Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង តាមរកមនុស្សមួយយន្តហោះ ដែលរួមដំណើរមកពី កុងហ្គោ ជាមួយ គ្រូពេទ្យម្នាក់ ផ្ទុកជំងឺអេបូឡា

បានផុស

នៅ

ក្រោយបញ្ជាក់ពីករណីជំងឺអេបូឡា លើកដំបូងក្នុងទឹកដីរបស់ខ្លួន ដែលឆ្លងលើបុរសម្នាក់ជាគ្រូពេទ្យ ទើបវិលត្រឡប់ ពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ពេលនេះប្រទេសបារាំង កំពុងស្វះស្វែងតាមដាន និងតាមរកមនុស្សមួយយន្តហោះ ដែលធ្វើដំណើរជាមួយអ្នកជំងឺ ចេញពីកុងហ្គោ។

(រូប៖ Reuters)

តាមការផ្សាយរបស់ Sky News កាលពីថ្ងៃពុធ ទី២៤ ខែមិថុនា ឆ្នាំ២០២៦, អ្នកជំងឺ បានធ្វើដំណើរតាមជើងហោះហើររបស់ក្រុមហ៊ុន Air France ចុះចតនៅទីក្រុងប៉ារីស កាលពីថ្ងៃអង្គារ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌ នៅកុងហ្គោ ដែលជាកន្លែងកំពុងផ្ទុះឆ្លង ជំងឺអេបូឡា ខ្លាំង។

ពេលមកដល់បារាំង គ្រូពេទ្យរូបនោះ ក៏បានធ្វើតេស្តវិជ្ជមាន ហើយត្រូវបញ្ជូនទៅព្យាបាលរោគ នៅក្នុងបន្ទប់ដែលរៀបចំយ៉ាងពិសេស។

(រូប៖ Reuters)

ជុំវិញរឿងនេះ អាជ្ញាធរបារាំង កំពុងដុតដៃដុតជើងខ្លាំងណាស់ តាមរកអ្នកជាប់ពាក់ព័ន្ធ ដែលជាអ្នករួមដំណើរជាមួយគាត់ លើយន្តហោះមកពីកុងហ្គោ។

ក្រុមហ៊ុន Air France ក៏សន្យា សហការជាមួយអាជ្ញាធរផងដែរ ដោយនឹងផ្តល់បញ្ជីឈ្មោះអ្នកដំណើរ លើយន្តហោះនោះ ប៉ុន្តែមិនទម្លាយឡើយថាតើ យន្តហោះមានដឹកមនុស្សប៉ុន្មាននាក់។

(រូប៖ Reuters)

យ៉ាងណា ក្រសួងសុខាភិបាលបារាំង អះអាងថា ហានិភ័យចំពោះប្រជាពលរដ្ឋគឺ «មានកម្រិតទាបខ្លាំងណាស់» ខណៈប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ប្រកាសថា «ហានិភ័យចំពោះតំបន់ផ្សេងទៀត នៃពិភពលោក គឺមានកម្រិតទាបនៅឡើយ សូមកុំទាន់ភ័យស្លន់ស្លោ និងជ្រួលច្របល់។

សូមជម្រាបជាថ្មី, ប្រទេសកុងហ្គោ បញ្ជាក់ជាផ្លូវការថា ករណីឆ្លងអេបូឡា ដែលបង្កឡើងដោយវីរុសប្រភេទកម្រ ឈ្មោះ ​Bundibugyo បានឈានដល់ ១ ០៤៨ករណីហើយ ​និងមានអ្នកជំងឺស្លាប់ ២៦៧នាក់ គិតត្រឹមថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២៦៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម