Connect with us

សេដ្ឋកិច្ច

វិស័យធានារ៉ាប់រងនៅកម្ពុជា ដើរតួនាទីដ៏សំខាន់ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម

បានផុស

នៅ

ថ្លែងបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពីការធានារ៉ាប់រងជាកាតព្វកិច្ច នៅខេត្តសៀមរាប នាថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២៦ នេះ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងថា វិស័យធានារ៉ាប់រងនៅកម្ពុជា កំពុងក្លាយជាក្បាលម៉ាស៊ីនយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យដែលត្រូវបានធានាជូនបណ្ដាប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ូ ច័ន្ទភីរូ បានបន្តថា ទោះបីជាសេដ្ឋកិច្ចសកលលោកបន្តជួបប្រទះនូវបញ្ហាប្រឈមយ៉ាងណាក្ដី សេដ្ឋកិច្ចកម្ពុជា អាចរក្សាបាននូវកំណើនល្អប្រសើរ ដែលស្ថិតក្នុងរង្វង់ ៦% ក្នុងឆ្នាំ ២០២៤។ ស្របតាម “យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី ១” និង “យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ ២០២៥-២០៣០” របស់រាជរដ្ឋាភិបាលកម្ពុជា វិស័យធានារ៉ាប់រងនៅកម្ពុជា បាននិងកំពុងដើរតួនាទីជាសមាភាគមួយដ៏សំខាន់ ក្នុងការរួមចំណែកគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ពិសេសទ្រទ្រង់ប្រព័ន្ធសន្តិសុខសង្គម តាមរយៈការបង្កើតជាសំណាញ់សុវត្ថិភាព និងការបង្កើនភាពធន់ផ្នែកហិរញ្ញវត្ថុប្រឈមនឹងហានិភ័យដែលត្រូវបានធានាជូនបណ្ដាប្រជាពលរដ្ឋ គ្រួសារ និងម្ចាស់អាជីវកម្មនានា។

លោកបញ្ជាក់ថា តាមរយៈការអង្កេត និងវាយតម្លៃរបស់និយ័តករធានារ៉ាប់រងកម្ពុជាមានកត្តាចំនួន ៣ ដែលបណ្ដាលឲ្យការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចនៅមានកម្រិតទាបរួមមាន ៖ ទី១.ម្ចាស់យានយន្ត ម្ចាស់អាជីវកម្មដែលប្រកបអាជីវកម្មដឹកជញ្ជូន និងម្ចាស់ការដ្ឋាន ពុំទាន់បានជ្រាបពីកាតព្វកិច្ចដែលត្រូវទិញធានារ៉ាប់រងសម្រាប់ការប្រកបអាជីវកម្ម។ ទី២.ការផ្សព្វផ្សាយពីការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ចដល់សាធារណជន ព្រមទាំងតួអង្គពាក់ព័ន្ធ ពុំទាន់មានភាពទូលំទូលាយ និងទី៣.ក្រសួង-ស្ថាប័នដែលមានសមត្ថកិច្ចអនុវត្ត ពុំទាន់ជ្រាបច្បាស់ពីកាតព្វកិច្ច នៃការអនុវត្តការធានារ៉ាប់រងនេះនៅឡើយ។

ក្នុងឱកាសនោះដែរ លោក លី សារី អភិបាលរងខេត្តសៀមរាប បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ការធានារ៉ាប់រងជាកាតព្វកិច្ច ដែលមានធានារ៉ាប់រងភារៈទទួលខុសត្រូវយានយន្ត ធានារ៉ាប់រងភារៈទទួលខុសត្រូវដឹកជញ្ជូនអ្នកដំណើរ និងធានារ៉ាប់រងភារៈទទួលខុសត្រូវការដ្ឋាន ពិតជាមានសារៈសំខាន់ណាស់ក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់ខេត្តសៀមរាប តាមរយៈការផ្តល់សេវាធានារ៉ាប់រងជូនដល់ម្ចាស់អាជីវកម្មដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ម្ចាស់ការដ្ឋានសាងសង់ សហគ្រាស សិប្បកម្ម និងរោងចក្រ ដែលប្រកបអាជីវកម្មក្នុងមូលដ្ឋានខេត្តសៀមរាប មានតម្រូវការដឹកជញ្ជូនផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារនៅតាមបណ្ដារាជធានី-ខេត្តដទៃទៀត និងឆ្លងកាត់ព្រំដែនផងដែរ។

គួរជម្រាបថា ដើម្បីចូលរួមពង្រឹងការអនុវត្តច្បាប់ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំ “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០” ដោយបានកំណត់យកការពង្រឹងការអនុវត្តការធានារ៉ាប់រងជាកាតព្វកិច្ច ជាផែនការអាទិភាពមួយតាមរយៈការជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ក៏ដូចជាស្ថាប័នមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ អំពី អ្វីទៅជាការធានារ៉ាប់រង? តើមានការធានារ៉ាប់រងអ្វីខ្លះ? ដែលត្រូវបានកំណត់ជាកាតព្វកិច្ចក្នុងច្បាប់៕
អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម