ព័ត៌មានជាតិ
ក្រសួងកំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ស្ដីពីរបបសារព័ត៌មាន
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៏នៅក្នុងកិច្ចពិភាក្សាស្តីពី “ក្រមសីលធម៌ នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក” តាមប្រព័ន្ធ Zoom នាព្រឹកថ្ងៃទី២៩ ខែកក្កដា នេះថា មកដល់ពេលនេះ ក្រសួងកំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ឲ្យមានលក្ខណៈបច្ចុប្បន្នភាព ហើយដើម្បីឲ្យអ្នកសារព័ត៌មានបានយល់ដឹងពីច្បាប់សារព័ត៌មាន ច្បាប់ការងារ ច្បាប់ពាណិជ្ជកម្ម ក៏ដូចជាច្បាប់ផ្សេងៗ នៅក្នុងបរិបទសង្គម នាពេលបច្ចុប្បន្ន។

លោក ខៀវ កាញារីទ្ធ មានប្រសាសន៏ថា សិទ្ធិសារព័ត៌មាន គឺជាសិទ្ធិសម្រាប់ប្រជាពលរដ្ឋទាំងមូល ដែលធានាដោយរដ្ឋធម្មនុញ្ញ។ លោកថា មានអ្នកខ្លះច្រឡំថា ច្បាប់ស្ដីពីរបបសារព័ត៌មាន គឺជាច្បាប់សម្រាប់អ្នកសារព័ត៌មាន ការយល់នេះ គឺជាការយល់ខុស ពីព្រោះយើងបានសរសេរថា “ច្បាប់ស្ដីពីរបបសារព័ត៌មាន” មិនមែនច្បាប់សារព័ត៌មានទេ។
មានន័យថា អ្នកណាក៏ធ្វើអ្នកសារព័ត៌មាន ឬអ្នកកាសែតបានដែរ ប៉ុន្តែការធ្វើច្បាប់ស្ដីពីរបបសារព័ត៌មាន នាពេលនោះ (ឆ្នាំ ១៩៩៤) យើងបានជជែកអំពីលក្ខខណ្ឌមួយចំនួន ដែលអ្នកបើកសារព័ត៌មានយ៉ាងហោចណាស់មានកំរិតវប្បធម៌បាក់ឌុបដែរ។
បើតាមលោក ខៀវ កាញារីទ្ធ ពេលនោះ អ្នកខ្លះមិនបានជាប់បាក់ឌុបទេ តែគាត់មានបទពិសោធន៍៣ ឆ្នាំ ៤ឆ្នាំជាដើម ហើយនៅឆ្នាំ១៩៩៤នោះ គឺជាឆ្នាំដែលមានអ្នកសារព័ត៌មានតិច យើងបាននិយាយគ្នាជាមួយឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា និងអង្គការសង្គមស៊ីវិលផ្សេងៗ ហើយបានកំណត់យកបរិមាណសិន ហេតុនេះ ការធ្វើច្បាប់នាពេលនោះ មិនមានលក្ខខណ្ឌអ្វីច្រើនទេ។
ដូច្នេះមកដល់ឆ្នាំ២០២១នេះ ជាសតវត្សរ៍ថ្មី យើងសង្កេតឃើញថា មានអ្នកចេះដឹងច្រើន ដូច្នេះយើងត្រូវប្ដូរពីបរិមាណ មកយកគុណភាពវិញ។ ហេតុដូច្នេះហើយ ទើបក្រសួងបាននិងកំពុងរៀបចំគណៈកម្មការមួយ ដោយមានការចូលរួមពីសមាគមអ្នកសារព័ត៌មានចូលរួមផងដែរ ដើម្បីកែប្រែ ឬធ្វើវិសោធនកម្មច្បាប់របបសារព័ត៌មាននេះ ឲ្យមានលក្ខណៈបច្ចុប្បន្នភាព មានន័យថា ត្រូវគិតពីចំណេះវិជ្ជា និងគុណសម្បត្តិផ្សេងៗ។
ជាមួយនឹងគម្រោងខាងលើនេះ លោក ខៀវ កាញារីទ្ធ បានអះអាងថា ក្រសួងក៏បានកំពុងរៀបចំគម្រោងមួយផងដែរ ដែលជាគម្រោងធំ ដោយហេតុថា មានអ្នកខ្លះបានអាជ្ញាប័ណ្ណហើយ កាសែតអត់ចេញផ្សារទេ ប៉ុន្តែគាត់រើសបុគ្គលិកប្រហែល១០០នាក់ ដែលសូម្បីតែអ្នករត់តាក់ស៊ី ក៏មានបានបណ្ណសារព័ត៌មានដែរ។
ដូច្នេះហើយទើបក្រសួងត្រូវរៀបចំគម្រោងធំមួយនេះ គឺរៀបចំសិក្ខាសាលាមួយ ដើម្បីឲ្យអ្នកសារព័ត៌មានបានយល់អំពីការទទួលខុសត្រូវលើច្បាប់សារព័ត៌មានផង ច្បាប់ការងារផង និងច្បាប់ពាណិជ្ជកម្ម ក៏ដូចជាច្បាប់ផ្សេងៗទៀត “មានន័យថា នៅពេលគាត់ទទួលបុគ្គលិក២០ ឬ៣០ នាក់ មកធ្វើការ គាត់ត្រូវដឹងថា ច្បាប់ការងារត្រូវបង់ប្រាក់រ៉ាប់រងការងារទៅឲ្យបុគ្គលិករបស់គាត់។ បើបុគ្គលិករបស់គាត់ទៅធ្វើការធ្វើការ មានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺគាត់ត្រូវចេញលុយថ្លៃព្យាបាល ឬត្រូវទទួលខុសត្រូវលើបញ្ហានេះ”។
លោក ខៀវ កាញារីទ្ធ បញ្ជាក់ដែរថា ពេលនេះពួកគាត់ (អ្នកសារព័ត៌មាន) មិនទាន់យល់អំពីច្បាប់ទាំងនោះទេ។ ដូច្នេះហើយទើបយើងត្រូវបណ្ដុះបណ្ដាល បង្រៀនច្បាប់ឲ្យពួកគាត់បានយល់។ មិនត្រឹមតែប៉ុណ្ណោះ គឺត្រូវបង់ពន្ធថែមទៀត ពីព្រោះឥឡូវនេះ គេចាប់ផ្ដើមនិយាយពីពន្ធអេឡិចត្រូនិចហើយ។
បន្តិចទៀត អង្គភាពសារព័ត៌មានទាំងអស់ ត្រូវចុះបញ្ជីក្រសួងព័ត៌មានផង ក្រសួងពាណិជ្ជកម្មផង ហើយក៏ទាក់ទងទៅនឹងការបង់ពន្ធដាថែមទៀត។
បើតាមលោក ខៀវ កាញារីទ្ធ មកដល់ពេលនេះ លោកបានសហការជាមួយក្រសួងការងារ និងក្រសួងពាណិជ្ជកម្មរួចហើយ នឹងរៀបចំកិច្ចប្រជុំធំមួយដោយផ្ទាល់ (មិនមែនតាម ZOOM) ដោយអញ្ជើញចាងហ្វាងសារព័ត៌មានទាំងអស់ចូលរួម (ប្រហែល២០០នាក់) ដោយប្រើរយៈពេលមួយថ្ងៃ ហើយក្នុងនោះ នឹងអញ្ជើញតំណាងនគរបាល ឬក្រសួងមហាផ្ទៃចូលរួមផងដែរ ដើម្បីបំភ្លឺទាក់ទិនទៅនឹងអ្នកកាសែត ដែលទាមទារបំពេញការងារជ្រៀតជ្រែកការងារជាមួយសមត្ថកិច្ច និងអាជ្ញាធរ ដើម្បីដឹងថា តើការងារណា ដែលអ្នកសារព័ត៌មានអាចចូលបាន ហើយការងារណា ដែលមិនអាចចូលបាន និងបានយល់ដឹងពីដែនសមត្ថកិច្ចរបស់អ្នកសារព័ត៌មាន។ ក្នុងនោះ នឹងមានការពន្យល់ពីច្បាប់ការងារ ពីច្បាប់ក្រសួងពាណិជ្ជកម្មផងដែរ៕ ដោយៈកោះកែវ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


