Connect with us

ព័ត៌មានជាតិ

៦ ថ្ងៃ នៃព្រឹត្តិការណ៍«នគរសង្ក្រាន្ត» រាជធានីភ្នំពេញ មានភ្ញៀវជាតិ-អន្តរជាតិ មកដើរលេងកម្សាន្តសប្បាយជិត ៩ លាននាក់

បានផុស

នៅ

៦ ថ្ងៃ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត » រាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្តសប្បាយប្រមាណជិត ៩ លាននាក់ ខណៈដែលនៅថ្ងៃចុងក្រោយ នៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នេះ មានភ្ញៀវជាតិ និងអន្តរជាតិ ជាង ១ លាន ៤ សែននាក់ ដើរលេងកម្សាន្ត ប្រកបដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី ដោ សម្ផស្ស នាយិការង និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៦ នេះ បានឱ្យដឹងថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នាថ្ងៃទី ៦ ត្រូវថ្ងៃទី ១៩ មេសា មានភ្ញៀវជាតិ និងអន្តរជាតិ រួមជាមួយប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករបានមកដើរលេងកម្សាន្ត និងចូលរួមអបអរសាទរ សរុបចំនួន ១,៤៤០,៧១២ នាក់ ក្នុងនោះ ប្រជាពលរដ្ឋ មកដើរលេងកម្សាន្តចំនួន ១,៤១៧,៤៨០ នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ២៣,២៣២ នាក់។

លោកស្រី ដោ សម្ផស្ស បានឱ្យដឹងទៀតថា ទោះបីពិធីបុណ្យចូលឆ្នាំថ្មី បានបញ្ចប់ទៅក៏ដោយ ប៉ុន្តែសម្រាប់ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ នៅតែបន្តទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រមាណជាង ១ លាននាក់ រៀងរាល់ថ្ងៃ ពោលនៅថ្ងៃទី ១៧ មានចំនួន ១,៣៨៤,៥១១ នាក់ សម្រាប់ថ្ងៃទី ១៨ មានចំនួន ១,៥៥៧,២៥០ នាក់ និងថ្ងៃទី ១៩ មានចំនួន ១,៤១៧,៤៨០ នាក់ បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ។

ដោយឡែករយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» កន្លងមកនេះ នៅទូទាំងរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្ត រហូតដល់ជាង ៤ លាននាក់ ពោរពេញដោយភាពសប្បាយរីករាយ និងសាមគ្គីភាព ក្រោមម្លប់សន្តិភាព ប្រកបដោយសុខសុវត្ថិភាព។ ក្នុងនោះ សម្រាប់ថ្ងៃទី ១ នៃពិធីបុណ្យចូលឆ្នាំថ្មី មានប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត មានចំនួន ៩៨៣,០៨០ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេស ចំនួន ៧,០៦៨ នាក់។ នៅថ្ងៃទី ២ នៃពិធីបុណ្យចូលឆ្នាំថ្មី មានប្រជាពលរដ្ឋមកពីគ្រប់ទិសទី បានមកដើរលេងកម្សាន្ត ១,៥៦៥,៣៦៧ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេស ចំនួន ១៧,៩៤០ នាក់ និងសម្រាប់ថ្ងៃទី ៣ មានចំនួន ១,៨២៧,៩៩០ នាក់។ នេះបើតាមលោកស្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់បន្ថែម។

សរុប ៦ ថ្ងៃ ទាំងពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍នគរសង្ក្រាន្ត ដែលរៀបចំដោយ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ចូលរួមសហការដោយរដ្ឋបាលរាជធានីភ្នំពេញ នៅរាជធានីភ្នំពេញ ទាំង ៦ ទីតាំង និងអតីតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណជិត ៩ លាននាក់។

ជាមួយគ្នានេះដែរក៏មានការអរគុណ និងកោតសរសើរដល់អាជ្ញាធរ និងគណៈអភិបាលរាជធានីភ្នំពេញដែលដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានី និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ក្នុងរយៈពេល ៦ ថ្ងៃ នៃព្រឹត្តិការណ៌«នគរសង្ក្រាន»នៅរាជធានីភ្នំពេញ ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ១៩ មេសា
២០២៦ បានរៀបចំសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសជូនប្រជាពលរដ្ឋអាចដើរកម្សាន្តដោយសេចក្តីសុខ ហើយមានការមើលថែការពារសន្តិសុខសណ្ដាប់បានយ៉ាងល្អ ពីសំណាក់សមត្ថកិច្ច និងអាជ្ញាធរដែនដី៕
អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម