Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត និងមន្ទីរព័ត៌មានស្វាយរៀង បន្តពង្រឹងវិជ្ជាជីវៈសារព័ត៌មាន ដើម្បីតម្រង់ទិសអ្នកសារព័ត៌មាន

បានផុស

នៅ

នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ មន្ទីរព័ត៌មានខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំពិភាក្សាដោះស្រាយករណីការអនុវត្តវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ក្រោមអធិបតីភាព លោក ម៉ែន អេង អភិបាលរងខេត្ត និងមានការចូលរួមពីលោក ដាំ ឃុនពិសី ប្រធានមន្ទីរស្តីទី មន្ទីរព័ត៌មានខេត្ត រួមទាំងប្រធាន-អនុប្រធានការិយាល័យជំនាញ និងតំណាងអង្គភាពសារព័ត៌មានពាក់ព័ន្ធ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តស្វាយរៀង ក្នុងស្មារតីលើកកម្ពស់តម្លៃសេរីភាពសារព័ត៌មាន និងការទទួលខុសត្រូវខ្ពស់ចំពោះមុខច្បាប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំនេះធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយថា តើថ្នាក់ដឹកនាំនឹងមានវិធានការណ៍បែបណាចំពោះម្ចាស់ សណ្ឋាគារ ៣៣៣ នៅខេត្តស្វាយរៀងដែលបានបំពានអនុក្រឹត្យ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ក្នុងការបង្ក្រាប និង លុបបំបាត់ទាំងស្រុងនូវឧក្រិដ្ឋកម្មឆបោកតាមអនឡាញនៅ កម្ពុជា។ លោកអភិបាលរងខេត្ត បានលើកឡើង និងបានពន្យល់យ៉ាងលម្អិតអំពីទិដ្ឋភាពច្បាប់ និងនយោបាយ ដោយលើកយក អនុក្រឹត្យលេខ ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ដែលរដ្ឋបាលខេត្តបាននិងកំពុងអនុវត្តយ៉ាងតឹងរ៉ឹងបំផុត។ លោកអភិបាលរងខេត្ត បានរម្លឹកយ៉ាងច្បាស់នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ដែលបានក្រើនរម្លឹកដល់អ្នកសារព័ត៌មានថា «អ្នកសារព័ត៌មាន កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» ។

ទន្ទឹមនឹងនោះដែរ លោកប្រធានមន្ទីរស្តីទី ក៏បានរម្លឹកពីសេចក្តីជូនដំណឹង លេខ ០០៨/២៦ ស.ជ.ណ ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តក្នុងការចាត់វិធានការបង្រ្កាបដោយមិនលើកលែង ចំពោះសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) រហូតដល់សកម្មភាពភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ត្រូវបានបោសសម្អាត ទាំងស្រុងក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។

នៅក្នុងកិច្ចប្រជុំនេះ ថ្នាក់ដឹកនាំបានលើកឡើងនូវចំណុចខ្វះខាតធ្ងន់ធ្ងររបស់អ្នកសារព័ត៌មាន ដែលបានយកវីដេអូមិនពាក់ព័ន្ធមកកាត់តបញ្ចូលគ្នា ធ្វើឱ្យមានការភាន់ច្រឡំ និងបង្ហាញថាអាជ្ញាធរមិនអើពើ និងមិនចាត់វិធានការឆ្លើយតប។ ការប្រើប្រាស់បច្ចេកទេសក្នុងចេតនាបំភ្លៃការពិតបែបនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលតម្រូវឱ្យមានសច្ចភាព និងតុល្យភាពព័ត៌មាន។

ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត និងលោកប្រធានមន្ទីរស្តីទី បានបញ្ជ្រាបការអប់រំយ៉ាងស៊ីជម្រៅអំពី ច្បាប់ស្តីពីរបបសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន និងបានផ្តល់មតិអប់រំ ការណែនាំយ៉ាងម៉ឺងម៉ាត់ ប៉ុន្តែពោរពេញដោយសេចក្តីស្រឡាញ់ចំពោះអ្នកសារព័ត៌មានថា អ្នកសារព័ត៌មាន គឺជាអ្នកនាំសារ មិនមែនជាអ្នកបង្កើតសាច់រឿងនោះទេ។ ការយកវីដេអូមិនពាក់ព័ន្ធមកកាត់តបញ្ចូលគ្នា ដើម្បីបង្កើតជាព័ត៌មានបំភ្លៃការពិត មិនត្រឹមតែបំផ្លាញកិត្តិយសខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែវាបានបំផ្លាញទំនុកចិត្តពីមហាជនមកលើវិស័យសារព័ត៌មានទាំងមូល។

រដ្ឋបាលខេត្ត បានចាត់ទុកអ្នកសារព័ត៌មានគឺជាដៃគូមិនអាចខ្វះបាន ក្នុងការជួយឆ្លុះបញ្ចាំងតម្រូវការរបស់ប្រជាពលរដ្ឋ ប៉ុន្តែត្រូវស្ថិតក្នុងក្របខណ្ឌនៃច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈជាធំ ជាពិសេសគឺការចុះផ្សាយព័ត៌មានដែលមានប្រភព និងរូបភាពវីដេអូពិតប្រាកដ៕

ដោយ៖ ភក្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម