Connect with us

ព័ត៌មានអន្ដរជាតិ

មានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី 

បានផុស

នៅ

គ្រាប់បែកចំនួន ២គ្រាប់ បានផ្ទុះក្បែរសណ្ឋាគារ Four Seasons ក្នុងទីក្រុងដាម៉ាស នៃប្រទេសស៊ីរី ជាទីដែលប្រធានាធិបតីបារាំង Emmanuel Macron ស្នាក់នៅ ប៉ុន្តែលោកមានសុវត្ថិភាព គ្មានរបួសអ្វីឡើយ។

ការផ្ទុះក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ (រូប៖ Reuters)

តាមការផ្សាយរបស់ Newsweek, ការផ្ទុះនេះ កើតឡើងនៅថ្ងៃអង្គារ ទី៧ ខែកក្កដា ឆ្នាំ២០២៦ ភ្លាមៗបន្ទាប់ពីលោក Macron បានចាកចេញពីតំបន់នោះ ដើម្បីទៅជួបមេដឹកនាំស៊ីរី Ahmad al-Sharaa នៅឯវិមានប្រធានាធិបតី។

ជុំវិញរឿងនេះ វិមាន Élysée បានចេញសេចក្តីថ្លែងការណ៍ថា លោក Macron មិនបានឮសំ​ឡេងផ្ទុះឡើយ ហើយដំណើរទស្សនកិច្ចការទូតជាប្រវត្តិសាស្ត្ររបស់លោក នៅតែបន្តតាមការគ្រោងទុក។

ទន្ទឹមនោះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក, គ្រាប់បែក បានផ្ទុះឡើងនៅជិតសណ្ឋាគារ និងទីស្នាក់ការកណ្តាល នៃក្រសួងទេសចរណ៍ស៊ីរី បង្កឲ្យមានផ្សែងខ្មៅខ្មួលខ្មាញ់ ខ្ទេចរថយន្ត និងការខូចខាត នៅក្នុងតំបន់។

លោក Macron (រូប៖ Reuters)

ទោះបីជាយ៉ាងណា ភ្លាមៗមិនទាន់មានសេចក្តីរាយការណ៍ អំពីមនុស្សស្លាប់ និងរបួសទេ។

សូមជម្រាបថា លោក Macron បានទៅដល់ទីក្រុងដាម៉ាស កាលពីល្ងាចថ្ងៃចន្ទ ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្ត្រ ក្នុងនាមប្រមុខរដ្ឋអឺរ៉ុបខាងលិចដំបូងគេបង្អស់ ដែលធ្វើទស្សនកិច្ច ស៊ីរី ចាប់តាំងពីរដ្ឋាភិបាលថ្មី ដឹកនាំដោយប្រធានាធិបតី al-Sharaa ឡើងកាន់អំណាច ក្រោយការដួលរលំរបបលោក Bashar al-Assad នៅចុងឆ្នាំ២០២៤។

លោក Macron ប្រកាសលើបណ្តាញសង្គម X ថា ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដើម្បីបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់បារាំង ចំពោះប្រជាជនស៊ីរី ឆ្ពោះទៅរកប្រទេសស៊ីរី ដែលមានអធិបតេយ្យភាព រួបរួមគ្នា និងមានសន្តិភាពជាមួយប្រទេសជិតខាង ហើយក៏ដើម្បីពិភាក្សាអំពីស្ថិរភាពតំបន់ កិច្ចសហប្រតិបត្តិការសន្តិសុខ និងឱកាសវិនិយោគដើម្បីកសាងប្រទេសស៊ីរីឡើងវិញ ផងដែរ៕

អត្ថបទ៖ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម