតាមផ្លូវច្បាប់

បានផុស

នៅ

លោក ឯម ចន្ថា មេបញ្ជាការកងការពារកោះកុងក្រៅលេខ២ បានចេញមុខបដិសេធយ៉ាងដាច់ខាត និងជាផ្លូវការ ចំពោះការចោទប្រកាន់ដែលបានផ្សព្វផ្សាយដោយគណនីហ្វេសប៊ុកមួយឈ្មោះ «អវតារ ស» ហើយបានព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីការពារកិត្តិយស និងសិទ្ធិស្របច្បាប់របស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបដិសេធនេះ បានធ្វើឡើងបន្ទាប់ពីគណនីហ្វេសប៊ុកខាងលើ បានបង្ហោះសារចែកចាយលើបណ្តាញសង្គម ដោយចោទប្រកាន់ថា លោក ឯម ចន្ថា មានពាក់ព័ន្ធនឹងការនាំចូលទំនិញគេចពន្ធពីប្រទេសថៃ ចូលមកខេត្តកោះកុង ក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាលកំពុងដាក់វិធានការហាមឃាត់។

លោក ឯម ចន្ថា បានបញ្ជាក់ថា ព័ត៌មាន និងការចោទប្រកាន់ទាំងអស់នោះ គឺជាព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់ គ្មានភស្តុតាងផ្លូវច្បាប់ និងមានលក្ខណៈបង្ខូចកិត្តិយស បំពានកេរ្តិ៍ឈ្មោះបុគ្គល និងស្ថាប័នពាក់ព័ន្ធ។ លោកបានអំពាវនាវឲ្យម្ចាស់គណនី «អវតារ ស» លុបចោល និងកែតម្រូវព័ត៌មានទាំងនោះជាបន្ទាន់ ព្រមទាំងបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតគ្រប់រូបភាព។

មេបញ្ជាការកងការពារកោះកុងក្រៅលេខ២ ក៏បានបញ្ជាក់ផងដែរថា ប្រសិនបើម្ចាស់គណនីមិនអនុវត្តតាមការអំពាវនាវខាងលើ លោករក្សាសិទ្ធិពេញលេញក្នុងការចាត់វិធានការតាមផ្លូវច្បាប់ ដើម្បីការពារកិត្តិយស និងសិទ្ធិស្របច្បាប់របស់ខ្លួន។

ជាមួយគ្នានេះ លោក ឯម ចន្ថា បានលើកឡើងថា ករណីណាមួយដែលត្រូវបានអះអាងថាកើតឡើងលើទឹកដីប្រទេសថៃ គឺស្ថិតក្រោមសមត្ថកិច្ចនៃអាជ្ញាធរថៃតែប៉ុណ្ណោះ ហើយមិនអាចយកព័ត៌មានដែលមិនទាន់បានផ្ទៀងផ្ទាត់ មកភ្ជាប់ឈ្មោះ ឬប៉ះពាល់ដល់កិត្តិយសមន្ត្រីខ្មែរ បានឡើយ។

សូមជម្រាបថា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ គណនីហ្វេសប៊ុក «អវតារ ស» បានបង្ហោះសារមួយភ្ជាប់ជាមួយរូបថតរបស់លោក ឯម ចន្ថា ដោយអះអាងថា សមត្ថកិច្ចថៃបានចាប់បានទូកដឹកទំនិញគេចពន្ធពីថៃចូលមកកោះកុង ចំនួនរាប់សិបតោន និងឃាត់ខ្លួនអ្នកបើកបរខ្មែរ២នាក់ ហើយបានចោទថា ទំនិញ និងទូកនោះជាកម្មសិទ្ធិរបស់លោក ឯម ចន្ថា ព្រមទាំងអះអាងបន្ថែមពីបញ្ហាផ្សេងៗដែលមិនមានការផ្ទៀងផ្ទាត់ផ្លូវការណាមួយ។

ចំពោះការចោទប្រកាន់ទាំងនេះ លោក ឯម ចន្ថា បានបដិសេធទាំងស្រុង និងចាត់ទុកថា ជាការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលអាចបង្កឲ្យមានការយល់ច្រឡំក្នុងសាធារណមតិ និងប៉ះពាល់ដល់កិត្តិយសរបស់មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម