Connect with us

ព័ត៌មានជាតិ

រតនគិរី ប្រារព្ធទិវាជាតិសុខភាពមាតា ទារក ដើម្បីលើកកម្ពស់ការយល់ដឹងពីការថែទាំសុខភាពអំឡុងពេលមានគភ៌

បានផុស

នៅ

សាខាកាកបាទ ក្រហមកម្ពុជា ខេត្តរតនគិរី បានប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុង  បរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ”។

ទិវានេះ ត្រូវបានប្រារព្វឡើង នៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកកូនមុំ ក្រោមអធិបតីភាពលោកស្រី  ឃឹម សុខឃាង  ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តរតនគិរី លោកស្រី ទិត្យចិន្តា អភិបាលរងខេត្ត និងលោកនាយកសាខាមន្ត្រីសាខា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញស្រុក ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន ស្ត្រីមានកូនតូច សរុបប្រមាណជាង១០០នាក់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ឃឹម សុខឃាង បានលើកឡើងថា គោលបំណង នៃការប្រារព្ធទិវានាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយសារលិខិតរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែន​ការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ ។

លោកស្រីបន្តទៀតថា  ទិវាជាតិសុខភាពមាតា ទារក និងកុមារ  គឺស្របតាមការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជាចំពោះចក្ខុវិស័យរួម ប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយ សុខភាព និងសុខុមាលភាព ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ លោកស្រីក៏បានអំពាវនាវដល់ស្រ្តីមានផ្ទៃពោះ ទៅពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច៤ដង អំឡុងមានគភ៌ ទៅតាមការកំណត់របស់គ្រូពេទ្យដើម្បីសុខភាពមាតានិងទារក។

លោកស្រីក៏បានសំណូមពរ ទៅកាន់អាជ្ញាធរមូលដ្ឋាន ត្រូវជួយសហការរៀបចំ ស្វែងរកជំនួយ ជួយដល់ស្ត្រី ដែលត្រូវទៅសម្រាល និងជួយដោះស្រាយមធ្យោបាយធ្វើដំណើរ ឬរថយន្តគិលានសង្គ្រោះ ដើម្បីបញ្ជូនស្ត្រីទៅមន្ទីរពេទ្យឱ្យបានទាន់​ពេលវេលា ក្នុងពេលស្ត្រីជួបបញ្ហា ឬមានសញ្ញាគ្រោះថ្នាក់ណាមួយ។

នាឱកាស ទិវាជាតិសុខភាពមាតា ទារក និងកុមារ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយចែកជូនដល់ស្ត្រីមានផ្ទៃពោះចំនួន ២៦នាក់ ក្នុង១នាក់ទទួលបាន ពូកឈុតកូនក្មេង ១ ស្រោមដៃ ស្រោមជើងកូនក្មេង ១គូ ខោអាវមួកកូនង៉ែត ១ឈុត ម្សៅកូនក្មេង ១កំប៉ុង សាប៊ូកូនក្មេង ១ដប និងថវិកាមួយចំនួន។ ចំណែកយុវជនអ្នកស្ម័គ្រចិត្ត និងសិស្សានុសិស្សចំនួន ៨០ នាក់ ក្នុង១នាក់ទទួលបានសៀវភៅ ៥ក្បាល និងប៊ិក ២ដើម ផងដែរ៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម