Connect with us

ព័ត៌មានអន្ដរជាតិ

រកឃើញអ្នកភូមិ៥នាក់ នៅមានជីវិត ក្រោយជាប់ក្នុងរូងភ្នំលិចទឹកនៅឡាវ អស់មួយសប្តាហ៍

បានផុស

នៅ

ក្រុមអ្នកជួយសង្គ្រោះនៅក្នុងប្រទេសឡាវ បានរកឃើញអ្នកភូមិ ៥​នាក់នៅរស់រានមានជីវិត ក្នុងរូងភ្នំមួយកន្លែង ដែលរងការលិចទឹកយ៉ាងខ្លាំង ក្រោយពីពួកគេបានជាប់គាំងនៅក្នុងនោះ អស់រយៈពេលមួយសប្តាហ៍ពេញ ដោយសារតែភ្លៀងធ្លាក់ខ្លាំង និងការបាក់ដី។

(រូបថត៖ ហ្វេសប៊ុក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារព័ត៌មាន Asia One បានចុះផ្សាយ​នា​ថ្ងៃព្រហស្បតិ៍ ទី​២៨ ខែ​ឧសភា ឆ្នាំ២០២៦ នេះ ថា បើតាមការបញ្ជាក់ពីក្រុមការងារជួយសង្គ្រោះ អ្នកភូមិ ២នាក់ផ្សេងទៀត ដែលបានធ្វើដំណើរទៅជាមួយគ្នា គឺកំពុងតែបាត់ខ្លួននៅឡើយ។ អ្នកភូមិទាំង ៧នាក់នេះ មកពីខេត្ត Xaysomboun ភាគកណ្តាលនៃប្រទេសឡាវ បាននាំគ្នាដើរចូលទៅក្នុងរូងភ្នំនោះ តាំងពីថ្ងៃពុធ សប្តាហ៍មុន ដើម្បីស្វែងរកកម្ទេចមាស និងបរបាញ់សត្វព្រៃ ប៉ុន្តែជាអកុសល ពួកគេមិនអាចត្រឡប់ចេញមកវិញបានឡើយ ដោយសារតែមាត់រូងភ្នំត្រូវបានបាក់ដីបិទជិតផ្លូវ។

វីដេអូដែលចែករំលែកដោយក្រុមជួយសង្គ្រោះ បានបង្ហាញឱ្យឃើញពីទិដ្ឋភាពដ៏គួរឱ្យរន្ធត់ ដោយអ្នកមុជទឹកត្រូវលូនវារយ៉ាងលំបាកឆ្លងកាត់ច្រកផ្លូវដ៏ចង្អៀត ពេញទៅដោយភក់ និងទឹកលិចស្ទើរតែទាំងស្រុង។ តំណាងអង្គការអ្នកស្ម័គ្រចិត្តជួយសង្គ្រោះប្រជាជនឡាវ លោក Bounkham Luanglath បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយទាំងសំឡេងញ័រភ័យនៅឡើយថា ក្រុមការងារពិតជាអាចធ្វើវាបានមែន ហើយពួកគេនឹងបន្តស្វែងរកអ្នកបាត់ខ្លួន ២នាក់ទៀត ដោយមិនបោះបង់ឡើយ។ ប្រព័ន្ធរូងភ្នំនេះ លាតសន្ធឹងជ្រៅទៅក្រោមដី ហើយមានសភាពចង្អៀតខ្លាំង ដោយកន្លែងខ្លះមានទទឹងត្រឹមតែ ៥០សង់ទីម៉ែត្រ ប៉ុណ្ណោះ ដែលធ្វើឱ្យការចូលទៅកាន់តែប្រឈមនឹងគ្រោះថ្នាក់។

អ្នកជំនាញមុជទឹកជួយសង្គ្រោះជនជាតិហ្វាំងឡង់ លោក Mikko Paasi បានរៀបរាប់ថា រូងភ្នំនេះ មានសភាពដូចជា អណ្តូងរ៉ែមាស ដែលគេបោះបង់ចោល ហើយក្រុមសង្គ្រោះត្រូវប្រឈមមុខនឹងឧបសគ្គរាប់រយម៉ែត្រ ទាំងផ្លូវចង្អៀត ទឹកជំនន់ ហានិភ័យនៃការបាក់រលំ ព្រមទាំងខ្យល់អាកាសពុលនៅក្នុងនោះផងដែរ។ លោកបានប៉ាន់ប្រមាណថា អ្នកភូមិទាំងនោះ បានជាប់គាំងនៅចម្ងាយប្រហែល ៣០០ម៉ែត្រពីផ្លូវចេញ។ គួរដឹងដែរថា រូងភ្នំនេះ ស្ថិតនៅចម្ងាយប្រហែល ១២០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងវៀងចន្ទន៍ ហើយវាជាតំបន់គ្មានម្ចាស់គ្រប់គ្រងឡើយ ដែលជាហេតុធ្វើឱ្យអ្នកភូមិក្នុងតំបន់តែងតែនាំគ្នាទៅជីករន្ធរកមាស ឬរកចំណីអាហារជារឿយៗ៕

(រូបថត៖ REUTERS)

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម