ព័ត៌មានជាតិ
ផ្ដល់ជម្រកបណ្ដោះអាសន្នឱ្យពលរដ្ឋភៀសសឹក អ្នកនាំពាក្យ ថា មិនមែនរដ្ឋាភិបាលបោះចោលសិទ្ធិទាមទារទឹកដីឡើយ
ការផ្តល់ជម្រកបណ្តោះអាសន្នដល់ប្រជាពលរដ្ឋជនភៀសសឹក ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន គឺមិនមែនមានន័យថា រាជរដ្ឋាភិបាលកម្ពុជាបោះបង់សិទ្ធិទាមទារទឹកដីដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះឡើយ។ នេះជាការថ្លែងអះអាងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា។

លោក ប៉ែន បូណា នៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈនេះ បានអះអាងពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋភៀសសឹក ជាមួយនឹងកាតព្វកិច្ចការពារដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដែលកំពុងត្រូវបានឈ្លានពានកាន់កាប់ដោយខុសច្បាប់ពីកងកម្លាំងរបស់ថៃ។
តាមការរៀបរាប់ពីលោក ប៉ែន បូណា រាជរដ្ឋាភិបាលបានចាប់ផ្តើមសាងសង់ជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹកជាបន្តបន្ទាប់ហើយប៉ុន្មានថ្ងៃចុងក្រោយនេះ នៅតាមបណ្តាខេត្តមួយចំនួនតាមជាយដែន ក្រោយពីក្រសួងរៀបចំដែនដី បានកំណត់ទីតាំង និងសិក្សារួចរាល់។ លោក បានអះអាងដូច្នេះថា៖ «ការរៀបចំជម្រកបណ្តោះអាសន្នជូនប្រជាពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបានគឺជាការគិតគូរប្រកបដោយការទទួលខុសត្រូវខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីឱ្យពួកគេមានកន្លែងស្នាក់នៅសមរម្យ ដោយគិតគូរទាំងសុវត្ថិភាព ទាំងបរិស្ថាន និងសុខុមាលភាព ទម្រាំដល់ពេលដែលពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញនាពេលខាងមុខ»។

ក្រៅពីផ្តល់ជម្រកបណ្តោះអាសន្ន អ្នកនាំពាក្យខាងលើ បានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ផ្តល់ឱ្យជនភៀសសឹកនូវដំណោះស្រាយសមរម្យមួយទៅតាមស្ថានភាពជាក់ស្តែង ដើម្បីរក្សាលំនឹងជីវភាពប្រចាំថ្ងៃអំឡុងពេលដ៏លំបាកនេះ ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ក៏ដូចជាការពារសិទ្ធិប្រជាពលរដ្ឋដែលត្រូវបានរារាំងដោយកងកម្លាំងប្រដាប់អាវុធថៃមិនឱ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញ។
គួរឱ្យដឹងថា គិតមកទល់នឹងពេលនេះ នៅសល់ពលរដ្ឋភៀសសឹកចំនួនជាង៧ម៉ឺននាក់ទៀតនៅមិនទាន់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញបាននៅឡើយក្នុងចំណោមជនភៀសសឹកសរុបជាង៦៤ម៉ឺននាក់។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់ថាការផ្តល់ជម្រកបណ្តោះអាសន្នឱ្យជនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន មិនមែនមានន័យថា រាជរដ្ឋាភិបាលបោះបង់សិទ្ធិទាមទារទឹកដី ដែលកងកម្លាំងថៃកំពុងកាន់កាប់ដោយខុសច្បាប់នោះឡើយ។ លោក គូសរំលេចពីជំហររបស់រាជរដ្ឋាភិបាល ដែលប្រកាសដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានអះអាងថា រាជរដ្ឋាភិបាលដាច់ខាតមិនបោះបង់សិទ្ធិទាមទារទឹកដីក្នុងដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជានោះឡើយ។
សម្ដេចធិបតី ថា រាជរដ្ឋាភិបាលបាននិងកំពុងធ្វើការងារយ៉ាងសកម្ម និងម៉ឺងម៉ាត់បំផុត ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការដែលភាគីទាំងពីរបានឯកភាពគ្នា និងដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញា និងច្បាប់អន្តរជាតិជាធរមាន៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


