Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនដ្រូនកំពូលរបស់អ៊ុយក្រែន បើករោងចក្រនៅអង់គ្លេស ដើម្បីពង្រឹងការការពារជាតិ

បានផុស

នៅ

កង​កម្លាំង​ប្រដាប់​អាវុធ​អ៊ុយក្រែន​នឹងអាចការពារខ្លួន​កាន់​តែ​ប្រសើរ​ឡើង​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​ដ៏ខ្លាំង​ក្លា​របស់រុស្ស៊ី បន្ទាប់​ពី​ក្រុម​ហ៊ុន​ផលិត​យន្ត​ហោះ​គ្មានមនុស្ស​បើក​(ដ្រូន)ធំជាង​គេ​មួយ​របស់​អ៊ុយ​ក្រែន​ ​បើក​ដំណើរ​ការ​រោងចក្រ​ថ្មី​មួយ​នៅទី​ក្រុង​ Suffolk ក្នុង​ចក្រភព​អង់​គ្លេស​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
​រោង​ចក្រ​របស់ ​Ukrspecystems ក្នុង​ចក្រភព​អង់​គ្លេស។ រូបភាព៖ DIE

យោង​តាម​ការ​ចុះផ្សាយ​នៅ​គេហទំព័រ GOV.UK កាល​ពី​ថ្ងៃ​ទី​២៦ខែកុម្ភៈ បួន​ឆ្នាំបន្ទាប់ពី​ការឈ្លានពាន​ខុសច្បាប់របស់​រុស្ស៊ី​ ចក្រ​ភព​អង់​គ្លេស​កំពុង​គាំទ្រ​អ៊ុយក្រែន​ដោយ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​រោង​ចក្រ​ផលិតដ្រូន​​ ​Ukrspecsystems ថ្មី​មួយ​នៅសកល​វិទ្យា​ល័យ​ East Anglia។

គួរ​បញ្ជាក់​ថា​ ចក្រភពអង់គ្លេសពីមុន​បាន​បញ្ជាទិញ​យន្តហោះគ្មាន​មនុស្សបើក​ម៉ាក​ SHARK និង Mini-SHARK ជាង ៨០គ្រឿងពី​រោង​ចក្រ​របស់ ​Ukrspecystems ក្នុង​ប្រទេសអ៊ុយក្រែន ដែល​ជួយសង្រ្គោះ​ជីវិត​អ៊ុយក្រែន​ដោយ​ប្រយុទ្ធ​ប្រឆាំង​នឹង​សង្គ្រាម​របស់​រុស្ស៊ី​ ​តាម​រយៈ​ការ​ឃ្លាំ​មើល​ កំណត់​គោល​ដៅ​ និង​សមត្ថភាព​ការពារ​ខ្លួន​។​

រោង​ចក្រ​ផលិត​ដ្រូនរបស់​​ចក្រភព​អង់គ្លេស​ Ukrspecsystems បាន​ជ្រើស​រើស​ទី​តាំង​នៅតំបន់​ Mildenhall និង Elmsett ក្នុង​ទីក្រុង​ Suffolk សម្រាប់​ទី​តាំង​ថ្មី​ ​ជា​កន្លែងសាក​ល្បង និង​បណ្តុះ​បណ្តាលដោយ​ផ្ទាល់​​។

ការវិនិយោគចំនួន ២៦០លានដុល្លារបស់​ក្រុមហ៊ុន​នឹង​បង្កើត​ការងារ​រហូតដល់ ៥០០កន្លែង នៅ​ទីតាំងនានា និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់​របស់​ចក្រភពអង់គ្លេស​កាន់​តែ​ទូលំទូលាយ។

លោក Luke Pollard រដ្ឋ​មន្ត្រីក្រសួងការពារជាតិ និងឧស្សាហកម្មនិយាយ​ថា​៖ « ការប្តេជ្ញា​ចិត្ត​របស់​យើងក្នុងការគាំទ្រអ៊ុយក្រែន​គឺខ្លាំង​ជាង​ពេល​ណាៗទាំងអស់ ហើយ​យើង​កំពុងគាំទ្រផ្នែក​​កង​កម្លាំង​ប្រដាប់​អាវុធ​ដ៏​ក្លាហាន​របស់អ៊ុយក្រែន ខណៈ​ពួក​គេ​ប្រយុទ្ធដើម្បី​សន្តិភាព»។

ឯក​អគ្គរដ្ឋទូត​អ៊ុយក្រែនប្រចាំចក្រភពអង់គ្លេស លោក Valerii Zaluzhnyi មានប្រសាសន៍ថា៖ «រោងចក្រនេះតំណាង​ឱ្យច្រើនជាង​កិច្ច​សហ​ប្រតិបត្តិការឧស្សាហកម្ម  វាគឺជាផ្នែកមួយគម្រោង​ការ​សន្តិសុខ​អឺរ៉ុប​ថ្មី​ បង្កើតឡើងដោយ​ផ្អែក​លើការ​ទទួល​ខុស​ត្រូវ​រួម​គ្នា និង​ផលិត​កម្ម​រួម​គ្នា​។ អ៊ុយ​ក្រែន​នាំ​មកនូវបទពិសោធន៍សមរភូមិ និងភាពច្នៃប្រឌិតរួម​គ្នា​ជាមួយចក្រភពអង់គ្លេស យើង​កំពុង​ពង្រឹង​សមត្ថភាព​ដើម្បី​ទប់ស្កាត់ការឈ្លានពាន»។

ចំណែក លោក Rory Chamberlain នាយក​ក្រុមហ៊ុន Ukrspecsystems UK និយាយ​ថា​៖ « បួនឆ្នាំ​បន្ទាប់​ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន​យ៉ាងពេញ​ទំហឹង រោង​ចក្រនេះ​បាន​ផ្តល់​នូវសារៈ​សំខាន់ដូចជា​ ការ​ផ្គត់ផ្គង់​ប្រកប​ដោយ​សុវត្ថិ​ភាព ធនធាន​ និង​គាំទ្រ​ប្រកប​ដោយ​ចីរភាព​សម្រាប់​អ៊ុយក្រែន»។

តាម​រយៈការបង្កើត​ផលិតកម្ម​នៅ​ក្នុងចក្រភពអង់គ្លេស ក្រុមហ៊ុន ​Ukrspecsystems កំពុង​បង្កើន​ភាពធន់​នៃមូលដ្ឋាន​ឧស្សាហកម្ម​ការពារ​​ជាតិរបស់​អង់គ្លេស និង​ផ្តល់​នូវ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ដែលអាចទុកចិត្តបាន ​និង​ធានា​ថាដ្រូន​​ដែល​កងកម្លាំងប្រដាប់អាវុធ​អ៊ុយក្រែន​ប្រើ​ប្រាស់​អាច​ត្រូវ​ផលិត​​ និង​បង្កើត​មាត្រ​ដ្ឋាន​ដោយ​គ្មាន​ការ​រំខាន​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម