Connect with us

ព័ត៌មានអន្ដរជាតិ

នាយករដ្ឋមន្ត្រីអេស្ប៉ាញ អំពាវនាវ​ឲ្យ​ចិនដើរតួនាទីកាន់តែសកម្មលើឆាកអន្តរជាតិ

បានផុស

នៅ

ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន លោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ បានថ្លែងកាលពីថ្ងៃចន្ទទី១៣ខែមេសាឆ្នាំ២០២៦ថា ប្រទេសចិនគួរតែបង្កើនតួនាទីឲ្យ​កាន់តែសំខាន់ក្នុងកិច្ចការសកល រួមទាំងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ សន្តិសុខ ការពារជាតិ និងការប្រយុទ្ធប្រឆាំងនឹងវិសមភាព។ នេះ​បើយោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Pedro Sanchez និង​លោក ស៊ី ជីនពីង (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Sanchez បានបញ្ជាក់ថា អឺរ៉ុបក៏នឹងត្រូវបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាទ្វេ​ដងផងដែរ នៅពេលដែលសហរដ្ឋអាមេរិកកំពុងដកខ្លួនចេញពីតួនាទីជាអ្នកដឹកនាំលើវិស័យសំខាន់ៗជាច្រើន។

ការថ្លែងរបស់លោក Sanchez ដែលជាដំណើរទស្សនកិច្ចលើកទីបួនក្នុងរយៈពេលបួនឆ្នាំមកនេះ បានធ្វើឡើងនៅសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង។ ដំណើរទស្សនកិច្ចនេះកើតឡើងក្នុងពេលដែលរដ្ឋាភិបាលលោកខាងលិចជាច្រើន កំពុងព្យាយាមរក្សាទំនាក់ទំនងជាមួយទីក្រុងប៉េកាំង ទោះបីជាមានភាពតានតឹងផ្នែកសន្តិសុខ និងពាណិជ្ជកម្មក៏ដោយ។ អេស្ប៉ាញ ត្រូវបានគេស្គាល់ថាជាប្រទេសមួយដែលគាំទ្រយ៉ាងខ្លាំងដល់ការពង្រីកពាណិជ្ជកម្ម និងចាត់ទុកចិនជាសម្ព័ន្ធមិត្តយុទ្ធសាស្ត្រ ជាជាងការចាត់ទុកជាគូប្រជែងផ្នែកសេដ្ឋកិច្ច ឬភូមិសាស្ត្រនយោបាយ។

ក្នុងសុន្ទរកថានោះ លោក Sanchez បានលើកឡើងថា ចិនអាចធ្វើបានច្រើនជាងនេះក្នុងការចូលរួមដោះស្រាយវិបត្តិអាកាសធាតុ ការលើកកម្ពស់សុខភាពសកល ការគ្រប់គ្រងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត (AI) ដោយការទទួលខុសត្រូវ ក៏ដូចជាបញ្ហាអាវុធនុយក្លេអ៊ែរផងដែរ។ លោកបានកោតសរសើរចំពោះការដែលចិនបានទាមទារ​​ឲ្យ​មានការគោរពច្បាប់អន្តរជាតិ និងការបញ្ចប់ជម្លោះនៅលីបង់ អ៊ីរ៉ង់ ហ្គាហ្សា តំបន់វេសប៊ែង និងអ៊ុយក្រែន។

ក្រៅពីកិច្ចការនយោបាយ ដំណើរទស្សនកិច្ចនេះក៏ផ្តោតសំខាន់លើសេដ្ឋកិច្ចផងដែរ។ លោក Sanchez បានលើកឡើងថា ចិនបានរួមចំណែកដល់ទៅ ៧៤ភាគរយនៃឱនភាពពាណិជ្ជកម្មសរុបរបស់អេស្ប៉ាញ។ អេស្ប៉ាញ​សង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងជួយកាត់បន្ថយឱនភាពពាណិជ្ជកម្ម ដែលបានកើនឡើងទ្វេដងក្នុងរយៈពេលបួនឆ្នាំទៅដល់​ជិត ៥០ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៥។ អេស្ប៉ាញកំពុងសម្លឹងមើលការបង្កើនការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្មទៅកាន់ប្រទេសចិន ដើម្បីទូទាត់ជាមួយបរិមាណនាំចូលដ៏ច្រើនសន្ធឹកសន្ធាប់ពីចិនវិញ។

តាមគម្រោង លោក Sanchez នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅថ្ងៃអង្គារនេះ ដើម្បីផ្តោតលើបញ្ហាភូមិសាស្ត្រនយោបាយ។ ទន្ទឹមនឹងនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងបង្ហាញពីមាគ៌ាដ៏ទូលំទូលាយសម្រាប់ទំនាក់ទំនងដ៏រឹងមាំរវាងចិន និងអឺរ៉ុប ក្នុងគ្រាដែលពិភពលោកកំពុងជួបប្រទះនឹងភាពមិនច្បាស់លាស់កាន់តែខ្លាំង៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម