Connect with us

ព័ត៌មានជាតិ

កម្ពុជា-សិង្ហបុរីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមយ្យូអរកួតដំណាក់កាលទី២

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជានិងសាធាររណរដ្ឋសិង្ហបុរីបានដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមយ្យូអរកួតដំណាក់កាលទី២ដែលនឹងសម្រួលឱ្យប្រជាជនសិង្ហបុរីអាចស្តេនទូទាត់ថ្លៃទំនិញ និង សេវាតាមខេអេចយ្យូអរកួតនៃគណនីប្រាក់រៀលរបស់ពាណិជ្ជករប្រមាណជាង ៤,៥ លានកន្លែងនៅ ទូទាំងប្រទេសកម្ពុជាប្រកបដោយភាពងាយស្រួល លឿនរហ័សទាន់ចិត្តនិងសុវត្តិភាព។

ពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមយ្យូអរកួតដំណាក់កាលទី២នេះបានប្រព្រឹត្តិទៅនៅព្រឹកថ្ងៃទី៣០ខែមីនាឆ្នាំ២០២៦នៅសណ្ឋាគារឡឺរ៉ូយ៉ារាជធានីភ្នំពេញក្រោមអធិបតីភាព លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាដោយមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំ ព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ សមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន សមាគម ធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា ព្រមទាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៃប្រទេសកម្ពុជានិងសិង្ហបុរី សរុបប្រមាណ ១៩០ រូប។

ជាមួយគ្នានេះ លោក Chia Der Jiun នាយកគ្រប់គ្រងនៃអាជ្ញាធររូបិយវត្ថុសិង្ហបុរី ក៏បានចូលរួម តាមប្រព័ន្ធអនឡាញ និងបានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុក្នុង តំបន់អាស៊ាន និងការតភ្ជាប់ប្រព័ន្ធទូទាត់ឌីជីថលឱ្យកាន់តែរឹងមាំ។

យោងតាមសេចក្តីប្រកាសព័ត៍មានបានឱ្យដឹងថាការដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមយ្យអរកួតដំណាក់កាលទី២ (សិង្ហបុរី ស្កេនខេអេចយ្យអរកួតប្រទេសកម្ពុជា) នឹងសម្រួលឱ្យប្រជាជនសិង្ហបុរីអាចស្តេនទូទាត់ថ្លៃទំនិញ និង សេវាតាមខេអេចយ្យអរកួតនៃគណនីប្រាក់រៀលរបស់ពាណិជ្ជករប្រមាណជាង ៤,៥ លានសំន្លែងនៅ ទូទាំងប្រទេសកម្ពុជា ដោយប្រើប្រាស់កម្មវិធីធនាគារចល័តរបស់គ្រឹះស្ថាននិងហិរញ្ញវត្ថុប្រទេសសិង្ហបុរីប្រកបដោយភាពងាយស្រួល រហ័ស និងសុវត្ថិភាពដែលនឹងរួមចំណែកពង្រីកលទ្ធភាពក្នុងការធ្វើអន្តរប្រតិបត្តិការទូទាត់ឆ្លងដែនរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។

គួរបញ្ជាក់ថាសមិទ្ធផលនេះកើតចេញពីគំនិតផ្តួចផ្តើមក្នុងការអភិវឌ្ឍគម្រោងដែលមានធនាគារទំនាក់ទំនង ចំនួន ២ រួមមាន ធនាគារអេស៊ីលីដា ភីអិលស៊ី និងធនាគារហ្វីលីព ភីអិលស៊ី ដែលមានភាគទុនិកមកពី Phillip Group សិង្ហបុរី និងប្រតិបត្តិករ Liquid នៃប្រទេសសិង្ហបុរី ដែលសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែង រួមគ្នាទាំងវិស័យសាធារណៈនិងវិស័យឯកជន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ។ ការដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី ២ នេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញការតភ្ជាប់ការទូទាត់ឆ្លងដែនជាឌីជីថលស្របតាមទស្សនវិស័យរបស់អាស៊ានក្នុងការ អភិវឌ្ឍការធ្វើអន្តរប្រតិបត្តិការទូទាត់ក្នុងតំបន់ លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងការធ្វើ ប្រតិបត្តិការទូទាត់ ដើម្បីជំរុញនិងសម្រួលសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍រវាង ប្រទេសក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត សំដៅគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម