Connect with us

ព័ត៌មានជាតិ

កម្ពុជា-កាណាដា បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ សន្តិសុខសង្គម និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ

បានផុស

នៅ

កាលពី​រសៀល​ថ្ងៃ​ទី ១៨ ខែ​មីនា ឆ្នាំ ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​អនុញ្ញាត​ឲ្យ លោក គ្រីស្ទៀន ដេរ៉ូហ្ស (Christian DesRoches) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ប្រទេស​កាណាដា​ប្រចាំ​កម្ពុជា ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួង ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ការងារ សន្តិសុខ​សង្គម និង​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស នៃ​ជំនួប​នោះ លោក​រដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ លោក​ឯក​អគ្គ​រដ្ឋ​ទូត និង​សហការី ព្រមទាំង​បាន​អបអរសាទរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការ​បើក​ដំណើរការ​ស្ថានទូត​កាណាដា​នៅ​កម្ពុជា​ឡើង​វិញ។ លោក​បាន​គូស​បញ្ជាក់​ថា នេះ​គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព នៃ​ទំនាក់ទំនង​ការទូត​ដ៏​រឹងមាំ និង​ជិតស្និទ្ធ​រវាង​ប្រទេស​ទាំងពីរ។

ទន្ទឹម​នឹង​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​អំពី​ការ​យកចិត្តទុកដាក់​ខ្ពស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​មូលធន​មនុស្ស តាមរយៈ​ការ​ផ្តល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​ប្រកប​ដោយ​គុណភាព និង​បរិយាបន្ន ជូន​ដល់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន ដើម្បី​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ​ក្នុង​សម័យកាល​បច្ចេកវិទ្យា​ទំនើប និង​ការ​ផ្លាស់ប្ដូរ នៃ​សេដ្ឋកិច្ច​សកល។

ជា​ការ​ឆ្លើយតប លោក គ្រីស្ទៀន ដេរ៉ូហ្ស បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ស្វាគមន៍ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នានា​ដែល​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​សម្រេច​បាន នា​ពេល​កន្លង​​មក។ លោក​ឯកអគ្គរដ្ឋទូត ក៏បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​រដ្ឋាភិបាល​កាណាដា ក្នុង​ការ​ពង្រីក​ការ​គាំទ្រ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាមួយ​កម្ពុជា​លើ​វិស័យ​អាទិភាព រួមមាន ៖ ការ​ពង្រឹង​ប្រព័ន្ធ​សន្តិសុខ​សង្គម និង​ការ​លើក​កម្ពស់​ស្តង់ដារ នៃ​ការ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET)។

ជំនួប​ពិភាក្សា​នេះ បាន​បញ្ចប់​ទៅ​ក្នុង​បរិយាកាស​ស្និទ្ធស្នាល និង​យោគយល់​គ្នា​ខ្ពស់ ដោយ​ភាគី​ទាំងពីរ​បាន​ឯកភាព​បន្ត​កិច្ច​សន្ទនា និង​កិច្ច​សហការ​យ៉ាង​ជិតស្និទ្ធ ដើម្បី​ឧត្ដម​ប្រយោជន៍​សម្រាប់​ប្រជាជន នៃ​ប្រទេស​ទាំងពីរ កម្ពុជា-កាណាដា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម