ព័ត៌មានអន្ដរជាតិ
រឿងរ៉ាវ ៥ យ៉ាងត្រូវដឹងអំពីការធ្វើឃាតប្រធានាធិបតីនៅ ហៃទី
ការធ្វើឃាត
លោកប្រធានាធិបតីហៃទី Jovenel Moise វ័យ ៥៣ ឆ្នាំត្រូវបានគេបាញ់សម្លាប់នៅម៉ោងប្រហែល ១ រំលងអធ្រាត្រថ្ងៃពុធនៅឯគេហដ្ឋានឯកជនរបស់គាត់ ។ ចំណែកជំទាវទីមួយ Martine Moise ក៏ត្រូវបានបាញ់ផងដែរ ប៉ុន្តែគ្រាន់តែរងរបួស ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។
នាយករដ្ឋមន្រ្តីបណ្តោះអាសន្ន Claude Joseph បាននិយាយថា ឃាតករជាខ្មាន់កាំភ្លើងដែលទទួលការបណ្តុះបណ្តាលខ្ពស់ ខណៈអ្នកខ្លះនិយាយភាសាអេស្ប៉ាញ ឬអង់គ្លេស ។ ចំណែកឯកអគ្គរដ្ឋទូតហៃទីប្រចាំនៅសហរដ្ឋអាមេរិក Bocchit Edmond បានពិពណ៌នាថា ពួកគេជា “មេបញ្ជាការជំនាញដែលបានបណ្តុះបណ្តាលយ៉ាងល្អ” និងជា “ទាហានស៊ីឈ្នួលបរទេស” ។

កាលពីដើមឆ្នាំនេះលោក Moise បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ថា ក្រុមអ្នកមានអំណាចបានព្យាយាមផ្តួលរំលំលោកចំនួន ៧ ដងហើយ ហើយលោកបាននិយាយថា មនុស្ស ២០ នាក់ត្រូវបានចាប់ខ្លួននៅក្នុងផែនការធ្វើឃាតនោះ ។ ក្រោយមកតុលាការហៃទីបានច្រានចោលការអះអាងរបស់លោក Moise ហើយបានដោះលែងជនជាប់ចោទ ដែលរួមមានចៅក្រម និងមេប៉ូលិសម្នាក់ផងដែរ ។
ស្ថានភាពបច្ចុប្បន្ន
នាយករដ្ឋមន្រ្តីបណ្តោះអាសន្នលោក Claude Joseph បានប្រកាសដាក់ “ប្រទេសក្នុងការឡោមព័ទ្ធ” ដែលអនុញ្ញាតឲ្យមានអំណាចប្រតិបត្តិជាច្រើន ។
លោក Joseph បាននិយាយថា ឥឡូវនេះគាត់នឹងកាន់តំណែងជាប្រធានាធិបតីហៃទី ហើយថា ប៉ូលីស និងកងទ័ពនឹងធានានូវសណ្តាប់ធ្នាប់សាធារណៈ ។ អាកាសយានដ្ឋានអន្តរជាតិរបស់ប្រទេសនេះ ត្រូវបានបិទ ហើយសាធារណរដ្ឋដូមីនីកែនដែលនៅជិតខាង ក៏បានបិទព្រំដែនរបស់ខ្លួនជាមួយហៃទីផងដែរ ។

មួយថ្ងៃមុនពេលការធ្វើឃាត លោក Mose បានតែងតាំងអ្នកជំនាញខាងសរសៃប្រសាទលោក Ariel Henry ជំនួសលោក Joseph ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសនេះ តែទោះយ៉ាងណាលោកមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ។
លោក Joseph ត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីបណ្តោះអាសន្ន បន្ទាប់ពីការលាលែងពីតំណែងរបស់អតីតនាយករដ្ឋមន្រ្តី Joseph Jouthe កាលពីខែមេសា បន្ទាប់ពីមានការសម្លាប់ និងការចាប់ជម្រិតជាច្រើន ។
តំណែងប្រធានធិបតីរបស់លោក Moise
លោក Moise ជាអតីតសហគ្រិនម្នាក់ បានចាប់ផ្តើមធ្វើជាប្រធានាធិបតីឆ្នាំ ២០១៧ ។ បន្ទាប់ពីមានជម្លោះជុំវិញការបោះឆ្នោតនីតិប្បញ្ញត្តិ និងការរំលាយសភាហៃទីរបស់គាត់នៅខែមករា ឆ្នាំ ២០២០ លោក Moise បានបន្តធ្វើជាប្រធានាធិបតីតាមអនុក្រឹត្យ ។

លោកប្រឈមនឹងការមិនទុកចិត្តកាន់តែខ្លាំងឡើង ដោយក្រុមអ្នករិះគន់បាននិយាយថា អាណត្តិរបស់គាត់នឹងត្រូវបញ្ចប់នៅខែកុម្ភៈ ឆ្នាំ ២០២១ ខណៈក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ លោក Moise មាននាយករដ្ឋមន្ត្រីដល់ទៅ ៧ រូប ។
ជីវប្រវត្តិ
ហៃទី បានក្លាយជារដ្ឋឯករាជ្យដំបូងគេនៅអាមេរិកឡាទីន និងតំបន់ការ៉ាបៀនក្នុងឆ្នាំ ១៨០១ បន្ទាប់ពីការបះបោរទាសករ និងការលុបបំបាត់ទាសភាព ។ ក្រោយមកសហរដ្ឋអាមេរិកបានលុកលុយ និងកាន់កាប់ហៃទី ពីឆ្នាំ ១៩១៥ ដល់ឆ្នាំ ១៩៣៤ ។
លោក Francois “Papa Doc” Duvalier បានកាន់អំណាចប្រទេសហៃទី ក្នុងឆ្នាំ ១៩៥៧ ហើយប្រទេសនេះស្ថិតនៅក្រោមការគ្រប់គ្រងផ្តាច់ការ រហូតដល់លោកទទួលមរណភាពនៅឆ្នាំ ១៩៧១ ។ បន្ទាប់ពីការស្លាប់ កូនប្រុសរបស់គាត់គឺលោក Jean-Claud ឬ “Baby Doc” បានកាន់កាប់ប្រទេសនេះរហូតដល់ឆ្នាំ ១៩៨៦ ។

ប្រទេសហៃទីមានបញ្ហាអស្ថិរភាពនយោបាយ ចាប់តាំងពីការបញ្ចប់របបផ្តាច់ការរបស់លោក Francois និងលោក Jean-Claude Duvalier ។ នៅឆ្នាំ ១៩៩០ លោក Jean-Bertrand Aristide បានឈ្នះការបោះឆ្នោតសេរីលើកដំបូងរបស់ប្រទេស ប៉ុន្តែត្រូវបានបណ្តេញចេញដោយរដ្ឋប្រហារក្នុងឆ្នាំ ១៩៩១ ។
ក្រោយមក កងទ័ពសហរដ្ឋអាមេរិកបានចូលប្រទេសហៃទីក្នុងឆ្នាំ ១៩៩៤ ដើម្បីដករបបយោធា និងឲ្យលោក Aristide ទៅកាន់អំណាចវិញ ។ នៅឆ្នាំ ១៩៩៩ លោក Aristide ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីម្តងទៀត តាមរយៈលទ្ធផលបោះឆ្នោតដ៏មានជម្លោះ ប៉ុន្តែគាត់ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីប្រទេសក្នុងឆ្នាំ ២០០៤ ដោយសារតែភាពចលាចលនយោបាយ ។
តើអ្វីនឹងកើតឡើងបន្ទាប់?
ហៃទីនឹងរៀបចំការបោះឆ្នោតប្រធានាធិបតី និងបោះឆ្នោតសភា និងការធ្វើប្រជាមតិរដ្ឋធម្មនុញ្ញនៅខែកញ្ញា បន្ទាប់ពីការបោះឆ្នោតត្រូវបានពន្យាពេល ២ ដងដោយសារតែជំងឺរាតត្បាតកូវីដ ១៩ ។ ក្រុមអ្នករិះគន់បាននិយាយថា ការធ្វើប្រជាមតិនេះ អាចអនុញ្ញាតឲ្យប្រធានាធិបតីមានអំណាចកាន់តែច្រើន ។
លោក Ariel Henry ដែលលោក Moise បានជ្រើសរើសជានាយករដ្ឋមន្រ្តី ប៉ុន្តែមិនទាន់ត្រូវបានបញ្ជាក់នោះ មានភារកិច្ចរៀបចំសម្រាប់ការបោះឆ្នោតខែកញ្ញា ។ វាមិនច្បាស់ទេថាតើការបោះឆ្នោត នៅតែប្រព្រឹត្តទៅបានឬយ៉ាងណានោះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CGTN
ចុចអាន ៖ ប៉ូលិសហៃទី បាញ់សម្លាប់ជនសង្ស័យជាឃាតកចំនួន ៤នាក់ និងចាប់បាន ២នាក់ ក្រោយធ្វើឃាតប្រធានាធិបតី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


