ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ចរៀបចំកន្លែងត្រៀមទទួលពលរដ្ឋខ្មែរដែលអាមេរិកបញ្ជូនត្រលប់មកវិញ
ក្រសួងសង្គមកិច្ចបានរៀបចំទីតាំងមួយចំនួនដើម្បីត្រៀមទទួលពលរដ្ឋខ្មែរដែលត្រូវបានរដ្ឋាភិបាលអាមេរិកចាប់បញ្ជូនត្រលប់មកកាន់ប្រទេសកំណើតវិញ ដើម្បីស្ដារនីតិសម្បទា និងស្វែងរកការងារឱ្យធ្វើមុននឹងបញ្ជូនចូលក្នុងសហគមន៍វិញ។

អ្នកនាំពាក្យក្រសួងសង្គមកិច្ចលោក តូច ចាន់នី បានឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ថា ក្រសួងបានរៀបចំមជ្ឈមណ្ឌលត្រៀមទទួលទាំងនេះជាង១ឆ្នាំមកហើយ ដោយមានក្នុងរាជធានីភ្នំពេញ និងនៅតាមខេត្តមួយចំនួនដោយយកមណ្ឌលហ្វឹកហ្វឺនអ្នកថែទាំមនុស្សចាស់ និងស្ដារនីតិសម្បទាជនអនាថារបស់ក្រសួងសង្គមកិច្ចដើម្បីទទួលស្នាក់នៅ បណ្ដុះបណ្ដាល និងស្វែងរកការងារជូន។
លោកថា៖ «ជាការគិតគូររបស់រាជរដ្ឋាភិបាល បើគាត់មានជំនាញហើយយើងរកការងារឱ្យគាត់ធ្វើ បើអ្នកដែលមិនទាន់មានជំនាញយើងឱ្យគាត់រៀនជំនាញតាមការស្ម័គ្រចិត្តរបស់គាត់យើងមានក្រសួងការងារ និងក្រសួងសង្គមកិច្ចសហការគ្នា»។

ទោះជាយ៉ាងណាលោកមិនទាន់អាចបញ្ជាក់បានទេថាមានពលរដ្ឋខ្មែរដែលត្រូវបានអាមេរិកបញ្ជូនមកវិញនោះក្នុងចំនួនប៉ុន្មាន និងនៅពេលណានៅឡើយទេដោយរង់ចាំព័ត៌មានពីសហរដ្ឋអាមេរិកសិន។
កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច លោក ជា សុមេធី បានចុះពិនិត្យទីតាំងមជ្ឈមណ្ឌលត្រៀមសម្រាប់ទទួលពលរដ្ឋខ្មែរមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិកនៅទីតាំងមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយលោកបានបញ្ជាក់លើបណ្ដាញសង្គមរបស់លោកថា «មណ្ឌលនេះនឹងទុកដាក់ថែទាំផ្ដល់សេវាសង្គមកិច្ចដល់អ្នកទាំងនោះមុននឹងបញ្ជូនទៅជួបជុំគ្រួសារនៅសហគមន៍វិញ»។

ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ច័ន្ទរឿន គាំទ្រចំពោះការរៀបចំរបស់រដ្ឋាភិបាលកម្ពុជាក្នុងការត្រៀមទទួល និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមទាំងស្វែងរកការងារដល់ពលរដ្ឋខ្មែរដែលត្រូវអាមេរិកបណ្ដេញមកប្រទេសកំណើតវិញនេះ។
លោកថា៖ «នេះគឺជាគម្រោងចាំបាច់និងជាជំនួយវិជ្ជមានផងដែរ សម្រាប់ពលរដ្ឋដែលត្រូវបានគេបញ្ជូនពីអាមេរិកមកវិញហ្នឹង។ ព្រោះការរៀបចំបែបនេះជាការឆ្លើយតបនឹងតម្រូវការមូលដ្ឋានសម្រាប់ពួកគាត់នៅពេលដែលត្រលប់មកដល់ស្រុកខ្មែរវិញ»។
ទោះជាយ៉ាងណាលោកបណ្ឌិត ប៉ា ច័ន្ទរឿន បានឱ្យជាយោបល់ដល់រដ្ឋ គួរមានការគិតគូរបន្ថែមលើការគាំពារផ្លូវចិត្ត ព្រមទាំងយកចិត្តទុកដាក់តម្រង់ទិសពីជំនាញនិងការងារ ឬបណ្ដុះបណ្ដាលជំនាញថ្មីដែលអាចប្រើប្រាស់បាននៅកម្ពុជា ធ្វើការរៀបចំឱ្យមានឯកសាររដ្ឋបាលជូនពួកគាត់ ជាពិសេសគឺការបង្កើតឱ្យមានបណ្ដាញពលរដ្ឋខ្មែរដែលត្រូវបានអាមេរិកបញ្ជូនមកវិញពីមុនៗដើម្បីឱ្យពួកគេអាចចែករំលែកបទពិសោធន៍ជួយគ្នាបាន ក៏ដូចជាត្រូវបង្កើតឱ្យមានទំនាក់ទំនងជាមួយវិស័យឯកជនដើម្បីងាយស្រួលស្វែងរកការងារជូនពួកគាត់ផងដែរ។

យោងតាមឯកសាររបស់ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយរបស់អាមេរិកកាលពីដើមឆ្នាំ២០២៥ បានឱ្យដឹងថាមានពលរដ្ឋកម្ពុជាចំនួន ១ ៧៤៧នាក់ ស្ថិតក្នុងតារាងដែលសហរដ្ឋអាមេរិកនឹងចាប់បញ្ជូនមកកម្ពុជាបន្ទាប់ពីប្រទេសនេះបញ្ចប់នីតិវិធីចុងក្រោយនៃការបញ្ជូនចេញ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoក្រសួងការងារ សម្ដែងក្តីរន្ធត់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យកម្មករជាង១០នាក់ស្លាប់និងរបួសជាង៣០នាក់
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


