Connect with us

ព័ត៌មានអន្ដរជាតិ

ភ្នំភ្លើង​សកម្ម​នៅ​ហ្វី​លីពីន​​ផ្ទុះ​បញ្ចេញ​ផេះ​ទៅ​​លើ​​មេឃ​​កម្ពស់​​ជាង​ ២ ៥០០ម៉ែត្រ

បានផុស

នៅ

ភ្នំភ្លើងមួយបានផ្ទុះឡើងនៅភាគកណ្តាលប្រទេសហ្វីលីពីននាល្ងាចថ្ងៃព្រហស្បតិ៍ ថ្ងៃទី២៦​ខែកុម្ភៈ ដោយ​​បញ្ចេញ​ផេះ​​កម្ពស់​ប្រហែល ២ ៥០០ម៉ែត្រ​ទៅ​លើ​មេឃ​នា​​ពេល​យប់​។ ការ​ផ្ទុះ​នេះ​មាន​រយៈពេល​ពីរ​នាទី​ ចាប់ផ្តើមនៅម៉ោង ៧:០៤យប់​។ នេះ​បើយោង​តាមភ្នាក់​ងារ​សារព័ត៌មាន​បារាំង​ AFP នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៦ ។​

ផ្ទុះភ្នំភ្លើង Kanlaon នៅហ្វីលីពីន​។ រូបភាព៖ Facebook/Ethan Asentista
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Teresito Bacolcol នាយក​ទីភ្នាក់​ងារ​ភ្នំភ្លើង​រដ្ឋ​​នៃ​ប្រទេសហ្វីលីពីន បាន​ប្រាប់ AFP ថា៖ «វា​អាច​​មាន​ការ​ផ្ទុះ​ដ៏​ខ្លាំង​ក្លា​ជាង​នេះ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ»។

គួរ​បញ្ជាក់​ថា ​ភ្នំភ្លើង Kanlaon ជា​ភ្នំ​ភ្លើង​សកម្ម​មួយ​ក្នុង​ចំណោម​ភ្នំ​ភ្លើង​សកម្ម​ចំនួន២៤ ​ប្រជុំ​កោះ​ក្នុងប្រទេសហ្វីលីពីន​បាន​ផ្ទុះ​ឡើង​យ៉ាង​ខ្លាំង ​ច្រើន​លើក​ក្នុងរយៈពេល​មួយ​សតវត្សរ៍​កន្លងមកនេះ រួម​ទាំង​ការ​ផ្ទុះ​នៅ​ឆ្នាំ១៩៩៦ និង​សម្លាប់​អ្នកឡើងភ្នំ​បីនាក់ ដែល​ពួក​គេ​នៅ​ជិត​កំពូល​ភ្នំ​ក្នុង​​ខណៈ​​ពេល​​ផ្ទុះ​នោះ។

​នាយក​ទីភ្នាក់ងារ​ភ្នំភ្លើង​ លោក Bacolcol និយាយ​នៅ​ក្នុងបទសម្ភាសន៍​តាម​ទូរស័ព្ទ​ថា៖«នេះ​គឺ​ជា​ការ​ផ្ទុះ​កម្រិត​មធ្យម​លើក​ទីពីរ​ក្នុង​មួយសប្តាហ៍។ យ៉ាងណា​ក្រុម​ការងារ​នឹង​តាមដាន​ភ្នំភ្លើង​នេះរយៈពេល២៤ម៉ោង មុន​សម្រេចចិត្តថា​តើ​ ​គួរ​​តែបង្កើន​កម្រិតប្រកាសអាសន្នឬអត់»។

មជ្ឈមណ្ឌល​ភ្នំភ្លើង​លើក​ឡើង​ក្នុង​សេចក្តីថ្លែង​ការណ៍​មួយ​ថា​៖ «ព្រឹត្តិ​ការណ៍​នេះ​បាន​បង្កើត​ជាផ្សែងហុយឡើង​ដល់កម្ពស់ ២ ៥០០ម៉ែត្រ​ពី​លើ​រណ្ដៅ​ភ្នំភ្លើង​មុន​ពេល​រសាត់​ទៅភាគនិរតី។ ផ្កា​​ភ្លើង​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ធ្លាក់​នៅជុំវិញរណ្ដៅ​ភ្នំ​ភ្លើង​នោះ​»។  

លោក John De Asis អ្នក​ជួយសង្គ្រោះ​ម្នាក់នៅ​ក្នុង​ទី​ក្រុង La Castellana ប្រាប់​ AFP ថា ផេះ​បាន​ចាប់ផ្តើមធ្លាក់​មក​លើ​សង្កាត់​មួយ​ចំនួន​ក្នុងតំបន់។

លោក​បន្ត​ថា​៖ «យប់នោះ​ យើង​បានឮសំឡេងផ្ទុះ​ខ្លាំង​ភ្លាមៗ បន្ទាប់​ពី​ពីរបីនាទី មនុស្ស​ចាប់ផ្តើមរាយការណ៍​ថា ​មានផេះ​ធ្លាក់​ក្នុង​តំបន់​របស់​ពួកគេ»។

គួរ​ឱ្យ​ដឹង​ថា ​ភ្នំភ្លើង​នេះ ស្ថិត​នៅចន្លោះ​ខេត្ត Negros Oriental និង Occidental បច្ចុប្បន្ន​មាន​តំបន់​ហាមឃាត់​ចម្ងាយ៤ គីឡូ​ម៉ែត្រ​។

ប្រទេស​ហ្វីលីពីន​ស្ថិត​លើតំបន់​មានសកម្មភាពរញ្ជួយ​ដី​នៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក គេស្គាល់ថា​ «រង្វង់ភ្លើង» ជា​កន្លែង​ដែល​ភ្នំ​ភ្លើង​ជាង​ពាក់​កណ្តាល​របស់ពិភព​លោក​ឋិត​នៅ។

ការផ្ទុះភ្នំភ្លើងដ៏ខ្លាំង​ក្លាបំផុតនៅក្នុងប្រទេសហ្វីលីពីន​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំថ្មីៗនេះ គឺផ្ទុះ​ភ្នំភ្លើង Pinatubo ក្នុងឆ្នាំ១៩៩១ ចម្ងាយ​ប្រហែល ១០០គីឡូ​ម៉ែត្រ​ពីទីក្រុង​ម៉ានីល និង​សម្លាប់​មនុស្ស​ជាង​ ៨០០នាក់៕

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម