Connect with us

សេដ្ឋកិច្ច

ការនាំចេញរបស់កម្ពុជាទៅអាមេរិក​កើនឡើងជិត៤០%ក្នុងរយៈពេល២ខែដើមឆ្នាំ

បានផុស

នៅ

សហរដ្ឋអាមេរិក​នៅតែ​ជា​ទីផ្សារ​នាំចេញ​ទំនិញ​ធំជាង​គេ​របស់​​កម្ពុជា​ដែល​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់ជាង ២,២៦ ពាន់លានដុល្លារ ​នៅ​ក្នុង​រយៈពេល ២ ខែ (មករា-កុម្ភៈ) ឆ្នាំ ២០២៦ ​កើន​ឡើងជាង ៣៩% ​ប្រៀបធៀប​នឹង​រយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ ​នេះបើយោងតាម​អគ្គ​នា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE)។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យរបស់ ​GDCE ​បង្ហាញថា ​គិចាប់ពី​ខែមករា ដល់ខែកុម្ភៈ ​ឆ្នាំ ២០២៦ ​ទំហំ​ពាណិជ្ជ​កម្មទ្វេភាគី​កម្ពុជា-អាមេរិក សម្រេចបាន ​២,៣៤ ​ពាន់លានដុល្លារ កើនឡើងជិត ៤០% ​ក្នុងនោះកម្ពុជា​នាំចេញ​ទៅ​អាមេរិក មានទំហំ២, ២៦ ពាន់លានដុល្លារ កើនឡើង ៣៩% ចំណែកអាមេរិក​នាំ​ចូលមកវិញ មានតម្លៃ​ជាង​ ៨០ លានដុល្លារ កើន ៣៤,២%។​

​លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​មានប្រសាសន៍ថា កម្ពុជាបន្តរក្សាបាននូវទីផ្សារ​សហរដ្ឋអា​មេរិក ដែលជាទីផ្សារធំមួយសម្រាប់ការនាំចេញសម្លៀកបំពាក់ វាយនភណ្ឌ ស្បែកជើង សម្ភារធ្វើ​ដំណើររបស់កម្ពុជា។

​លោកបណ្ឌិត គី សិរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា កម្ពុជា​ត្រូវ​បង្កើនពិពិធកម្មទីផ្សារ ដើម្បីត្រៀមខ្លួនពីហានិភ័យផ្សេងៗ ខណៈទំនិញកម្ពុជា​ភាគច្រើនពឹងផ្អែក​លើ​ទីផ្សារ​អាមេរិក។​

​លោកបន្ថែមថា ​កម្ពុជា​ត្រូវអភិវឌ្ឍកម្លាំងពលកម្ម ​ដោយត្រូវបង្កើតជំនាញឱ្យបានច្រើន លើកទឹក​ចិត្តឱ្យ​យុវជនចូលរៀនជំនាញវិជ្ជាជីវៈ ដើម្បីឱ្យពួកគាត់មានជំនាញច្បាស់លាស់ក្នុង​ការចូល​បម្រើ​ការ​ងារ។

​ទំនិញ​ដែល​កម្ពុជា​នាំចេញ​ទៅ​អាមេរិក​មាន​ដូចជា សម្លៀកបំពាក់ សម្ភារធ្វើដំណើរ កង់ និង​សម្ភារ​ប្រើ​ប្រាស់មួយចំនួនទៀត។ ​ចំណែកឯ​អាមេរិក​នាំចូល​មកវិញ មាន​ដូច​ជារថយន្ត គ្រឿង​យន្ត គ្រឿង​អលង្ការ គ្រឿង​សំអាង សម្ភារ​អគ្គិសនី អេឡិចត្រូនិក និង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត។ ​

​យោងតាមក្រសួងពាណិជ្ជកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេភាគីកម្ពុជា-អាមេរិក ​សម្រេច​បាន ​១៣,១៤ ​ពាន់លានដុល្លារ ​កើនឡើង ២៩,២៤% ​ក្នុងនោះ ​កម្ពុជានាំចេញទៅអាមេរិក មានតម្លៃ ​១២,៧៣ ​ពាន់លានដុល្លារ កើនឡើង​២៨,៤៨% ​ចំណែក​អាមេរិកនាំចូលមកវិញមានតម្លៃ ៤១៧ លានដុល្លារ កើនឡើង ៥៧,៨៣%៕​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម