Connect with us

ព័ត៌មានជាតិ

រោងចក្រឧស្សាហកម្ម​​ធំៗ​​បន្ត​បន្ទាប់ កំពុង​មាន​វត្តមាន​បោះទុនវិនិយោគ​ក្នុង​ខេត្ត​ពោធិសាត់

បានផុស

នៅ

​ខេត្ត​ពោធិ៍សាត់ បាន​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​ធំៗ​ដែល​មាន​មុខ​សញ្ញា​​​វិនិយោគ​រោងចក្រផលិត​សម្លៀកបំពាក់ រោងចក្រ​ផលិត​សម្ភារ​អគ្គិសនី និង​រោងចក្រ​ដំឡើង​រថយន្តជាដើម។

​ក្រុមហ៊ុន Ford របស់អាមេរិក​មាន​រោងចក្រ​ដំឡើង​រថយន្តនៅក្នុង​ខេត្តពោធិ៍សាត់ រួមទាំង​ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកដ៏ធំ​របស់ជប៉ុន​ Minebea ក៏​កំពុង​​វិនិយោគនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​ខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីឆ្នាំ ២០២៤ រោងចក្រដំឡើងរថយន្តអគ្គិសនីដំបូង ក៏​ចាប់ផ្តើមសាងសង់នៅខេត្តពោធិ៍សាត់។ ក្រៅពីនេះ ក្នុង​ខេត្តក៏មានរោងចក្រកាត់ដេរចំនួន ៥ ដែល​បង្កើត​​ឱកាស​ការងារ​ជាង ៦ ពាន់កន្លែង​សម្រាប់ពលរដ្ឋក្នុងស្រុក។

នៅក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនហ្សូម៉ូធ័រ ខេមបូឌា នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ លោក កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល បាន​ឲ្យ​ដឹង​ថា ខេត្តពោធិ៍សាត់ គឺជាទីតាំងដ៏មានសក្តានុពលសម្រាប់បង្កើតតំបន់អភិវឌ្ឍន៍ថ្មី ដោយសារខេត្តនេះមានហេដ្ឋារចនាសម្ព័ន្ធល្អ ទាំងផ្លូវថ្នល និងផ្លូវដែក រួមទាំងមានប្រភពថាមពលអគ្គិសនីស្អាត។

លោកថា រាជរដ្ឋាភិបាលកម្ពុជា​ បានដាក់ចេញ​គោលដៅ​អភិវឌ្ឍខេត្តពោធិ៍សាត់​ឱ្យក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្ម និងកសិ​ឧស្សាហកម្ម។

បើតាមលោករដ្ឋមន្រ្តី វត្ត​មាន​រោងចក្រនៅលើទឹកដីខេត្តពោធិ៍សាត់ បាន​ជួយ​ជំរុញ​ដល់ដំណើរការ​សេដ្ឋកិច្ចក្នុងខេត្ត និងលើកកម្ពស់ជីវភាពប្រជា​ពលរដ្ឋ​ឲ្យ​ល្អ​ប្រសើរ​ថែម​ទៀត។

លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា អគ្គនាយក្រុមហ៊ុនមីនេបៀបាន​ថ្លែង​ថា បន្ទាប់ពីដំណើរការ​រោងចក្រ​នៅតំបន់សេដ្ឋកិច្ចពិសេសរាជធានីភ្នំពេញ ក្រុមហ៊ុនបានចាប់ផ្តើម​​ដំណើរការ​រោងចក្រទី២ សាខា​នៅ​​ក្នុង​ខេត្តពោធិ៍សាត់​ដែល​មាន​ផលិតគ្រឿងបន្លាស់ម៉ាស៊ីនលម្អិតតូចៗ សម្រាប់ផ្គត់ផ្គង់រថយន្តជាច្រើនប្រភេទ ផលិតម៉ូទ័រខ្នាតកង្ហារ ឧបករណ៍​អ៊ុបទិក​សម្រាប់ទូរស័ព្ទ ហ្គាមកុំព្យូទ័រ  ក្រាហ្វិកអេឡិចត្រូនិក អំពូលភ្លើងឆ្លាតវៃសម្រាប់​ទីសាធារណ: ឧបករណ៍វាស់ឈាម និងឧបករណ៍ប្រើប្រាស់សម្រាប់ផ្ទះបាយ។

លោកអគ្គនាយកបញ្ជាក់​ថា រោងចក្រមីនេបៀនៅខេត្តពោធិ៍សាត់នេះ នឹង​ក្លាយជាមូលដ្ឋានខ្សែ​សង្វាក់​ផលិតកម្ម​ខ្នាតធំសម្រាប់នាំចេញទៅកាន់ពិភពលោក។

លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា តាមរយៈ​វត្តមាន​រោងចក្រ​សហគ្រាស​នៅក្នុង​ខេត្ត​បាន​​​បង្កើតឱកាស​ការងារដល់ពលរដ្ឋក្នុងស្រុក និង​​បានជួយ​​​ជំរុញដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចក្នុង​ខេត្ត​ឲ្យរីកចម្រើនបន្ថែមទៀត៕


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម