Connect with us

ព័ត៌មានជាតិ

កម្ពុជាបញ្ជាក់ជាថ្មីពីការគាំទ្រចំពោះយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីលើកកម្ពស់សន្តិភាពតំបន់

បានផុស

នៅ

កម្ពុជាតាមរយៈមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស បានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់កម្ពុជាចំពោះយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងគោលដៅដើម្បីលើកកម្ពស់សន្តិភាព និងស្ថិរភាពតំបន់ ដែលការបញ្ជាក់នេះ គឺបានធ្វើឡើងក្នុងសន្និសីទស្តីពីមហាសមុទ្រឥណ្ឌា នៅឯប្រទេសម៉ូរីស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សន្និសីទស្តីពីមហាសមុទ្រឥណ្ឌា ដែលបានរៀបចំធ្វើឡើងនៅទីក្រុង Port Louis សាធារណរដ្ឋម៉ូរីស គឺជាសន្និសីទលើកទី៩ បានប្រព្រឹត្តទៅកាលពីចុងសប្ដាហ៍កន្លងទៅ ក្រោមប្រធានបទ «ការទទួលខុសត្រូវរួមគ្នាសម្រាប់អភិបាលកិច្ចមហាសមុទ្រឥណ្ឌា» ដោយមានការចូលរួមពីរដ្ឋមន្រ្តី/អនុរដ្ឋមន្រ្តីនៃប្រទេសនានាជាង៣០។ ខណៈកម្ពុជា តំណាងចូលរួមដោយលោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស។

ថ្លែងក្នុងសន្និសីទនោះ លោក អ៊ុន ឃាង ក៏ដូចជាតំណាងបណ្ដាប្រទេសផ្សេងទៀត សុទ្ធតែបានលើកឡើងពីបញ្ហាដែលប្រឈមក្នុងតំបន់មហាសមុទ្រឥណ្ឌា និងស្នើឱ្យមានសកម្មភាពរួមគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនោះ។

ជុំវិញនឹងដំណោះស្រាយទាំងនោះ លោករដ្ឋលេខាធិការ អ៊ុន ឃាង បានបញ្ជាក់ជាថ្មីពីការគាំទ្ររបស់កម្ពុជាសម្រាប់យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលលើកកម្ពស់សន្តិភាព និងស្ថិរភាពតំបន់ និងមិនត្រូវប្រើប្រាស់ជាឧបករណ៍ប្រឆាំងទៅនឹងប្រទេសផ្សេងឡើយ ដោយលោកបានសង្កត់ធ្ងន់ដល់ការគោរពនូវមជ្ឈភាពអាស៊ាន រួមមានធម្មនុញ្ញអាស៊ាន និងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។

យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក (Indo-Pacific Strategy) គឺជាក្របខណ្ឌនយោបាយ និងសន្តិសុខដ៏សំខាន់មួយមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការនៅតំបន់ដែលលាតសន្ធឹងពីមហាសមុទ្រឥណ្ឌារហូតដល់មហាសមុទ្រប៉ាស៊ីហ្វិក។ យុទ្ធសាស្ត្រនេះ គឺត្រូវបានដាក់ចេញជាផ្លូវការដោយប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ ក្នុងឆ្នាំ២០១៧ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីជប៉ុន អូស្ត្រាលី និងឥណ្ឌា។

ចំពោះកម្ពុជា រាជរដ្ឋាភិបាលតែងបានបង្ហាញការគាំទ្រដល់យុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិកនេះ ជាពិសេសនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយជប៉ុន។

តាមរយៈវេទិកាស្តីពីមហាសមុទ្រឥណ្ឌា មន្ត្រីជាន់ខ្ពស់ការបរទេសខាងលើ ក៏បានគូសបញ្ជាក់ពីវិធានការនានារបស់កម្ពុជាដើម្បីពង្រឹងអភិបាលកិច្ចលំហសមុទ្រអន្តរជាតិផងដែរ ពិសេសថ្មីៗនេះ ការផ្តល់សច្ចាប័នរបស់កម្ពុជាចំពោះអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ដែលបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះច្បាប់អន្តរជាតិ ដែលសិទ្ធិ និងកាតព្វកិច្ចត្រូវបានកំណត់យ៉ាងច្បាស់លាស់ និងអនុវត្តស្នើភាពគ្នា៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម