Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ គ្រោង​សាងសង់ប៉មឆ្មាំសមុទ្រចំនួន១២ទីតាំងបន្ថែមទៀតសម្រាប់ជួយសង្គ្រោះភ្ញៀវ​ទេសចរ​

បានផុស

នៅ

អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា ​រដ្ឋបាលខេត្ត​ព្រះសីហនុ​ គ្រោង​នឹង​សាងសង់​ប៉ម​ឆ្មាំ​សមុទ្រ​បន្ថែមចំនួន​១២​ទីតាំង​ទៀត​ ដើម្បី​ប្រចាំការ​ត្រួតពិនិត្យ​និង​ជួយសង្គ្រោះ​ដល់​ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ​ទៅ​កម្សាន្ត​តាម​ឆ្នេរសមុទ្រ​ឱ្យបាន​ទាន់ពេលវេលា ​នៅពេល​មាន​ជួប​គ្រោះថ្នាក់​ណាមួយ​កើតឡើង​។​

លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​ បានឱ្យដឹងថា ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​តុលា ​នេះ​ថា « ចំនួន​ទីតាំង​ប៉ម​ដែល​យើង​គ្រោង​នឹងសិក្សា​សាងសង់​មាន​១២​ទីតាំង​។​ អីចឹង​នៅក្នុង​ផែនការ​យើង​កំណត់​ប៉ុណ្ណឹង​សិន ​ប៉ុន្តែ​អាច​ថា​នឹងមាន​ការប្រែប្រួល​អី​នោះ​រង់ចាំ​កិច្ចប្រជុំ​ឆ្លង​ តែ​ជាក់​សែ្ត​ង​១២​ហើយ​ទីតាំង​ប៉ម​ចាស់​មាន​៤​ទីតាំង​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​រសៀល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០២១ លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ និងអនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ស្ថានភាព និង​ជ្រើសរើស​ទីតាំង​សម្រាប់​សាងសង់​បន្ទប់​អគ្គិសនី និង​សាងសង់​ប៉ម​ជួយសង្គ្រោះ​បន្ថែម នៅ​តាម​បណ្តោយ​ឆ្នេរ ចាប់ពី​ចំណុច​ផែ​៥០២​ឆ្នេរ​អូរ​ឈើទាល រហូតដល់​ឆ្នេរ​ជំទាវ​ម៉ៅ​។

លោក​អភិបាលខេត្ត ក៏​ណែ​នាំឱ្យ​ក្រុមការងារ​កាយ​យក​គល់ឈើ មែកឈើ និង​ដុំថ្ម​ចេញ​ឱ្យអស់​នៅតាម​បណ្តោយ​ឆ្នេរ និង​ធ្វើការ​ឈូសឆាយ​ខ្សាច់​ឱ្យបាន​រៀបស្មើ​ដើម្បី​លើកស្ទួយ​សោភ័ណភាព​ឆ្នេរ​ខ្សាច់ និង​សម្រាប់​ត្រៀម​បើក​ទេសចរ និង​សេដ្ឋកិច្ចសង្គម​ឡើងវិញ​នៅ​ចុងឆ្នាំ​២០២១​នេះ បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩ បាន​ធូរស្រាល​ជា​បន្តបន្ទាប់​។​

លោក ឃាង​ ភារ​ម្យ បាន​បន្តទៀតថា​ ការចុះ​កំណត់​ទីតាំង​ដើម្បី​កំណត់​ទីតាំង​ដើម្បី​យកមក​សិក្សា​ឡើងជា​ប្លង់​នៅ​ទីតាំង​នីមួយៗ​ ហើយ​ត្រូវ​ឌី​ហ្សា​ញ​រោង​ឆ្មាំសមុទ្រ​ដែល​ទាមទារ​ឱ្យមាន​កិច្ចប្រជុំ​ឆ្លង​បន្ថែមទៀត​។​

លោកបាន​បន្ត​ឱ្យដឹងថា ការបន្ថែម​ប៉ម​ឆ្មាំសមុទ្រ​នេះ ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ក្នុងការ​ត្រួតពិនិត្យ​ភ្ញៀវ​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ដែល​អញ្ជើញ​មក​កម្សាន្ត​នៅតាម​ឆ្នេរ​ ឬ​ចុះ​ហែល​ទឹក​និង​លេង​ទឹក​។​

លោកបាន​បន្ថែមថា « អីចឹង​ក្នុងករណី​ដែល​យើង​មើលទៅ​ថា​​មាន​បញ្ហា​គ្រោះថ្នាក់​ណាមួយ​គាត់​អាច​ចុះទៅ​សង្គ្រោះបាន​ទាន់ពេលវេលា​»​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏លោក ឃាង ភារ​ម្យ បានបញ្ជាក់​ថា​ យើង​ទាមទារ​ឱ្យមាន​ការសហការ​ និង​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ និង​ភ្ញៀវទេសចរ​បង្កើន​ការប្រុងប្រយ័ត្ន​ពេល​ចុះទៅ​លេង​ទឹក​នៅ​ទីតាំង​ណាមួយ​ត្រូវមាន​ពោង​ឬ​អាវ​សុ​វត្តិភាព​ហើយ​ចុះទៅ​ទីតាំង​ណា​ដែលមាន​ទឹក​ជ្រៅ​ និង​ទីតាំង​ដែលមាន​រលក​ធំៗ​ ដើម្បី​សុ​វត្តិភាព​ផ្ទាល់ខ្លួន ​ពិសេស​អ្នក​ដែល​មិនចេះ​ហែល​ទឹក​។​

គួរ​បញ្ជាក់ថា​ កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២១ ​ក្រោយ​បុណ្យ​ភ្ជុំ​មាន​ករណី​លង់ទឹកនៅ​ចំណុច​ឆ្នេរ​ជំទាវ​ម៉ៅ ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​បណ្តាលឱ្យ​មនុស្ស​៤​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​និង​ម្នាក់ទៀត​ជួយសង្គ្រោះ​បាន​ពី​ពួកគេ​ទាំង​៥​នាក់​បាន​ចុះ​លេង​ទឹកសមុទ្រ​នៅ កន្លែងកើតហេតុ​ខាងលើ​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម