Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ថា​ ជំនួយ១លានដុល្លាររបស់ជប៉ុន នឹងជួយផ្តល់ឱកាសការងារដល់អតីតពលករ ភ្ជាប់ជាមួយការបណ្ដុះបណ្ដាលជំនាញ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងការងារ លោក ហេង សួរ អរគុណចំពោះការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនក្នុងវិស័យការងារនៅកម្ពុជា ខណៈជំនួយជាថវិកាប្រមាណ១លានដុល្លាររបស់រដ្ឋាភិបាលជប៉ុន ត្រូវបានផ្ដល់ឱ្យអង្គការអន្តរជាតិខាងការងារ (ILO) សម្រាប់កិច្ចសហការការលើកកម្ពស់មុខរបរ និងការងារដល់ពលករចំណាកស្រុកកម្ពុជា ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន។ លោក ហេង សួរ ថា តាមរយៈជំនួយនេះ នឹងជួយផ្តល់ឱកាសការងារដល់អតីតពលករកម្ពុជាត្រឡប់មកពីប្រទេសថៃ ដោយភ្ជាប់ជាមួយនឹងការបណ្ដុះបណ្ដាលជំនាញ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំនៅភ្នំពេញ បានចុះហត្ថលេខាលើលិខិតប្តូរសារក្នុងការផ្តល់ជំនួយជាថវិកាសរុបចំនួន១៥៦លានយ៉េនជប៉ុន ដែលស្មើប្រមាណខ្ទង់១លានដុល្លារអាមេរិកឱ្យទៅអង្គការ ILO សម្រាប់គម្រោងលើកកម្ពស់ការងារសម្រាប់ពលករចំណាកស្រុកដែលវិលត្រឡប់មកកម្ពុជាវិញ ដោយសាររងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

លោក ហេង សួរ បានគូសបញ្ជាក់ថា ការវិលត្រឡប់របស់ពលករកម្ពុជា តម្រូវឱ្យមានការឆ្លើយតបកម្រិតថ្នាក់ជាតិមួយប្រកបដោយការសម្របសម្រួល។ ខណៈគម្រោងនេះ លោករដ្ឋមន្ត្រី ថា ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សដ៏ទូលំទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងរួមចំណែកទៅដល់ការអភិវឌ្ឍទីផ្សារការងារសម្រាប់រយៈពេលវែង ដែលនឹងពង្រឹងសមត្ថភាពកម្ពុជាក្នុងការតភ្ជាប់អតីតពលករ ទៅកាន់ការអភិវឌ្ឍជំនាញ សេវាកម្មមុខរបរ និងការងារ និងជីវភាពរស់នៅប្រកបដោយផលិតភាព សំដៅជួយឱ្យពួកគាត់កសាងជីវិតឡើងវិញដោយមានកិត្តិយស។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោករដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រ និងបង្កើតគម្រោងនេះឡើង តាមការស្នើសុំរបស់ក្រសួងការងារ ក៏ដូចជាអរគុណអង្គការ ILO សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ដែលធានាថាអតីតពលករមិនត្រឹមតែទទួលបានការសមាហរណកម្មប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានពង្រឹងសមត្ថភាពឱ្យអាចកសាងអនាគតដែលមានស្ថិរភាព មានផលិតភាព និងមានកិត្តិយស នៅក្នុងមាតុភូមិរបស់ខ្លួន។

គួរជម្រាបថា លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី «ការលើកកម្ពស់មុខរបរនិងការងារដល់ពលករចំណាកស្រុកត្រឡប់មកវិញ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន» ដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតរបស់ជប៉ុនប្រចាំកម្ពុជា និងលោកស្រី ស៊ាវយៀន ឈាន នាយិកាការិយាល័យអង្គការ ILO ប្រចាំកម្ពុជា ឡាវ និងថៃ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នៅស្ថានទូតជប៉ុន។

គម្រោងនេះមានរយៈពេល២៤ខែ និងដឹកនាំដោយ ILO និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដោយមានការគាំទ្រពីក្រសួងការបរទេសជប៉ុន ក្នុងទំហំទឹកប្រាក់ប្រមាណ១លានដុល្លារអាមេរិក ដែលនឹងជួយពលករចំណាកស្រុកឱ្យទទួលបានការងារសមរម្យ និងធ្វើសមាហរណកម្មចូលក្នុងសេដ្ឋកិច្ចក្នុងស្រុក តាមរយៈកញ្ចប់រួមគ្នានៃការគាំពារមុខរបរនិងការងារ និងសេវាកម្មជំនាញ។ ក្នុងគម្រោងនេះ មានការបង្កើតមជ្ឈមណ្ឌលធនធានពលករចំណាកស្រុកថ្មីចំនួន ៣ ក្នុងខេត្តដែលមានពលករវិលត្រឡប់មកវិញច្រើន គឺខេត្តឧត្តរមានជ័យ ពោធិ៍សាត់ និងព្រះវិហារ ដើម្បីផ្តល់សេវាពិគ្រោះយោបល់ ការចុះផ្សព្វផ្សាយ ការប្រមូលទិន្នន័យ និងជំនួយផ្នែកច្បាប់៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម