Connect with us

សេដ្ឋកិច្ច

​មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាលើកឡើងថា ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​សកល កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ប្រែប្រួល​

បានផុស

នៅ

លោក វង្សី វិស្សុត ​ឧបនាយករដ្ឋមន្រ្តីប្រចាំការ ​រដ្ឋមន្ត្រី​ទទួល​បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី​បាន​លើក​ឡើងថា ​ ពិភពលោកបច្ចុប្បន្នកំពុងឆ្លង​កាត់ការផ្លាស់ប្តូរទម្រង់​នៃការធ្វើ​ពាណិជ្ជ​កម្មយ៉ាង​លឿន​រហ័ស​ ហើយទំនាក់ទំនងពាណិជ្ជកម្មបានវិវត្តខ្លួនពីបែបប្រពៃណី ​ទៅជាឌីជីថលូបនីយកម្ម ទៅ​ពាណិជ្ជកម្មបៃតង។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្ថែមថា ​ទំនាក់ទំនងពាណិជ្ជកម្មសកល ​ពហុភាគី តំបន់ និង​ទ្វេភាគី កំពុងស្ថិតក្នុងស្ថាន​ភាពប្រែប្រួល​ដែល​បង្កើតបានឡើងនូវវិធាន​និងគោលការណ៍​នៃការ​ធ្វើ​ពាណិជ្ជ​កម្មចម្រុះសណ្ឋាន​ និងស្មុគស្មាញ។​

ស្របពេលដែលទម្រង់នៃការធ្វើពាណិជ្ជកម្មមាន​ការវិវត្ត​កាន់​តែ​ច្រើន និងកាន់តែសាំញ៉ាំ និន្នាការផ្លូវច្បាប់ក៏ត្រូវតែវិវឌ្ឍទៅតាមនោះដែរ ហើយកម្ពុជាពិតជា​ទទួល​រងនូវផលប៉ះពាល់នៃការផ្លាស់ប្ដូរទាំងនោះ មិនអាចគេចបានឡើយ។ ​

​លោក វង្សី វិស្សុត បានលើកឡើងក្នុងពិធីបើក​សិក្ខាសាលាស្ដី​ពីការរៀបចំ​ក្រមពាណិជ្ជកម្ម​សម្រាប់​កម្ពុជា ដែលរៀបចំដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នៅ​សណ្ឋាគារសុខាភ្នំពេញនៅព្រឹកថ្ងៃទី ២៤ ​មិថុនា ២០២៦។ ​

​ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត​ ក៏បានលើកឡើងអំពីដំណើរវិវត្តសំខាន់ៗ​នៃការកែទម្រង់​ច្បាប់ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ចាប់តាំងពីនីតិកាលទី២ រហូតមកដល់​នីតិកាលទី៧ នៃរដ្ឋសភា ដោយ​ជារួម ក្នុងរយៈពេលជិត៣ទសវត្សរ៍កន្លងមកនេះ កំណែទម្រង់ច្បាប់ បានសម្រេចនូវសមិទ្ធផលយ៉ាងច្រើនជាសារវន្ត ហើយបង្កើតបានជាមូលដ្ឋានគ្រឹះ​សម្រាប់ការដឹកនាំ​និងគ្រប់គ្រងប្រទេស ជាពិសេសការធានា​បាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ការអ​ភិវឌ្ឍ​សង្គម-សេដ្ឋកិច្ច ក៏ដូចជាការធ្វើសមាហរណកម្មកម្ពុជាចូលទៅក្នុងតំបន់និងសកល។

​ទន្ទឹមនឹងវឌ្ឍនភាពគន្លឹះៗ បញ្ហាជាសារវន្តមួយចំនួនក៏បានកើតឡើងក្នុងប្រព័ន្ធច្បាប់កម្ពុជាផងដែរ ដូចជាបញ្ហាអត្តសញ្ញាណច្បាប់កម្ពុជាមានលក្ខណៈចម្រុះ អសង្គតិភាពនៃច្បាប់ជាធរមាន គម្លាតរវាងគោល​នយោ បាយនិងច្បាប់ គម្លាតរវាងច្បាប់និងការអនុវត្តច្បាប់ ច្បាប់មួយចំនួនមិនអាច​អនុវត្តបានឬហួសសម័យ ព្រមទាំងបញ្ហាជារចនាសម្ព័ន្ធស្ថាប័ន និងបញ្ហាជាន់សមត្ថកិច្ចគ្នាជាដើម។

​ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ​បានបន្តលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តយកចិត្តទុកដាក់លើកកម្ពស់ និងពង្រឹងប្រសិទ្ធភាពច្បាប់ជាអាទិភាពគន្លឹះមួយ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ នៃ“ការកែទម្រង់និងការពង្រឹងអភិបាលកិច្ច” របស់រាជ​រដ្ឋាភិបាល។  ហើយក្នុងទិសដៅពន្លឿនល្បឿននៃការងារកែទម្រង់ សម្តេចធិបតី​នាយករដ្ឋមន្ត្រី បានសម្រេចបង្កើតគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ក្នុងឆ្នាំ២០២៤ ជាមួយនឹងការអនុម័ត​ដាក់ឱ្យប្រើប្រាស់នូវក្របខ័ណ្ឌ​យុទ្ធសាស្ត្រនៃ​កម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល កាលពី​ឆ្នាំ​២០២៥។ ​

​គិតមកទល់ពេលនេះ សកម្មភាពកែទម្រង់ជាច្រើនត្រូវបានដាក់ចេញ និងអនុវត្តជាបន្តបន្ទាប់ ដោយរួមទាំងកិច្ចពិភាក្សាលើការរៀបចំក្រមពាណិជ្ជកម្ម កាលពីចុងឆ្នាំ២០២៥ផងដែរ។

​សម្រាប់កម្ពុជា តាមការសិក្សាស្រាវជ្រាវ ក៏ដូចជាការលើកឡើងជាហូហែររបស់វិស័យឯកជន  វិស័យពាណិជ្ជកម្មនៅកម្ពុជានឹងបន្តមានការប្រឈមមួយចំនួន ដូចជា អសង្គតិភាពរវាងច្បាប់ អសង្គតិភាពរវាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ អនុលោមភាពច្បាប់ក្នុង​វិស័យ​ពាណិជ្ជកម្មមានភាពច្រើនពេក ហើយស្មុគស្មាញពេកនៅពេលខ្លះ ដូចជាការចុះបញ្ជី ការសុំ​លិខិតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតជាដើម ក៏ដូចជាភាពស្មុគស្មាញនៃនីតិវិធី វិវាទសមត្ថកិច្ចរវាង​ស្ថាប័នគ្រប់គ្រង  ច្បាប់ខ្លះមិនអាចអនុវត្តបានឬហួសសម័យ។ ​

​ក្រៅពីនោះ ការធ្វើឌីជីថលូបនីយកម្មនៃសេវាសាធារណៈក្នុងវិស័យខ្លះ គឺមិនទាន់មានវិធានគតិយុត្ត​គ្រប់គ្រង​ច្បាស់លាស់នៅឡើយ ហើយបើមានក៏ពិបាករក ជាពិសេសគឺប្រកាសរបស់​ក្រសួង​ពាក់ព័ន្ធ។ លើសពីនេះ ទំនុកចិត្តលើប្រព័ន្ធតុលាការនិងយន្តការដោះស្រាយវិវាទពាណិជ្ជកម្ម និងបញ្ហាអភិបាលកិច្ចជាដើម។ នៅតែជាបញ្ហាប្រឈម។ 

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា ដោយយល់ឃើញថា បញ្ហាទាំងអស់​ខាង​លើនេះ គឺជារបាំងដ៏ធំមួយនៃប្រសិទ្ធភាពនិងកំណើនសេដ្ឋកិច្ច ក៏ដូចជាការអភិវឌ្ឍរបស់កម្ពុជា ទើបក្នុងនាមជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់​ ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ​បានលើកសំណើឡើងនិងដាក់ចេញនូវគោលគំនិតក្នុងការរៀបចំក្រមពាណិជ្ជកម្ម ជាកិច្ចការ​ស្នូល​មួយនៅក្នុងយុទ្ធសាស្ត្រគន្លឹះទាំង៤ នៃក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់​ច្បាប់របស់​រាជរដ្ឋាភិបាល។ ​

ឧបនាយករដ្ឋមន្ត្រីប្រចាំការបន្តថា ការដាក់បញ្ចូលគ្រប់វិធានចាំបាច់ដែល​គ្រប់គ្រង​វិស័យ​ពាណិជ្ជកម្មនៅក្នុងក្រមតែមួយ នឹងផ្តល់សារប្រយោជន៍ជាច្រើន ដោយក្នុងនោះ ជាពិសេស​ដើម្បីបង្កើតនូវ Level Playing Field គឺប្រព្រឹត្តិកម្មស្មើភាព និងយុត្តិធម៌ ចំពោះគ្រប់តួអង្គក្នុងវិស័យ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងធុរកិច្ច ដែលជាចំណុចមិនអាចខ្វះបាន ក្នុងយន្តការសេដ្ឋកិច្ចទីផ្សារ ដែលនេះ​ជាទិដ្ឋភាពយុទ្ធសាស្ត្រមួយដ៏សំខាន់ ក្នុងក្របខ័ណ្ឌនៃការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

​ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បន្តថា ទោះបីយ៉ាងណាក៏ដោយ ការរៀបចំក្រម​ពាណិជ្ជកម្ម​របស់​កម្ពុជា គឺជាគម្រោងរយៈពេលវែងមួយទាមទារការសិក្សាឱ្យ​បានស៊ីជម្រៅលើគ្រប់​ទិដ្ឋភាពទាំងអស់និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំនិងតាក់តែង។

ជាទស្សនវិស័យ បើយើងគិតថា ពិតជាចង់ដោះស្រាយបញ្ហាដែលកម្ពុជាកំពុងជួបប្រទះ ហើយបើកផ្លូវនិងវែកផ្លូវ សម្រាប់ឱ្យកម្ពុជាងើបឡើងទាំងជាសេដ្ឋកិច្ច វិនិយោគ និងធុរកិច្ច ក៏ដូចជាការដោះស្រាយបញ្ហាជីវភាពប្រជាជនទៅថ្ងៃមុខ យើងមិនអាចរង់ចាំ១០ឆ្នាំ ឬ២០ឆ្នាំទៀត ដើម្បីរៀបចំក្រមពាណិជ្ជកម្មនេះឱ្យរួចរាល់នោះទេ ពោលគឺយើងត្រូវចាត់ទុកកិច្ចការនេះជា​អាទិភាពមួយ ដែលត្រូវធ្វើឱ្យបានលឿនបំផុត ប៉ុន្តែធ្វើទៅតាមល្បឿនដែលអាចធ្វើទៅបាន ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ មានប្រសិទ្ធភាព និងអាចអនុវត្តបានពេញ លេញ ព្រមទាំងមានប្រយោជន៍៕ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម