ព័ត៌មានជាតិ
កម្ពុជា-UN រួមគ្នាសម្រេចបានការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងផ្តល់ឱកាសការងារដល់ជនមានពិការភាព និងអតីតពលករមកពីថៃ
បាត់ដំបង ៖ បន្ទាប់ពីធ្វើទស្សនកិច្ចកម្មវិធីទទួលស្គាល់ជំនាញពីមុន (RPL) និងកម្មវិធីសមមូលអប់រំកម្រិតមូលដ្ឋាន (BEEP) លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជានិងជាសហប្រធាននៃគណៈប្រឹក្សាភិបាល នៃកម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III) បានដឹកនាំគណៈប្រតិភូបន្តធ្វើដំណើរទស្សនកិច្ចសិក្សានៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង និងសិប្បកម្ម តាកាឌា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ដើម្បីឈ្វេងយល់ពីការភ្ជាប់រវាងកិច្ចគាំពារសង្គម តាមរយៈមូលនិធិជាតិជំនួយសង្គម កម្មវិធីពិការភាព រដ្ឋបាលថ្នាក់ក្រោមជាតិ និងកម្មវិធី TVET ១,៥ លាននាក់។

លោករដ្ឋមន្រ្តី ហេង សួរ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាទីមោទនៈនៃការអនុវត្តកម្មវិធី ជាពិសេសជួយឱ្យពួកគាត់ទទួលបានការងារសមរម្យ និងប្រាក់ចំណូលច្រើនជាងមុន បន្ថែមទៅលើការទទួលបានចំណេះដឹង និងវិញ្ញាបនបត្របច្ចេកទេសបញ្ជាក់សមត្ថភាព។ លទ្ធផលទាំងនេះគឺជាផលជះវិជ្ជមានមួយពីកម្មវិធី TVET ១,៥ លាននាក់របស់រាជរដ្ឋាភិបាលបានផ្ដល់ជូនប្រជាពលរដ្ឋ និងយុវជនដែលត្រូវការរៀនជំនាញវិជ្ជាជីវៈ។ ខណៈដែលកម្ពុជាកំពុងបន្តដំណើរឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមយ៉ាងរឹងមាំ ការវិនិយោគលើធនធានមនុស្សគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតនៃអាទិភាពរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយលោកបានគូសបញ្ជាក់ថា សម័យនេះ ការងារ និងជំនាញរត់រកមនុស្ស។

ទន្ទឹមនេះ លោកក៏បានយកចិត្តទុកដាក់ជម្រុញឱ្យពលរដ្ឋនៅក្នុងតំបន់ដាច់ស្រយាលបានទទួលព័ត៌មាន ហើយចុះឈ្មោះចូលរៀនបានច្រើនជាងមុន ដោយក្រសួងនឹងពិចារណាបង្កើនកិច្ចសហការជាមួយភូមិ ឃុំ/សង្កាត់។ បន្ថែមពីនេះ ដើម្បីសម្រួលដល់កង្វះមធ្យោបាយធ្វើដំណើរទៅសាលារៀន ក្រសួងក៏នឹងរៀបចំបញ្ជូនរថយន្តចល័ត និងគ្រូបង្រៀនទៅធ្វើការបណ្តុះបណ្តាលដល់សហគមន៍មូលដ្ឋាន ជាពិសេសលើជំនាញងាយៗដូចជា កែច្នៃផ្លែឈើ អ៊ុតសក់ ឬជួសជុលគ្រឿងម៉ាស៊ីនជាដើម។ លោកអំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់មានជំនាញ ការងារ និងប្រាក់ចំណូលមិនទៀងទាត់ឱ្យចូលរួមក្នុងកម្មវិធីនេះ ដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ហើយទទួលបានការងារនៅតាមរោងចក្រ សហគ្រាសជាមួយនឹប្រាក់ឈ្នួលសមរម្យ និងអត្ថប្រយោជន៍ពី ប.ស.ស ថែមទៀត។

ចំណែកឯលោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានសម្តែងនូវក្តីរីករាយដែលចំនួនប្រជាពលរដ្ឋ យុវជន និងអតីតពលករទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ក៏ដូចជាការលើកកម្ពស់ជីវភាពតាមរយៈកម្មវិធី TVET ដែលជាមោទនភាពសម្រាប់ខ្លួនឯង និងគ្រួសារ។ លោកស្រីមានប្រសាសន៍ថា ការធ្វើបទបង្ហាញ និងសំណូមពរ គឺការជំរុញឱ្យមានបរិយាបន្នកាន់តែប្រសើរសម្រាប់ជនមានពិការភាព ការកែសម្រួលកម្មវិធីបណ្តុះបណ្តាល ក៏ដូចជាសម្ភារចាំបាច់នានា ដើម្បីឱ្យជនមានពិការភាពអាចទទួលបានឱកាសបណ្តុះបណ្តាល ហើយបន្ទាប់មកអាចទទួលបានការងារធ្វើផងដែរ។ ទាំងនេះគឺជាចំណុចដែលនឹងយកទៅពិភាក្សាក្នុងគណៈប្រឹក្សាភិបាលនៃកម្មវិធី ហើយព្យាយាមស្វែងរកដំណោះស្រាយតាមភាពជាក់ស្តែង។

ក្រុមសិក្ខាកាមដែលជាជនមានពិការភាពជាច្រើនរូបបានបង្ហាញពីបទពិសោធរបស់ខ្លួន និងការទទួលបានអត្ថប្រយោជន៍នៃការចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថាន។ ជាក់ស្តែង លោក ថន រិទ្ធី ដែលធ្លាក់ខ្លួនពិការដោយសារគ្រោះថ្នាក់ចរាចរណ៍បានបើកតូបមួយនាពេលថ្មីៗនេះ ដើម្បីផ្តល់សេវាជួសជុលគ្រឿងអគ្គិសនី ក្រោយពីទទួលបានការបណ្តុះបណ្តាល។ បញ្ហាប្រឈមមួយចំនួននៅក្នុងការអនុវត្តកម្មវិធី ដូចជា ខ្វះអគារសិក្សា កន្លែងស្នាក់នៅ សម្ភារបង្រៀននិងរៀន និងការបោះបង់ការសិក្សាដោយសារតែកត្តាជីវភាព ក៏ត្រូវបានលើកយកមកពិភាក្សានាពេលនេះផងដែរ។

តំណាងពីវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបងបានបញ្ជាក់ពីកិច្ចខិតខំអនុវត្តកម្មវិធីនេះយ៉ាងសកម្មទៅកាន់សហគមន៍តាមមូលដ្ឋាន តាមរយៈការចុះផ្សព្វផ្សាយដោយផ្ទាល់នៅថ្នាក់ឃុំ/សង្កាត់ និងកៀរគរយុវជន ជាពិសេសពីគ្រួសាររងហានិភ័យ ជនមានពិការភាព និងអតីតពលករពីប្រទេសថៃឱ្យចូលរួមកម្មវិធី TVET ១,៥ លាននាក់។

សូមបញ្ជាក់ថា គណៈប្រឹក្សាភិបាលដែលរួមមាន តំណាងអង្គការ UNESCO, UNICEF, UNIDO, ILO, ទីភ្នាក់ងារ SDC និងដៃគូអភិវឌ្ឍន៍ក៏បានធ្វើទស្សនកិច្ចនៅសិប្បកម្ម តាកាឌា ដើម្បីធ្វើការឈ្វេងយល់ពីការប្រឈម ឱកាសការអភិវឌ្ឍជំនាញនិងបង្កើតការងារសម្រាប់យុវជនផងដែរ៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


