Connect with us

ព័ត៌មានអន្ដរជាតិ

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល៖ ឃើញហ្គាហ្សាខ្ទេចខ្ទី ខ្ញុំមានអារម្មណ៍ល្អ

បានផុស

នៅ

ក្នុងដំណើរ​ចុះត្រួតពិនិត្យនៅភាគខាងជើងនៃតំបន់ហ្គាហ្សា ដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញទូរទស្សន៍ Channel 14 កាលពីថ្ងៃចន្ទ ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៦ លោក Israel Katz រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បាននិយាយ​ថា លោកមានអារម្មណ៍ដ៏ល្អ ពេលបានឃើញការបំផ្លិចបំផ្លាញយ៉ាងដំណំនៅក្នុងតំបន់ហ្គាហ្សា។

លោក Katz (រូបថត៖ REUTERS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Katz បានបញ្ជាក់ថា ការបំផ្លិចបំផ្លាញនេះ មិនមែនជារឿងចៃដន្យទេ ប៉ុន្តែវាជាលទ្ធផលនៃ «គោលនយោបាយដោយចេតនា» មួយ ដែលមានគោលដៅលុបបំបាត់រាល់ការគំរាមកំហែង។

បើយោងតាម​សារព័ត៌មាន TRT World ក្នុងឱកាសនោះដែរ លោក Katz បានប្រកាសពីការផ្លាស់ប្តូរយុទ្ធសាស្ត្រយោធាដ៏សំខាន់ ដោយលែងប្រើវិធីសាស្ត្រចូលវាយប្រហារ រួចដកខ្លួនចេញដូចមុនទៀតហើយ។ លោកបានថ្លែងយ៉ាងច្បាស់ថា «ជំនួសឱ្យការចូលហើយចេញ កងទ័ពរបស់យើងឥឡូវនេះគឺនៅខាងក្នុង ហើយផ្ទះសម្បែងទាំងឡាយ គឺត្រូវបានបំផ្លាញចោល»។ ក្រៅពីនេះ លោកក៏បានលើកឡើងពីផែនការបង្កើតប៉ុស្តិ៍យោធាថ្មីចំនួន ៣ នៅក្នុង​ភាគ​ខាង​ជើង​តំបន់ហ្គាហ្សា នៅលើទីតាំងដែលអ៊ីស្រាអែល ធ្លាប់បានដកខ្លួនចេញ កាលពីឆ្នាំ២០០៥។

ប៉ុស្តិ៍យោធាទាំងនេះ ត្រូវបានគេដឹងថា គឺជាកន្លែងស្នាក់នៅរបស់ក្រុមអ្នកតាំងទីលំនៅ ដែលជាជំហានដំបូង សម្រាប់ការបង្កើតជាសហគមន៍ជនស៊ីវិលអចិន្ត្រៃយ៍។ លោក Katz បានអះអាងថា ការបង្កើតប៉ុស្តិ៍ទាំងនេះ គឺមានភាពចាំបាច់ដើម្បីសន្តិសុខ និងដើម្បីពង្រឹងការគ្រប់គ្រងរបស់អ៊ីស្រាអែលលើតំបន់នោះ។

សូម​ជម្រាប​ថា ជា​ការ​ឆ្លើយតប​នឹង​ការ​វាយ​ប្រហារ​ពី​សំណាក់​ក្រុម​សកម្ម​ប្រយុទ្ធ​ហាម៉ាស ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ មក អ៊ីស្រាអែល បានធ្វើសកម្មភាពយោធាវាយបក​យ៉ាងធំ ដែលបានបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនជាង ៧៣ ០០០នាក់បាត់បង់ជីវិត ដែលក្នុងនោះភាគច្រើនជាស្ត្រី និងកុមារ ហើយមនុស្សជាង ១៧៣ ០០០នាក់ទៀតបានរងរបួស។ រហូតមកដល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធស្ទើរតែទាំងស្រុងនៃតំបន់ហ្គាហ្សា ត្រូវបានកម្ទេចចោល ហើយប្រជាជនស្ទើរតែទាំងអស់នៅក្នុងតំបន់នេះ បានក្លាយជាជនភៀសខ្លួន ដោយសារតែជម្លោះដ៏បង្ហូរឈាមមួយនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម