Connect with us

ព័ត៌មានជាតិ

រយៈពេល៥ខែ អ.ដ.ក ទទួលដោះស្រាយវិវាទជូនជនជាតិដើមភាគតិច ក្នុងខេត្តមណ្ឌលគិរី ជាង៦០ករណី

បានផុស

នៅ

ក្រោយបើកដំណើរការការិយាល័យតំណាងប្រចាំខេត្តមណ្ឌលគិរី កាលពាក់កណ្តាលឆ្នាំ២០២៥ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បាននិងកំពុងដោះស្រាយវិវាទជូនប្រជាពលរដ្ឋជនជាតិដើមភាគតិចក្នុងខេត្ត រយៈពេល៥ខែ ចំនួនជាង៦០ករណី ដើម្បីនាំយកយុត្តិធម៌ឱ្យកាន់តែខិតជិតមូលដ្ឋាន និងកាត់បន្ថយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងខេត្ត។

រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អៀម ប៊ុនលី ប្រធានការិយាល័យតំណាង អ.ដ.ក. ប្រចាំខេត្តមណ្ឌលគិរី បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែ ការិយាល័យតំណាង អ.ដ.ក. ទទួលបានបណ្តឹង ៦៤ករណី និងដោះស្រាយបញ្ចប់ដោយជោគជ័យ ២២ករណី ដែលក្នុងនោះរួមមាន បណ្តឹងផ្ទាល់ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងនៅការិយាល័យផ្ទាល់ចំនួន ៤៦ករណី។ បណ្តឹងបញ្ជូន សំណុំរឿងដែលបញ្ជូនមកពីអគ្គលេខាធិការដ្ឋាន អ.ដ.ក. មានចំនួន ១៨ករណី លទ្ធផលដោះស្រាយ ការិយាល័យបានដោះស្រាយបញ្ចប់ដោយជោគជ័យ និងទទួលបានការព្រមព្រៀងគ្នា ចំនួន ២២ករណី និងសំណុំរឿងបន្ត បច្ចុប្បន្នមានសំណុំរឿងចំនួន ៤២ករណី ទៀត កំពុងស្ថិតក្នុងដំណាក់កាលចាត់ការ និងដោះស្រាយតាមនីតិវិធី។

បើតាមលោក អៀម ប៊ុនលី ក្រៅពីការដោះស្រាយវិវាទ ការិយាល័យក៏បានយកចិត្តទុកដាក់លើការកសាងសមត្ថភាពមន្ត្រី និងការយល់ដឹងជាសាធារណៈផងដែរ។ យន្តការនៃការបង្កើតការិយាល័យតំណាង អ.ដ.ក. នេះ គឺធ្វើឡើងស្របតាមអនុស្សរណៈយោគយល់គ្នា រវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងរដ្ឋបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ដើម្បីជួយសម្រួលដល់ការដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យបានរហ័ស ប្រកបដោយតម្លាភាព និងកាត់បន្ថយការឡើងតុលាការ។

រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី

បច្ចុប្បន្ន ការិយាល័យតំណាង អ.ដ.ក. ខេត្តមណ្ឌលគិរី កំពុងបន្តខិតខំបំពេញភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីបន្តដោះស្រាយសំណុំរឿងដែលនៅសេសសល់ និងពង្រីកការយល់ដឹងដល់ពលរដ្ឋឱ្យកាន់តែទូលំទូលាយបន្ថែមទៀត៕

រូបភាព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម